ហេតុអ្វី​សហរដ្ឋ​អាមេរិក​បន្ត​យក​ចិត្ត​ទុក​លើ​បញ្ហា​ទន្លេ​មេគង្គ?

លោក Richard Cronin ​អ្នក​ស្រាវជ្រាវ​ដ៏​ជំនាញ​ខាង​ទន្លេ​មេគង្គ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​​មជ្ឈមណ្ឌល Stimson នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី «សារៈសំខាន់​នៃ​ទន្លេ​មេគង្គ និង​ជម្រើស​គោល​នយោបាយ​សហរដ្ឋ​អាមេរិក» នៅ​ទីស្នាក់ការ​របស់​មូលនិធិ​បេតិកភណ្ឌ​​​ក្នុង​រដ្ឋធានី​ Washington កាល​ពី​ថ្ងៃ​​ពុធ ទី១០ ខែ​មេសា ឆ្នាំ​ ២០១៧ ។ (សឿន វឌ្ឍនា/VOA)

អ្នក​ស្រាវជ្រាវ​ដ៏​ជំនាញ​ខាង​ទន្លេ​មេគង្គ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​និយាយ​ថា ការ​ឈឺ​ឆ្អាល​របស់​អាមេរិក​ ទៅលើ​បញ្ហា​ទន្លេ​មេគង្គ គឺជា​យុទ្ធសាស្ត្រ​មួយ​ ក្នុង​ការ​បង្អាក់​ដំណើរ​របស់​ចិន ដើម្បី​កុំ​ឲ្យ​ចិន​ពង្រីក​ខ្លួន​​ចូល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​លឿន និង​ស៊ី​ជម្រៅ​ពេក​​។

មូលនិធិ​បេតិកភណ្ឌ ឬ Heritage Foundation​ បាន​រៀប​ចំ​កិច្ច​ពិភាក្សាមួយ​ស្ដី​ អំពី​ «សារៈសំខាន់​នៃ​ទន្លេ​មេគង្គ និង​ជម្រើស​គោល​នយោបាយ​សហរដ្ឋ​អាមេរិក» កាល​ពី​ថ្ងៃពុធ ទី១០ ខែ​ឧសភា ឆ្នាំ​ ២០១៧ នៅ​ទីស្នាក់ការ​របស់​មូលនិធិ​បេតិកភណ្ឌ​ក្នុង​រដ្ឋធានី​ Washington។ អ្នក​ជំនាញ​មក​ពី​មជ្ឈមណ្ឌល Stimson និង​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​ និង​ការ​សិក្សា​អន្តរជាតិ​ ពន្យល់​ពី​មូល​ហេតុ​ដែល​សហរដ្ឋអាមេរិក​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថាន​ភាព​ទន្លេ​មេគង្គ​នេះ​។

ទន្លេ​មេគង្គ ​ហូរ​កាត់​ប្រទេស​ចិន មីយ៉ាន់ម៉ា ថៃ វៀតណាម ឡាវ និង​កម្ពុជា គឺ​ជា​ខ្សែ​ទឹក​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ពិភពលោក ទាំង​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​បរិស្ថាន។ សហរដ្ឋ​អាមេរិក​មិន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ដោយ​ផ្ទាល់​ពី​ទន្លេ​មេគង្គ​ឡើយ ក៏​ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​គោល​នយោបាយ​អន្តរជាតិ លើក​ឡើង​ថា​ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថាន​ភាព​ទន្លេ​មេគង្គ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្ដី​ពី «​សារៈសំខាន់​នៃ​ទន្លេ​មេគង្គ និង​ជម្រើស​គោល​នយោបាយ​សហរដ្ឋ​អាមេរិក» រៀប​ចំ​ដោយ​មូលនិធិ​បេតិកភណ្ឌ កាល​ពី​ថ្ងៃពុធ ទី១០ ខែ​ឧសភា ឆ្នាំ​ ២០១៧ ​នៅ​រដ្ឋធានី​ Washington លោក Richard Cronin ​អ្នក​ស្រាវជ្រាវ​ដ៏​ជំនាញ​ខាង​ទន្លេ​មេគង្គ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៃមជ្ឈមណ្ឌល Stimson បញ្ជាក់​ថា អត្ថ​ប្រយោជន៍​ដែល​អាមេរិក​ទទួល​បាន​ពី​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ស្ដី​ពី​ទន្លេ​មេគង្គ​គឺ ការ​លើក​កម្ពស់​ការ​ផ្សារភ្ជាប់​ក្នុង​តំបន់ សន្តិសុខ​ស្បៀង​ពិភពលោក និង​ការ​គាំពារ​បរិស្ថាន។

លោក Richard បាន​ប្រាប់​ VOA ថា៖ «ខ្ញុំ​គិត​ថា​អត្ថប្រយោជន៍​ដែល​រដ្ឋាភិបាល​អាមេរិក​ទទួល​បាន គឺ​គ្រាន់​តែ​ការលើក​កម្ពស់​ការ​ផ្សារ​ភ្ជាប់​ក្នុង​តំបន់ សន្តិសុខ​ស្បៀង​ពិភពលោក និង​បញ្ហា​បរិស្ថាន ជាដើម។ មិន​តែ​ប៉ុណ្ណោះ​ ក៏​លើក​កម្ពស់​ការ​ដល់​ដឹង​ពី​ចំណុច​អវិជ្ជមាន​នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ធំៗ»។​

លោក Richard ក៏​បាន​បន្ថែមថា ការ​ឈឺ​ឆ្អាល​របស់​អាមេរិក​ ទៅលើ​បញ្ហា​ទន្លេ​មេគង្គ គឺជា​យុទ្ធសាស្ត្រ​មួយ​ ក្នុង​ការ​បង្អាក់​ដំណើរ​របស់​ចិន ដើម្បី​កុំ​ឲ្យ​ចិន​ពង្រីក​ខ្លួនចូល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​លឿន និង​ស៊ី​ជម្រៅ​ពេក។

លោក Richard ថា៖ «លើស​ពី​នេះ យើង​មិន​មែន​ព្យាយាម​កំណត់​គោល​ដៅ​ទេ ប៉ុន្តែនេះ​ជា​ឧបសគ្គ​មួយ​ដល់​ការ​ពង្រីក​ខ្លួន​របស់​រដ្ឋាភិបាលចិន​ចូល​ក្នុង​តំបន់ ដោយ​យើង​មិន​ប្រើ​យុទ្ធសាស្ត្រ​ដូច​ចិន​ទេ តែ​ប្រើ​យុទ្ធសាស្ត្រ​ដែល​សម​ស្រប​តាម​វប្បធម៌​នយោបាយ​របស់​អាមេរិក។ ហើយ​គ្មាន​អ្វី​ច្រើន​ទេ​ដែល​យើង​នឹង​ទទួល​បាន ក្រៅ​ពី​ការ​លើក​កម្ពស់​ស្ថិរភាព​ និងកិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់»។

ជា​ការ​ពិត​ណាស់​ដែល​ថា ​សព្វ​ថ្ងៃ​នេះ ស្ថានភាព​ទន្លេ​មេគង្គ​ស្ថិត​ក្នុង​ភាព​ស្មុគ​ស្មាញ ព្រោះ​ប្រទេស​នីមួយ​ដែល​ជា​ម្ចាស់​ទន្លេ​មេគង្គ​ដូចជា​ចិន មីយ៉ាន់ម៉ា ថៃ វៀតណាម ឡាវ និង​កម្ពុជា​ កំពុង​ប្រើ​ប្រាស់ និង​គ្រប់គ្រង​ទន្លេ​នេះ​តាម​របៀប​ខុស​គ្នា​ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​រៀង​ខ្លួន។ ផលប្រយោជន៍​ទាំង​នោះ​រួម​មាន ទិន្នផល​នេសាទ ការ​ដាំ​ដំណាំ ការ​រុក​រក​ធន​ធាន​ធម្មជាតិ​ដូច​ជា​រ៉ែ ការ​បូម​ខ្សាច់​លក់ ការ​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍ ការ​ដឹក​ជញ្ជូន និងការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ ដើម្បី​ទាញ​យក​ថាមពល​ជាដើម។

យ៉ាង​ណា​ក៏​ដោយមូលនិធិ​បេតិកភណ្ឌបាន​កត់​សម្គាល់​លើ​បញ្ហា​នេះ ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ទោះ​បី​ជា​ប្រទេស​ទាំង​នេះ ជា​ម្ចាស់​ទន្លេ​មេគង្គ​មែន តែ​ប្រទេស​ខ្លះ​មាន​សិទ្ធិក្នុង​ការ​សម្រេចច្រើន​ជាង​ប្រទេស​ដទៃ។ ឧទាហរណ៍ ប្រទេស​ចិន​ ដែល​ជា​អ្នក​គ្រប់​គ្រង​តំបន់ទន្លេ​មេគង្គ​លើ​ មាន​សិទ្ធិទូលំទូលាយ​ក្នុង​ការ​ប្រើ​ប្រាស់​ទន្លេ​នេះ ​ច្រើន​ជាង​ប្រទេស​គ្រប់​គ្រង​តំបន់​មេគង្គ​ក្រោម។ ហើយ​ការ​សម្រេច​ចិត្ត​របស់​ចិន​ភាគ​ច្រើន ជិះ​ឥទ្ធិពល​អវិជ្ជមានដល់​បណ្ដា​ប្រទេស​គ្រប់​គ្រង​ទន្លេ​មេគង្គ​ក្រោម។

គួរ​បញ្ជាក់​ថា កិច្ច​ផ្ដួច​ផ្ដើម​តំបន់​ទន្លេ​មេគង្គ​ក្រោម ឬ Lower Mekong Initiativeបាន​បង្កើត​ឡើង​រវាង​អតីត​រដ្ឋ​មន្ត្រីក្រសួង​ការ​ប្រទេស​ លោក​ស្រី Hillary Clinton និង​រដ្ឋ​មន្ត្រី​ការ​បរទេស​ វៀតណាម ថៃ ឡាវ និង​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ​ ២០០៩ ក្នុង​ខេត្ត​ភូកេត ប្រទេស​ថៃ។ កិច្ច​ផ្ដួច​ផ្ដើម​នេះ​ ត្រូវ​បាន​គេ​បង្កើត​ឡើង ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​បរិស្ថាន សុខាភិបាល អប់រំ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​។

ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ជា​បញ្ហា​ប្រឈម​ធំ​បំផុត នៅ​លើ​ទន្លេ​មេគង្គក្នុង​ពេល​បច្ចុប្បន្ន ​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​នេសាទ ការ​ដឹក​ជញ្ជូន​ ជីវភាព​រស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន ​ប៉ះពាល់តំបន់​ដី​សណ្ដ​ក្នុង​ប្រទេស​វៀតណាម និងផល​ប៉ះពាល់​ដល់​បរិស្ថាន​ផ្សេងៗ​ទៀត​។ នេះ​បើ​តាម​ការលើក​ឡើង​របស់​អ្នក​ស្រី Amy Searight ទីប្រឹក្សា​ជាន់​ខ្ពស់ និង​ជា​នាយកកម្មវិធីប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និង​ការសិក្សា​អន្តរជាតិ។

អ្នក​ស្រី Amy Searight ទីប្រឹក្សា​ជាន់​ខ្ពស់ និង​ជា​នាយកកម្មវិធីប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និង​ការសិក្សា​អន្តរជាតិ។ ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី «សារៈសំខាន់​នៃ​ទន្លេ​មេគង្គ និង​ជម្រើស​គោល​នយោបាយ​សហរដ្ឋ​អាមេរិក» នៅ​ទីស្នាក់ការ​របស់​មូលនិធិ​បេតិកភណ្ឌ​ក្នុង​រដ្ឋធានី​ Washington កាល​ពី​ថ្ងៃពុធ ទី១០ ខែ​មេសា ឆ្នាំ​ ២០១៧ ។ (សឿន វឌ្ឍនា/VOA)



អ្នកស្រីមាន​ប្រសាសន៍​ថា​ យុទ្ធសាស្ត្រ​នៃ​កិច្ច​ផ្ដួច​ផ្ដើម​តំបន់​មេគង្គ​ក្រោម ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី ឲ្យ​ប្រទេស​ទាំងអស់​ចូល​រួម​ និង​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់ របស់​ទំនប់​វារីអគ្គិសនី និង​ចែក​រំលែកបទ​ពិសោធន៍​ពី​សហរដ្ឋ​អាមេរិក​ស្ដី​ពី​ផល​ប៉ះ​ពាល់​ទាំង​ឡាយ​ដល់​ប្រទេស​ទាំង​នោះ ដើម្បីឲ្យពួក​គេ ពិភាក្សា​គ្នា ក៏​ជាមួយ​ពិភាក្សាសហរដ្ឋ​អាមេរិក ដើម្បី​បង្កើត​យន្តការ​គ្រប់​គ្រង​ទឹក​រួមគ្នា​មួយ​ ដែលអាច​ឈាន​ទៅ​រក​ការ​ចរចា​ជា​មួយ​ប្រទេស​ចិន ដើម្បី​ឲ្យ​ចិន​ចូល​រួម​ក្នុង​យន្ត​ការ​គ្រប់គ្រង​ទឹក​រួម​នេះ​ដែរ។

ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន ចូល​ក្នុង​តំបន់​តាម​រយៈ​ ការ​ទាក់​ទង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​មួយ​ចំនួន​ដូច​ជា​កម្ពុជា និង​ឡាវ តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ឥត​សំណង ឬ​ការ​ផ្ដល់​កម្ចី​ដែល​មាន​លក្ខខណ្ឌ​ធូរ​រលុង គឺ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ទៀត​ ហើយ​ការណ៍​នេះ​ទំនង​ជា​អាចអនុញ្ញាត​ឲ្យ​ចិនធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​នៅ​លើ​ទន្លេ​មេគង្គ។ នេះ​បើ​តាមការលើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា។

​ហើយ​អ្នកស្រី​ Amy បាន​លើក​ឡើង​ពី​ដំណោះ​ស្រាយចំពោះ​បញ្ហា​នេះ​ថា៖

«ប្រសិន​បើ​អ្នក​ពង្រឹង​ប្រទេស​ម្ចាស់​ទន្លេ​មេគង្គ​មួយ​ចំនួន ដែល​ជា​ប្រទេស​ក្រីក្រ​ក្នុង​តំបន់ និង​ព្យាយាម​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ព្រំដែន ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ នោះពួក​គេ​មិន​ត្រឹម​តែ​មាន​ភាព​រឹង​មាំ​ខ្លួន​ឯង​នោះ​ទេ ថែមទាំង​មាន​ការ​ផ្សារភ្ជាប់​ដ៏​រឹង​មាំ​ក្នុង​ចំណោម​ពួក​គេ​ផង​ដែរ។ ដូច្នេះ​ក្នុង​កម្រិត​ណាមួយ ពួក​គេ​អាច​ដើរ​តួនាទី ជា​ហ្វ្រាំង​ ដើម្បី​ទប់​ការ​ជ្រាប​ចូល​នៃ​ឥទ្ធិពល​អវិជ្ជមាន​របស់​ចិន»។

អ្នកស្រី​បន្ថែម​ថា៖ «តាម​គំនិត​របស់​ខ្ញុំ​ បើ​តាម​ទ្រឹស្ដី កិច្ច​ផ្ដួច​ផ្ដើម​ទន្លេ​មេគង្គ​ក្រោម គឺ​ជា​គោល​នយោបាយ​សម​ស្របមួយ ក្នុង​ការ​ឆ្លើយ​តប​ ទៅ​នឹង​ការ​ព្រួយ​បារម្ភ​នេះ​ បើ​ទោះ​បីជា​ការ​អនុវត្ត កិច្ច​ផ្ដួចផ្ដើម​ទន្លេ​មេគង្គ​ក្រោម រាង​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​រចនាសម្ព័ន្ធ​ និង​គោល​ជំហរ​ការិយាធិបតេយ្យ។ ប៉ុន្តែ​វា​វិធីសាស្ត្រ​ដ៏​សម​ស្រប​មួយ ព្រោះ​យើង​ពិត​ជា​ត្រូវ​ការ​វិធីសាស្ត្រ​ក្នុង​តំបន់​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ»។

បើ​ទោះ​បី​ជា​កិច្ច​ផ្ដួច​ផ្ដើម​តំបន់​មេគង្គ​ក្រោម ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​គោល​នយោបាយ​អាមេរិកប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ គិត​ថា​ល្អ​ចំពោះ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ប្រឈមនៅ​លើ​ទន្លេ​មេ​គង្គ​ក៏​ដោយ​ ក៏​នៅ​មាន​សំណួរ​សំខាន់​ពីរ​ទៀត​ចោទ​សួរ​ថា តើ​រដ្ឋ​បាល​ថ្មី​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​នឹង​អនុម័ត​ថវិកា ឲ្យ​ទៅ​ក្រសួង​ការ​បរទេស​ ដើម្បី​ទ្រទ្រង់កិច្ច​ផ្ដួច​ផ្ដើម​តំបន់​មេគង្គ​ក្រោម​នេះ​បន្ត​ទៀត​ដែរ​ឬទេ? ហើយ​ថា​តើ​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ទំនប់​វារីអគ្គិសនី ​ព្រម​បញ្ឈប់​កម្មវិធី​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​របស់​ខ្លួន​ដែរ​ឬទេ?

​លោក Regard គិត​ថា ​រឿង​ទី​មួយ​គឺជា​រឿង​ពិបាក​នឹង​កើត​ឡើង​ណាស់ ព្រោះ​រដ្ឋបាល​លោក​ត្រាំ​បច្ចុប្បន្ន​មាន​គម្រោង​កាត់​ថវិកា​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ពី​ក្រសួង​ការ​បរទេស។ ហើយថា​តើ​ឡាវ​ព្រមលះ​បង់​មហិច្ឆតា ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយ​ជា​អាគុយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ​ឬទេ? លោក​ Rechard ឆ្លើយ​ថា នេះ​ក៏​ជា​រឿង​ពិបាក​ដែរ​ ប៉ុន្តែ​ឡាវ​អាច​នឹង​បោះ​បង់​ចោល​គំនិត​នេះ បើ​សិន​ជា​គ្មាន​អ្នក​វិនិយោគ ឬ​ការ​វិនិយោគ បង្ក​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ាច្រើន​ឡើង និង​ខ្លាំង​ឡើង​ ពី​សកម្ម​ជន​បរិស្ថាន និងពី​ប្រជាពលរដ្ឋ​ដែល​បាត់​បង់​ដី​ធ្លី​ដោយ​សារ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ទាំង​នេះ​៕