ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងជំរុញទៅមុខនូវការជជែកដេញដោលមួយដែលគេមិនធ្លាប់បានគិតពីមុនអំពីថាតើប្រទេសរបស់លោកគួរមានអាវុធនុយក្លេអ៊ែរឬក៏អត់ ដែលនេះគឺជាវិធានការមួយដែលនឹងធ្វើឱ្យមានការផ្លាស់ប្ដូរដល់សម្ពន្ធភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង និងធ្វើឱ្យក្រឡាប់ចាក់ដល់កម្លាំងថាមពលសន្តិសុខនៅក្នុងតំបន់។
កាលពីពេលថ្មីៗនេះ លោក Yoon បានស្នើក្នុងអំឡុងពេលសន្និសីទកាសែតស្ដីពីគោលនយោបាយមួយថា ប្រទេសកូរ៉េខាងត្បូងអាចមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ប្រសិនបើស្ថានភាពសន្តិសុខជាមួយនឹងប្រទេសកូរ៉េខាងជើងកាន់តែអាក្រក់ឡើង។
ការលើកឡើងរបស់លោក Yoon នេះបានធ្វើឡើងក្នុងរបៀបដែលស្ទើរតែគ្មានការព្រាងទុកនិងត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃសេនារីយ៉ូអាក្រក់បំផុតដែលអាចកើតឡើង។ ជំនួយការរបស់លោកបានអះអាងភ្លាមៗថា ប្រទេសកូរ៉េខាងត្បូងនឹងមិនងាកចេញពីការតាំងចិត្តរបស់ខ្លួននៅក្រោមសន្ធិសញ្ញានៃការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក Yoon នេះគឺជាការលើកឡើងដែលមិនធ្លាប់ឃើញពីមុនមក យ៉ាងហោចណាស់នៅក្នុងរយៈពេលតាំងពីពេលដែលប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រទេសប្រជាធិបតេយ្យមក។
លោក Cheong Seong-chang អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Sejong ដែលជាអង្គការស្រាវជ្រាវគោលនយោបាយការបរទេសមិនពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយនៅក្រៅរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា៖ «នេះជាការវិវត្តន៍ដ៏សំខាន់បំផុតមួយ។ រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងមិនដែលពិចារណាអំពីរឿងអាវុធនុយក្លេអ៊ែរឯករាជ្យណាមួយទេ សូម្បីតែចាត់ទុកវាថាជា «ផែនការទីពីរ» ក៏ដោយ»។
សម្រាប់លោក Yoon ការនិយាយអំពីរឿងអាវុធនុយក្លេអ៊ែរបានក្លាយជាលំនាំមួយ។
នៅពេលលោកជាបេក្ខជនឈរឈ្មោះជាប្រធានាធិបតីកាលពីចុងឆ្នាំ ២០២១ លោក Yoon បាននិយាយថា លោកនឹងពិចារណាអំពីការស្នើឱ្យមានការដាក់ពង្រាយឡើងវិញនូវអាវុធនុយក្លេអ៊ែរកលយុទ្ធរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដកចេញកាលពីដើមទសវត្សរ៍ ១៩៩០។
កាលពីពេលថ្មីៗនេះ លោកក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងកំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ដែលលោកប្រមើលមើលឃើញថានៅទីបំផុតនឹងមានឥទ្ធិពលដូចទៅនឹង «ការចែករំលែកនុយក្លេអ៊ែរ» បែបអង្គការអូតង់ (NATO) ដូច្នេះដែរ។
ហេតុផលជំរុញទឹកចិត្តរបស់លោក Yoon ពេលខ្លះមានលក្ខណៈត្រង់ៗតែម្ដង។
កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានបង្ហាញឥរិយាបថបែបគំរាមកំហែងកាន់តែញឹកញាប់ជាងមុន ហើយស្របពេលនោះដែរប្រឹងប្រែងបង្កើនយ៉ាងលឿននូវបរិមាណអាវុធនុយក្លេអ៊ែររបស់ខ្លួន។
នៅក្នុងសុន្ទរកថាឆ្នាំថ្មី មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានសន្យាបង្កើន «ឱ្យបានកាន់តែលឿន» នូវបរិមាណអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
មនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងជឿថា រចនាសម្ព័ន្ធនៃសម្ពន្ធភាពរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅពេលបច្ចុប្បន្នត្រូវការពង្រឹងឡើងដើម្បីប៉ះប៉ូវជាមួយនឹងការគំរាមកំហែងកើនឡើងរបស់កូរ៉េខាងជើង។ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទាំងនេះ ពួកគេចង់ឃើញមានការបង្ហាញនូវកម្លាំងយោធារបស់សម្ពន្ធភាពកាន់តែធំជាងមុន ដែលក្នុងនោះរួមទាំងជាមួយនឹងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកផងដែរ។
ក្នុងកម្រិតធំជាងនេះ គេក៏ឃើញមានក្ដីបារម្ភផងដែរអំពីភាពឋិតថេររបស់ការតាំងចិត្តផ្នែកការពាររបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងត្បូង ជាពិសេសដោយសារតែមានភាពចលាចលនយោបាយនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះនិងប្រជាប្រិយភាពនៃអ្វីដែលហៅថាជាគោលគំនិតនៃគោលនយោបាយការបរទេស «ផ្ដល់អាទិភាពដល់សហរដ្ឋអាមេរិកជាមុន»។
កម្លាំងជំរុញទាំងនេះបានជួយពន្យល់ឱ្យឃើញអំពីរលកកើនឡើងនៃអ្នកសិក្សាស្រាវជ្រាវនិងអតីតមន្ត្រីនានាដែលនៅពេលបច្ចុប្បន្ននេះគាំទ្រជាសាធារណៈឱ្យប្រទេសកូរ៉េខាងត្បូងអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។
តើលោក Yoon ចង់បានអ្វី?
អ្នកវិភាគនានាមានការខ្វែងគំនិតគ្នាលើអ្វីដែលលោក Yoon ចង់សម្រេចឱ្យបានទាក់ទិននឹងការលើកឡើងរបស់លោករឿងអាវុធនុយក្លេអ៊ែរនេះ។ អ្នកវិភាគមួយចំនួនតូចជឿថា ប្រទេសកូរ៉េខាងត្បូងនឹងបន្តសម្រេចឱ្យបាននូវអាវុធនុយក្លេអ៊ែរ យ៉ាងហោចណាស់នៅពេលឆាប់ៗខាងមុខនេះ ដោយសារតែមានហានិភ័យដ៏ធំផ្នែកសេដ្ឋកិច្ចនិងសន្តិសុខដែលនឹងកើតឡើងជាមួយនឹងវិធានការនេះ។
ផ្ទុយទៅវិញ លោក Yoon អាចប្រើបញ្ហានេះដើម្បីបញ្ជូនសារដ៏ខ្លាំងក្លាមួយទៅកាន់កូរ៉េខាងជើង ឬក៏ ដើម្បីបំពេញចិត្តសម្ពន្ធមិត្តអភិរក្សនិយមរបស់លោកដែលគាំទ្រវិធីសាស្ត្របែបខ្លាំងក្លាចំពោះរដ្ឋាភិបាលកូរ៉េខាងជើង។
អតីតមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងមួយចំនួនបានអំពាវនាវឱ្យប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសផលិតថាមពលនុយក្លេអ៊ែរដ៏ចម្បងមួយរូចទៅហើយ បង្កើនសមត្ថភាពរបស់ខ្លួននៅក្នុងការសម្រេចឱ្យបាននូវអាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសនេះសម្រេចធ្វើដូច្នេះ។ អ្នកវិភាគមួយចំនួនបានកត់សម្គាល់ថា ការលើកឡើងរបស់លោក Yoon ប្រហែលជារៀបចំឡើងដើម្បីធ្វើឱ្យគោលគំនិតនេះល្មមអាចទទួលយកបាននៅទីបំផុត។
ប៉ុន្តែ ការពន្យល់ដែលមានលក្ខណៈជាក់ច្បាស់បំផុតគឺថា លោក Yoon ចង់ដាក់សម្ពាធជាសាធារណៈឱ្យសហរដ្ឋអាមេរិកផ្ដល់ការធានាផ្នែកការពារឱ្យបានខ្លាំងក្លាជាងមុន។ នេះបើយោងតាមការបញ្ជាក់របស់លោក Go Myung-hyun អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយ (Asan Inistute for Policy Studies) នៅក្នុងទីក្រុងសេអ៊ូល។
លោក Go បាននិយាយដូច្នេះថា៖ «ខ្ញុំគិតថា លោក Yoon ចង់ឱ្យរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផ្ដល់វិធានការពង្រឹងបន្ថែមទៀតសម្រាប់ការកម្លារារាំង។ លោកចង់បង្ហាញឱ្យឃើញថាលោកគិតគូរម៉ឺងម៉ាត់កម្រិតណាអំពីការគំរាមកំហែងរបស់កូរ៉េខាងជើង»។
នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានឯកភាពគ្នានៅក្នុងការបង្កើនការធ្វើសមយុទ្ធយោធារួមគ្នានិងនៅក្នុងការដាក់ពង្រាយកាន់តែញឹកញាប់ជាងមុននូវយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកដែលមានសមត្ថភាពអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរបាននិងនាវាដឹកយន្តហោះទៅកាន់តំបន់។
កាលពីពេលថ្មីៗនេះ យោធាកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធ «ទ្រង់ទ្រាយតូច» ជាមួយនឹងសហរដ្ឋអាមេរិកដែលក្នុងនោះរួមមានទាំងសេនារីយ៉ូដែលកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរផងដែរ បើទោះបីជាមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថាគំនិតនៃ «ការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា» នឹងមិនលើកយកមកពិភាក្សាក៏ដោយ។
សម្រាប់អ្នកខ្លះនៅក្នុងប្រទេសកូរ៉េខាងត្បូង ជំហានទាំងនេះគឺមិនគ្រប់គ្រាន់នោះទេ។ ពួកគេអះអាងថា កូរ៉េខាងត្បូងគួរតែមានតួនាទីធំជាងមុននៅក្នុងការរៀបចំផែនការនិងការធ្វើប្រតិបត្តិការកងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ កូរ៉េខាងត្បូងប្រហែលជាមិនដែលពេញចិត្តទាំងស្រុងនោះទេ ដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកគឺជាអ្នកសម្រេចចុងក្រោយអំពីការប្រើអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងសេនារីយ៉ូណាមួយនោះ។
តើអ្វីនឹងកើតឡើងបន្ទាប់?
បើទោះបីជាលោក Yoon ប្រហែលជាគិតថា ការលើកឡើងជាសាធារណៈអំពីជម្រើសនុយក្លេអ៊ែរនឹងបង្ខំឱ្យសហរដ្ឋអាមេរិកផ្ដល់ការធានាបន្ថែមទៀតផ្នែកសន្តិសុខក៏ដោយ ក៏ «វាទំនងជានឹងមានលទ្ធផលផ្ទុយពីនេះទៅវិញដោយធ្វើឱ្យទំនាក់ទំនង [រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក] មានភាពតានតឹង»។ នេះបើតាមការបញ្ជាក់របស់លោក Eric Brewer អតីតមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន។
លោក Brewer ដែលនៅពេលបច្ចុប្បន្ននេះធ្វើការនៅវិទ្យាស្ថានផ្នែកគំរាមកំហែងនុយក្លេអ៊ែរ (Nuclear Threat Initiative) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិក «គួរតែធ្វើឱ្យមានតុល្យភាពឱ្យបានរឹងមាំរវាងការបិទទ្វារចរចាបន្ថែមណាមួយអំពីការបំពាក់អាវុធនុយក្លេអ៊ែរដល់កូរ៉េខាងត្បូង និងការបញ្ចៀសនូវការបែកបាក់ជាសាធារណៈជាមួយនឹងកូរ៉េខាងត្បូង»។
លោក Brewer បានលើកឡើងដូច្នេះថា៖ «សហរដ្ឋអាមេរិកគួរតែបញ្ជាក់ឱ្យបានច្បាស់ជាសាធារណៈថា ខ្លួននឹងមិនគាំទ្រឱ្យកូរ៉េខាងត្បូងមានអាវុធនុយក្លេអ៊ែរ និងថាទាំងរដ្ឋាភិបាលអាមេរិកនិងទាំងរដ្ឋាភិបាលកូរ៉េខាងត្បូងផ្ដោតលើកិច្ចប្រឹងប្រែងរួមគ្នាជាបន្តដ៏ពិតប្រាកដនៅក្នុងការពង្រឹងសម្ពន្ធភាព»។
លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកគួរតែជំរុញជាលក្ខណៈឯកជនផងដែរថា ការលើកឡើងដូចនេះ [របស់លោក Yoon] អំពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរគឺមានលទ្ធផលផ្ទុយពីការរំពឹងទុកទាំងចំពោះការដោះស្រាយជាមួយនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងនិងទាំងចំពោះកិច្ចប្រឹងប្រែងនៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនិងការពង្រីកបន្ថែមនូវវិធីសាស្ត្រកម្លារារាំង»។
លោក Brewer បានថ្លែងបន្តថា ប្រសិនបើកូរ៉េខាងត្បូងបន្តសម្រេចឱ្យបាននូវអាវុធនុយក្លេអ៊ែរ ប្រទេសនេះអាចនឹងធ្វើឱ្យសម្ពន្ធភាពរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិកមានភាពប្រេះស្រាំ។
លោកបានបន្ថែមដូច្នេះថា៖ «គំនិតដែលថាប្រសិនបើកូរ៉េខាងត្បូងអាចបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យអនុញ្ញាតឱ្យខ្លួនមានអាវុធនុយក្លេអ៊ែរ នោះអ្វីៗនឹងបានប្រសើរនោះ គឺជាការយល់ខុស។ វានៅតែអាចប្រឈមនឹងការដាក់ទណ្ឌកម្មដែលតម្រូវឱ្យមានការយល់ព្រមពីសភា ដែលជាការបញ្ចប់ជាក់ស្ដែងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់កម្មវិធីថាមពលនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន និងអាចប្រឈមនឹងការឆ្លើយតបខ្លាំងក្លាពីប្រទេសចិន»។
ប៉ុន្តែ ប្រសិនបើប្រទេសកូរ៉េខាងជើងបន្តការបាញ់សាកល្បងមីស៊ីលបែបបង្កហេតុរបស់ខ្លួននិងការសាកល្បងសព្វាវុធផ្សេងៗទៀត លោក Yoon នឹងនៅតែមានអារម្មណ៍រងសម្ពាធឱ្យធ្វើបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក Go នៃវិទ្យាស្ថាន Asan។
លោក Go និយាយដូច្នេះថា៖ «មានកត្តាពីរដែលរឿងរ៉ាវអាចមានភាពអាក្រក់ជាងមុនសម្រាប់ប្រទេសកូរ៉េខាងត្បូង។ កត្តាទីមួយគឺការគំរាមកំហែងរបស់កូរ៉ខាងជើងកាន់តែខ្លាំងឡើង ឧទាហរណ៍ដូចជាការបង្កើនយ៉ាងលឿននូវបរិមាណអាវុធនុយក្លេអ៊ែរនិងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប (ICBM) ជាដើម។ ហើយកត្តាទីពីរគឺយុទ្ធសាស្ត្រឆ្លើយតបរបស់សហរដ្ឋអាមេរិកមានលក្ខណៈមិនគ្រប់គ្រាន់»៕
អ្នកស្រី Lee Juhyun រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន