ហេតុអ្វី​​លោក​ Trump យក​ការ​នាំ​ចូល​សំបក​កង់​រថយន្ត​ពី​អាស៊ី​ជា​គោលដៅ​​ក្នុង​ខែ​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក?

រូបឯកសារ៖ បុគ្គលិកម្នាក់កំពុងរៀបចំសំបកកង់ឡាននៅក្នុងរោងចក្រ Goodyear ក្នុងក្រុង Bogor ខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១០។

អ្នក​វិភាគ​និយាយ​ថា ការ​សម្រេច​របស់​សហរដ្ឋអាមេរិក​ជា​បឋម​ក្នុង​ការ​ដាក់​ពន្ធគយ​នាំ​ចូល​ពិសេស​ទៅ​លើ​សំបក​កង់​រថយន្ត​ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចំនួន ​៤ ​នៅ​អាស៊ី​ នឹង​ធ្វើ​វិស័យ​ឧស្សាហកម្ម​ក្នុង​ស្រុក​មាន​ការ​ភ្ញាក់ផ្អើល។ ការ​សម្រេច​នេះ​ជា​ការ​គាំទ្រ​ដល់​គោលជំហរ​ពាណិជ្ជកម្ម​បរទេស​ដ៏​តឹងរ៉ឹង​របស់​លោក​ប្រធានាធិបតី ​Donald Trump នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក។

ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ថា ខ្លួន​បាន​ធ្វើ«ការ​កំណត់​ជា​បឋម» ដើម្បី​ដាក់​ពន្ធគយ​ទៅ​លើ​សំបក​កង់​រថយន្ត​ដែល​ផលិត​សម្រាប់​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល។ ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ពន្ធ​គយ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​អ្នក​នាំ​ចេញ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង តៃវ៉ាន់ ថៃ និង​វៀតណាម ប្រសិន​បើ​ការ​សម្រេច​នេះ​ចូល​ជា​ធរមាន​ នៅ​ថ្ងៃ​ទី​១៤ ​ខែ​ឧសភា បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​តាម​ដាន​ជា​បន្ត​បន្ទាប់ៗ។

លោក Danny Ho អគ្គនាយក​នៃ​ក្រុមហ៊ុន​ប្រឹក្សាយោបល់​តៃវ៉ាន់ DMI សម្រាប់​វិស័យ​គីមី​ចម្រាញ​ពី​ប្រេង​បា ន​និយាយ​ក្នុង​ន័យ​ដើម​ថា «ផលប៉ះពាល់​ពី​បញ្ហា​នេះ​ គឺ​ពិត​ជា​ធំធេង​ណាស់​សម្រាប់​តៃវ៉ាន់»។

នៅ​ក្នុង​ពាក្យ​បច្ចេកទេស​ពាណិជ្ជកម្ម​ការ​នាំ​ចូល​បង្ខូច​ថ្លៃ​សំដៅ​ដល់​ការ​អនុវត្ត​ដោយ​ប្រទេស និង​ក្រុមហ៊ុន​ផលិត ​ក្នុង​ការ​ដាក់​តម្លៃ​ទំនិញ​ដែល​នាំ​ចូល​ទៅ​ក្នុង​ទីផ្សារ​បរទេស ​ឱ្យ​តិច​ជាង​តម្លៃ​ដែល​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​ ត្រូវ​ចំណាយ​នៅ​ក្នុង​ប្រទេស​ដើម។

គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ និយាយ​ថា មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ជា​បឋម​ថា អ្នក​នាំ​ចូល​ «បាន​នាំ​ចូល​បង្ខូច​ថ្លៃ» សំបក​កង់​រថយន្ត​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ការ​រក​ឃើញ​ទាំង​នេះ​ឆ្លើយតប​ទៅ​នឹង​ញត្តិ​មួយ​ ដែល​ដាក់​ដោយ​សហជីព​អាមេកាំង​មួយ​ឈ្មោះហៅ​កាត់​ថា​ USW (United Steel, Paper and Forestry, Rubber, Manufacturing, Energy, Allied Industrial and Service Workers International Union)។


ប្រទេសថៃជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ

ប្រទេស​ថៃ​នឹង​រង​ផលប៉ះពាល់ ដោយសារ​តែ​វិស័យ​ផលិត​សំបក​កង់​រថយន្ត​ដ៏​ធំ​ខុស​ប្រក្រតី​របស់​ខ្លួន។ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ​និយាយ​ថា ការ​នាំ​ចូល​សហរដ្ឋអាមេរិក​ពី​វិស័យ​ផលិត​រថយន្ត​ដែល​ដឹកនាំ​ដោយ​អ្នក​វិនិយោគ​ជប៉ុន និង​សហរដ្ឋអាមេរិក​មាន​ចំនួន​ទឹក​ប្រាក់ ១,៩៦​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៩។

លោក Richard Doner សាស្ត្រាចារ្យ​ចូលនិវត្តន៍​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ នៅ​សាកលវិទ្យាល័យ Emory ក្នុង​សហរដ្ឋអាមេរិក​ និយាយ​ថា វិស័យ​ផលិត​រថយន្ត​គឺ​ជា​វិស័យ​ផ្តល់​ការងារ​បាន​ច្រើន​បំផុត​ ក្នុង​ចំណោម​វិស័យ​ទាំង ​៥ ​របស់​ថៃ និង​បាន​ផលិត​រថយន្ត​រហូត​ដល់​ ២​លាន​គ្រឿង ​ក្នុង​មួយ​ឆ្នាំ។

លោក Doner បាន​និយាយ​ថា ពន្ធគយ​ទាំង​នេះ «អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​នេះ» ទោះ​បី​ជា​ផលិតផល​សម្រេច​ភាគច្រើន​មិន​ត្រូវ​បាន​នាំ​ចូល​សហរដ្ឋអាមេរិក​ក្តី។

លោក​បាន​និយាយថា៖ «វា​មិន​មែន​មាន​ន័យ​ថា ប្រទេស​ថៃ​ពឹងផ្អែក​ទាំង​ស្រុង​លើ​សហរដ្ឋអាមេរិក​នោះ​ទេ ប៉ុន្តែ​វា​ប្រហែល​ជា​មាន​សារៈសំខាន់ និង​ដោយសារ​តែ​សារៈសំខាន់​នៃ​វិស័យ​ផលិត​រថយន្ត​សម្រាប់​ប្រទេស​ថៃ វា​ប្រហែល​ជា​បញ្ហា​ដ៏​ធំ​មួយ»។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចុះហត្ថលេខាលើកញ្ចប់ថវិកាវិបត្តិកូវីដ១៩ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រុង Bedminster រដ្ឋ New Jersey កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។


ផល​ប៉ះពាល់​ចំពោះ​តៃវ៉ាន់

លោក Liang Kuo-yuan នាយក​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ Polaris ដែល​ស្រាវជ្រាវ​លើ​គោលនយោបាយ​នៅ​ក្នុង​ក្រុង​តៃប៉ិ​ បាន​និយាយ​ថា ក្រុមហ៊ុន​សំបក​កង់​រថយន្ត Cheng Shin Tyre និង​ក្រុមហ៊ុន Nankang Tyre គឺ​ជា​អ្នក​ផ្គត់ផ្គង់​សំបក​កង់​រថយន្ត​ទៅ​ក្រៅ​ប្រទេស​ដ៏​សំខាន់​របស់​តៃវ៉ាន់។

លោក​បាន​ប៉ាន់ស្មាន​ថា ក្រុមហ៊ុន Nankang ទទួល​បាន​ចំណូល​ចំនួន​ ៣៧%​ ពី​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក និង​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​ដាក់​ពន្ធគយ​ខ្ពស់​ ដោយសារ​តែ​រោងចក្រ​របស់​ក្រុមហ៊ុន​នេះ​ប្រមូល​ផ្តុំ​នៅ​កោះ​តៃវ៉ាន់​ច្រើន​ជាង​នៅ​ក្រៅ​ប្រទេស​ ដែល​ជា​កន្លែង​អាច​រួច​ផុត​ពន្ធគយ​បាន។

ក្រុមហ៊ុន Nankang មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើ​សុំ​អធិប្បាយ​សម្រាប់​រឿង​នេះ​ទេ។

លោក Ho និយាយ​ថា ​ក្រុម​ហ៊ុន​នាំ​ចេញ​សំបក​កង់​រថយន្ត​តៃវ៉ាន់​អាច​នឹង​មាន​ចេតនា​ទម្លាក់​តម្លៃ​ឱ្យ​នៅ​ទាប​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​ ដើម្បី​ទប់ទល់​នឹង​ការ​មិន​ផ្តល់​ការ​លើក​ទឹកចិត្ត​ពន្ធគយ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ប្រទេស​នាំ​ចេញ​ទៀតសំបក​កង់​រថយន្ត​មួយ​ទៀត គឺ​កូរ៉េ​ខាង​ត្បូង​បាន​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ឆ្នាំ២០១២។

លោក Liang បាន​និយាយ​ថា៖ «ការ​សន្និដ្ឋាន​គឺ​ថា មិន​មាន​ផលប៉ះពាល់​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​គិត​ពី​ទស្សនៈ​របស់​តៃវ៉ាន់ ប្រសិនបើ​ពួកគេ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ពិត​ជា​បាន​នាំ​ចូល​បង្ខូច​ថ្លៃ​មែន​នោះ​ វា​នឹង​មាន​គុណវិបត្តិ​ទៅ​លើ​ពាណិជ្ជកម្ម​គ្រប់​ប្រទេស​របស់​តៃវ៉ាន់​ ដែល​កំពុង​សម្រុក​ចូល​ទៅ​ក្នុង​ប្រទេស​វិញ»។

លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​ក្នុង​ក្រុង​ហូជីមិញ​ និយាយ​ថា​ ក្រុមហ៊ុន​ផលិត​វៀតណាម និង​អ្នក​ជំនួញ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​វៀតណាម​ បាន​ប្រឆាំង​នឹង​ការ​ដាក់​ពន្ធគយ​របស់​សហរដ្ឋអាមេរិក​នេះ។

លោក ​Nguyen ដែល​បាន​និយាយ​ប្រឆាំង​ខ្លះៗ​ បាន​និយាយថា៖ «ពួកគេ​មិន​ពេញ​ចិត្តនឹង​អ្វី​ដែល​ក្រសួង​កំពុង​យក​ជា​គោលដៅ​ នៅ​ក្នុង​វិស័យ​ផលិត​សំបក​កង់​រថយន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទេ។ ពួកគេ​គិត​ថា ខ្ញុំ​បាន​ធ្វើ​ការ​សម្រាប់​ក្រុមហ៊ុន​ទាំង​នេះ​អស់​រយៈពេល​យ៉ាង​យូរ ហើយ​ខ្ញុំ​ដឹង​ថា​ តើ​វា​មាន​ភាព​ស្រប​ច្បាប់​កម្រិត​ណា ​និង​តើ​វា​ល្អ​កម្រិត​ណា ដូច្នេះ​វា​មិន​មាន​ហេតុផល​ត្រឹមត្រូវ​នោះ​ទេ​ក្នុង​ការ​ដាក់​ពន្ធគយ​ខ្ពស់​ទៅ​លើ​វិស័យ​នេះ»។

ក្រសួង​ពាណិជ្ជកម្ម​និយាយ​ថា ការ​នាំ​ចេញ​សំបក​កង់​រថយន្ត​របស់​កូរ៉េ​ខាង​ត្បូង​ទៅ​កាន់​សហរដ្ឋអាមេរិក​កើន​ឡើង​ដល់ ​១,១៧​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ២០១៩ ដែល​តាម​ពី​ក្រោយ​ដោយ​វៀតណាម​ក្នុង​ទឹកប្រាក់​ ៤៦៩,៦លាន​ដុល្លារ និង​តៃវ៉ាន់​ក្នុង​ទឹក​ប្រាក់​ ៣៧៣​លាន​ដុល្លារ។

កេរដំណែល​របស់​លោក​ត្រាំ

គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង​ថា «ការ​អនុវត្ត​ដ៏​ម៉ឺងម៉ាត់» នៃ​ច្បាប់​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​គឺ​ជា «ការ​ផ្តោតអារម្មណ៍​ចម្បង» របស់​រដ្ឋបាល​លោក​ ត្រាំ។

នៅ​ក្នុង​អាណត្តិ​របស់​លោក ក្រសួង​នេះ​បាន​បើក​ការ​ស៊ើបអង្កេត​ប្រឆាំង​ការ​នាំ​ចូល​បង្ខូច​ថ្លៃ និង​ការ​វាយ​បក​តាម​រយៈ​ការ​ដាក់​ពន្ធ​គយ​ថ្មីៗ​ចំនួន​ ៣០៦ ​ករណី ដែល​នេះ​ជា​ការ​កើន​ឡើង​ ២៧៨% ​បើ​ប្រៀបធៀប​នឹង​ «រយៈពេល​ដូចគ្នា» នៅ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា។

លោក Ho និយាយ​ថា ក្នុង​រយៈពេល ​៤ឆ្នាំ​ចុងក្រោយ​នេះ​ លោក ​ត្រាំ​ បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ជាមួយ​នឹង​កាណាដា និង​ម៉ិកស៊ិក ព្រមទាំង​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ឥឡូវ​នេះ​មាន​សមាជិក​ត្រឹម​តែ​ ១១ ​ប្រទេស​ប៉ុណ្ណោះ។

លោក Ho បាន​និយាយ​បន្ថែម​ថា គោលនយោបាយ​ពាណិជ្ជកម្ម​ទូលំទូលាយ​របស់​លោក​ ត្រាំ «ច្បាស់​ណាស់» នឹង​ធ្វើ​ឱ្យ​មាន​សំណើ​ដាក់​ពន្ធគយ​លើ​វិស័យ​សំបក​កង់​រថយន្ត។

លោក Nguyen បាន​និយាយ​ថា លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden អាច​នឹង​ផ្លាស់ប្តូរ​សេចក្តីសម្រេច​ពាក់ព័ន្ធ​នឹង​ពន្ធ​គយ​នេះ។ លោក Biden នឹង​ចូល​កាន់​តំណែង​ នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​នេះ៕