គម្រោងរបស់សហរដ្ឋអាមេរិកនៅក្នុងការបញ្ជូននាវាល្បាតសមុទ្ររបស់ខ្លួនទៅកាន់ដែនទឹកដែលនាវាចិនឧស្សាហ៍ធ្វើចរាចរញឹកញាប់នោះ នឹងបង្ហាញអំពីការតាំងចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្នុងការទប់ទល់នឹងការពង្រីកដែនសមុទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដោយមិនចាំបាច់ធ្វើឲ្យមានជម្លោះស្រួចស្រាល់ណាមួយជាមួយចិន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគមួយចំនួន។
កងកម្លាំងឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិកមាន «មូលដ្ឋាននៅក្នុងកំពង់ផែជាយុទ្ធសាស្រ្ត និងផ្តល់លទ្ធភាពបានប្រសើរដល់កងនាវា Fast Response Cutters» នៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក និង «ប្រទេសដៃគូនានានៅក្នុងតំបន់»។ នេះបើតាមការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៣ ខែតុលា របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien។
អ្នកនាំពាក្យទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បាននិយាយកាលពីពេលថ្មីៗនេះថា ពេលវេលាជុំវិញរឿងនេះកំពុងត្រូវបានគេគិតគូរនៅឡើយ។
នាវាល្បាតរបស់កងកម្លាំងឆ្មាំសមុទ្រអាមេរិកនឹងធ្វើការត្រួតពិនិត្យលើសកម្មភាពនេសាទណាមួយដែលគ្មានការអនុញ្ញាត ដែលមិនបានជូនដំណឹង ឬមិនស្របតាមបទបញ្ញត្តិ ដែល «គំរាមកំហែងដល់អធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក ក៏ដូចជាអធិបតេយ្យភាពរបស់ប្រទេសជិតខាងនានានៅក្នុងតំបន់ប៉ាស៊ីហ្វិក និងបង្កគ្រោះថ្នាក់ដល់ស្ថិរភាពនៅក្នុងតំបន់ផងដែរ»។
ប្រទេសចិនមានកងនាវានេសាទដែនសមុទ្រឆ្ងាយដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក ហើយនាវាល្បាតរបស់ខ្លួនតែងតែមិនបានតាមដានមើលសកម្មភាពរបស់នាវានេសាទទាំងនោះគ្រប់ពេលនោះទេ។ នេះបើតាមការបញ្ជាក់របស់មេបញ្ជាការកងកម្លាំងឆ្មាំសមុទ្រសហរដ្ឋអាមេរិកលោកឧត្តមនាវីឯក Karl Schultz កាលពីខែតុលា។ លោកបានបន្ថែមថា គម្រោងរបស់សហរដ្ឋអាមេរិកគឺមិនមែនទាក់ទិនតែរឿងនេសាទនោះទេ។
អ្នកជំនាញមួយចំនួនជឿថា ការបង្កើននូវសកម្មភាពល្បាតតាមសមុទ្ររបស់សហរដ្ឋអាមេរិកនឹងបង្ហាញដល់ប្រទេសចិនថា សហរដ្ឋអាមេរិកតាំងចិត្តក្នុងការត្រួតពិនិត្យនូវសកម្មភាពរបស់ប្រទេសចិនជាទូទៅដោយមិនប្រឈមឲ្យមានជម្លោះដូចនាវាទាហានជើងទឹករបស់សហរដ្ឋអាមេរិកនោះទេ។ គេយល់ឃើញជាទូទៅថា នាវាល្បាតសមុទ្ររបស់សហរដ្ឋអាមេរិកមានលក្ខណៈបែបការពារខ្លួន ចំណែកឯនាវាទាហានជើងទឹកអាមេរិកវិញមានលក្ខណៈបែបវាយប្រហារ។
លោក Alan Chong សាស្ត្រាចារ្យនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី បាននិយាយថា៖ «នាវាល្បាតសមុទ្រមានលក្ខណៈស្លូតជាងនាវាទាហានជើងទឹករបស់សហរដ្ឋអាមេរិក ប៉ុន្តែវាក៏បង្ហាញអំពីការតាំងចិត្តនៅក្នុងការប្រឈមជាមួយនឹងចិនផងដែរ។
លោកបានបន្តថា៖ «ការប្រើនាវាល្បាតសមុទ្រនេះគឺជាវិធីមួយនៅក្នុងការបង្ហាញវត្តមានរបស់ខ្លួនដោយមិនបង្កឲ្យមានហានិភ័យនៃឧបទ្ទវហេតុបាញ់បោះដាក់គ្នារវាងកម្លាំងទាហានជើងទឹកនៃប្រទេសទាំងពីរ»។
រដ្ឋាភិបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលមានជម្លោះមួយចំនួនជាមួយប្រទេសចិន ដែលជាអតីតគូសត្រូវក្នុងសម័យសង្គ្រាមត្រជាក់ បានបង្កើនចរាចរណ៍នាវាឆ្លងកាត់រយៈពេលខ្លីនៅក្នុងដែនសមុទ្រដែលចិនមានជម្លោះជាមួយកោះតៃវ៉ាន់ នឹងប្រទេសអាស៊ីអាគ្នេយ៍ ៤ ផ្សេងទៀត។
សហរដ្ឋអាមេរិកបានលក់អាវុធទៅឲ្យប្រទេសមួយចំនួនដែលជាគូសត្រូវរបស់ប្រទេសចិននៅក្នុងជម្លោះដែនសមុទ្រនោះ និងបានបង្កើនកិច្ចសហប្រតិបត្តិការដែនសមុទ្រក្នុងទ្វីបអាស៊ីជាមួយសម្ព័ន្ធមិត្តបស្ចិមប្រទេសនានាដូចជាប្រទេសជប៉ុនជាដើម។
លោកJoe Biden ដែលត្រូវបានគេសន្មត់ថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក នឹងរក្សាការដាក់សម្ពាធលើប្រទេសចិន បន្ទាប់ពីលោកចូលកាន់តំណែងនៅដើមឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគមួយចំនួន។
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់ កំពុងប្រជែងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីគ្រប់គ្រងដែនទឹកដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
ដោយមានកម្លាំងយោធារបស់ខ្លួនដែលជាកម្លាំងយោធាខ្លាំងបំផុតទី ៣ លើពិភពលោក ប្រទេសចិនបានធ្វើឲ្យប្រទេសគូជម្លោះផ្សេងទៀតមានការខឹងសម្បារចាប់តាំងពីឆ្នាំ ២០១០ មក ដោយបានចាក់ដីបំពេញកូនកោះតូចៗ ដែលក្នុងករណីខ្លះគឺដើម្បីប្រើប្រាស់សម្រាប់ផ្នែកយោធា។
កាលពីខែកញ្ញាកន្លងទៅនេះ នាវាល្បឿនលឿន ៣ គ្រឿងរបស់កម្លាំងឆ្មាំសមុទ្រអាមេរិក បានទៅដល់កោះ Guam ដើម្បីជំនួសនាវាចាស់ៗនៅទីនោះ។ នេះបើតាមការលើកឡើងរបស់លោក Karl Schultz នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី ២០ ខែតុលា នៅមជ្ឈមណ្ឌលសារព័ត៌មានបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
កោះ Guam មានទីតាំងស្ថិតនៅជិតទ្វីបអាស៊ីជាង បើប្រៀបធៀបជាមួយកំពង់ផែនានារបស់សហរដ្ឋអាមេរិក។ នាវាល្បាតរបស់កងកម្លាំងឆ្មាំសមុទ្រអាមេរិកនឹងផ្តល់ «ការបង្កើនសមត្ថភាពនិងរង្វង់ចម្ងាយដ៏សំខាន់ដើម្បីទប់ទល់នឹងសកម្មភាពខុសច្បាប់ ធ្វើការស្រាវជ្រាវនិងជួយសង្គ្រោះ និងពង្រឹងភាពជាដៃគូក្នុងតំបន់»។ នេះបើតាមការបញ្ជាក់របស់លោក Schultz នៅក្នុងសុន្ទរកថារបស់លោក។
លោក Schultzបានបន្ថែមថា កងនាវានេសាទដែនសមុទ្រឆ្ងាយរបស់ចិន មាននាវាជាង ៤.៦០០ គ្រឿង។
កម្លាំងឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិកមិនមានអ្វីចម្លែកទេសម្រាប់ទ្វីបអាស៊ី។ កាលពីឆ្នាំមុន នាវាល្បាតសមុទ្រ Stratton និង Bertholf បានចំណាយពេល ១០ ខែ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដើម្បីត្រួតពិនិត្យមើលទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសកូរ៉េខាងជើង និងដើម្បី «កសាងសមត្ថភាព» ជាមួយកងនាវាមកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់លោក Schultz។
បុគ្គលិករបស់កងកម្លាំងឆ្មាំសមុទ្រសហរដ្ឋអាមេរិកក៏កំពុងបង្កើនការតាំងចិត្តរបស់ខ្លួនជាមួយប្រទេសវៀតណាមផងដែរ ខណៈដែលប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍មួយនេះសង្ឃឹមថានឹងពង្រីកការល្បាតតាមដែនសមុទ្ររបស់ខ្លួនឲ្យបាន ៥ ដងលើសពីមុន។ នេះបើតាមការបញ្ជាក់របស់លោក Schultz។
ប្រទេសវៀតណាមតែងប៉ះទង្គិចជាប្រចាំជាមួយប្រទេសចិនទាក់ទិននឹងបញ្ហាអធិបតេយ្យភាពដែនសមុទ្រ ជាពិសេសតំបន់ដែនសមុទ្រដែលមានប្រេង។
លោក Schultz បន្តទៀតថា នាវាល្បាត Munro របស់កងកម្លាំងឆ្មាំសមុទ្រអាមេរិក បានចូលរួមក្នុងសមយុទ្ធនាវាជើងទឹកតំបន់ប៉ាស៊ីហ្វិកឆ្នាំ ២០២០ កាលពីខែសីហា ជាមួយប្រទេសចំនួន ៩ ផ្សេងទៀតដើម្បីពង្រឹងទំនាក់ទំនងដែលមាន «សារៈសំខាន់ក្នុងការធានានូវសុវត្ថិភាពផ្លូវធ្វើដំណើរតាមសមុទ្រ និងសន្តិសុខរបស់មហាសមុទ្រនានានៅលើពិភពលោក»។
ប្រទេសចិននៅមិនទាន់ឆ្លើយតបនៅឡើយទេចំពោះគម្រោងរបស់សហរដ្ឋអាមេរិកនោះ ប៉ុន្តែវិបសាយព័ត៌មាន China Daily របស់រដ្ឋាភិបាលចិន បានបញ្ជាក់កាលពីខែសីហាថា នាវាល្បាតសមុទ្រ ២ គ្រឿងរបស់ចិនបានធ្វើដំណើរចូលទៅតំបន់ប៉ាស៊ីហ្វិកខាងជើងដើម្បី «បង្ក្រាបការនេសាទខុសច្បាប់» នៅទីនោះ។ ប្រទេសចិនបានបញ្ជូននាវាល្បាតសមុទ្ររបស់ខ្លួនទៅកាន់តំបន់នោះចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។
កងកម្លាំងឆ្មាំសមុទ្ររបស់ចិនបានលើកឡើងពីការជួយសង្រ្គោះបែបមនុស្សធម៌ដើម្បីជា «លេស» សម្រាប់ខ្លួនធ្វើសកម្មភាពយោធាតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក Alan Chong។ ប៉ុន្តែជាទូទៅ ចិនបានទុកនាវាទាហានជើងទឹករបស់ខ្លួនឲ្យនៅឆ្ងាយពីដែនទឹកដែលមានជម្លោះ។
លោក Eduardo Araral សាស្ត្រាចារ្យនៅមហាវិទ្យាល័យគោលនយោបាយសាធារណរៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) បានឲ្យដឹងថា៖ «ប្រទេសចិនមិនបាន យកនាវាទាហានជើងទឹករបស់ខ្លួនមកដាក់នៅពីមុខនោះទេ។ ដូច្នះ ខ្ញុំគិតថា សហរដ្ឋអាមេរិកកំពុងរៀនតាមប្រទេសចិនដែរ ដែលមិនចង់ដាក់នាវាទាហានជើងទឹករបស់ខ្លួននៅពីមុខកងកម្លាំងល្បាតការពារ។ ម្យ៉ាងទៀត ដោយសារវាមើលទៅមិនស៊ីគ្នា បានជាសហរដ្ឋអាមេរិកអាចដាក់នាវាល្បាតសមុទ្ររបស់ខ្លួនទៅវិញ»។
«កងកម្លាំងល្បាតការពារ» នៅពេលនេះគឺចង់សំដៅលើកងនាវានេសាទរបស់ចិន ដែលមានទំហំធំខ្លាំង ដែលប្រទេសជាច្រើនយល់ឃើញថា ការធ្វើដូច្នេះគឺប្រៀបដូចជាការបង្ហាញនូវកម្លាំងយោធារបស់ចិនអញ្ចឹង។
ឆ្មាំល្បាតសមុទ្រនៅជុំវិញពិភពលោក ជាទូទៅបំពេញការងារគ្រាន់តែដើម្បីការពារតំបន់ឆ្នេរនិងតំបន់សមុទ្រជិតៗតែប៉ុណ្ណោះ។ ការល្បាតរបស់សហរដ្ឋអាមេរិកនៅតាមសមុទ្រដែលឆ្ងាយពីដែនទឹករបស់ខ្លួន នៅទីបំផុតអាចធ្វើឲ្យមានចម្ងល់ផ្លូវច្បាប់ ប្រសិនបើការល្បាតនោះធ្វើឡើងក្នុងរង្វង់ឆ្ងាយពេក។ នេះបើតាមការបញ្ជាក់របស់លោក Derek Grossman អ្នកវិភាគជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Rand Corporation នៅក្នុងសហរដ្ឋអាមេរិក។
លោក Derek Grossman បញ្ជាក់ថា៖ «ប្រសិនបើអាចទៅរួចនោះ វាជាគំនិតមួយដ៏ល្អអស្ចារ្យ»។
លោកបន្ថែមដូច្នេះថា៖ «ខ្ញុំគិតថា ប្រសិនបើប្រទេសចិនបង្កើនការប្រើប្រាស់ឆ្មាំសមុទ្រនិងកងនាវាល្បាតការនេសាទ គឺឆ្មាំសមុទ្រទល់នឹងឆ្មាំសមុទ្រក្នុងកម្រិតដូចពេលនេះ នោះប្រហែលជារឿងមួយដែលប្រសើរក្នុងការជៀសវាងការធ្វើឲ្យឡើងកម្តៅ [ដែលអាចឈានទៅដល់ការមានជម្លោះ]៕
ប្រែសម្រួលដោយជ្រា វណ្ណរិទ្ធ