តើ​ហេតុអ្វី​បាន​ជា​ចិន​និង​ម៉ាឡេស៊ី​ដែល​ជា​មិត្ត​ចាស់​ខ្វែង​គំនិត​គ្នា​ភ្លាមៗ​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ?

  • Ralph Jennings

រូប​ឯកសារ៖ កប៉ាល់​បូម​ខ្សាច់​របស់​ចិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ផ្ទៃ​ទឹក​នៅ​ជុំវិញ​កោះ Mischief Reef ក្នុង​ប្រជុំ​កោះ​មាន​ជម្លោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ចិន​និង​ម៉ាឡេស៊ី ដែល​ជា​មិត្ត​ចាស់​នឹង​គ្នា​ មាន​ទំនាក់ទំនង​វិនិយោគ​និង​ពាណិជ្ជកម្ម​ដ៏​ស្មុគស្មាញ។ ឥឡូវ​នេះ​ប្រទេស​ទាំង​ពីរ​កំពុង​ខ្វែង​គំនិត​គ្នា​លើ​សិទ្ធិ​របស់​ម៉ាឡេស៊ី​ក្នុង​ការ​ពង្រីក​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ ដែល​សម្បូរ​ដោយ​ធនធាន​ប្រេង​ឥន្ធនៈ។

កាល​ពី​ថ្ងៃទី១២ ខែធ្នូ ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ​បាន​ដាក់​ឯកសារ​ជូន​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​កំណត់​ដែន​ឆ្នេរ​ជាប់​សមុទ្រ​ អំពី​ផែនការ​ពង្រីក​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ហួស​ចម្ងាយ​៣៧០គីឡូម៉ែត្រ​ចេញ​ពី​ខ្សែ​បន្ទាត់​គោល​របស់​ខ្លួន។ ឯកសារ​នោះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពាក្យស្នើសុំ​ដែល​ម៉ាឡេស៊ី​និង​វៀតណាម​បាន​ធ្វើ​ឡើង​កាលពី​១០ឆ្នាំ​មុន​ និង​ធ្វើ​ឱ្យ​មាន​ការ​ប្រឆាំង​ពី​ស្ថាន​បេសកកម្ម​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។ ចិន​ទាមទារ​ចំណែក​ប្រមាណ​៩០%​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ ​

អ្នក​វិភាគ​និយាយ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​របស់​លោក​នាយករដ្ឋមន្ត្រី Mahathir Mohamad កំពុង​ពិនិត្យ​មើល​សិទ្ធិ​ចូល​ក្នុង​ដែន​សមុទ្រ​របស់​ប្រទេស​នេះ ដោយ​ធ្វើ​ការ​តាមដាន​ចំពោះ​ការ​អះអាង​ណា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយសារ​តែ​ប្រទេស​ផ្សេងៗ​កំពុង​តែ​ធ្វើ​ការ​ប្រឆាំង​នឹង​ការ​បង្កើន​ការ​កាន់កាប់​របស់​ចិន​ទៅ​លើ​ដែនសមុទ្រដែរ​នៅ​ពេល​នេះ។ ជាក់ស្តែង សហរដ្ឋអាមេរិកបាន​ប្រឆាំង​នឹង​ការ​ពង្រីក​ដែន​សមុទ្រ​របស់​ចិន ហើយ​ដោយសារ​មូលហេតុ​នេះ​ហើយ​បាន​ជា​សហរដ្ឋអាមេរិក​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា​ទៅ​ឱ្យ​ប្រទេស​ដែល​ប្រជែង​នឹង​ចិន​នៅ​អាស៊ី។

ទោះ​ជា​ម៉ាឡេស៊ី​មិន​លើក​ឡើង​ចំៗ​ពី​ឈ្មោះ​របស់​ចិន​ក៏​ដោយ ក៏​ការ​ប្រឆាំង​របស់​ម៉ាឡេស៊ី​អាច​ធ្វើ​ឱ្យ​មាន​ការ​ទទួល​ជំនួយ​កាន់​តែ​ច្រើន​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ខណៈ​ដែល​ម៉ាឡេស៊ី​កំពុង​ពង្រីក​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ។ កាល​ពី​អតីតកាល ប្រទេស​ផ្សេងៗ​ទទួល​បាន​ផលប្រយោជន៍​ដោយសារ​តែ​ការ​ធ្វើ​ដូច្នេះ។

លោក Stephen Nagy ដែល​សាស្ត្រាចារ្យ​ជំនាញ​ការ​សិក្សា​អន្តរជាតិ​និង​នយោបាយ នៅ​សាកលវិទ្យាល័យ International Christian University ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន​និយាយ​ថា៖ «ពួកគេ​មើល​ឃើញ​រឿង​នេះ​ថា​ជា​សម្ពាធ​ដ៏​ខ្លាំង​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ហើយ​ក៏​ឃើញ​ថា​វា​គឺ​ជា​ច្រក​យុទ្ធសាស្ត្រ​ដែល​មាន​សក្តានុពលមួយ ក្នុង​ការ​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ និង​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​កាន់​តែ​ច្រើន​ពី​ប្រទេស​ចិន​ផង​ដែរ»។

លោក​បាន​បន្ថែម​ថា៖ «ពួកគេ​កំពុង​ដាក់​សម្ពាធ​ចំ​ពេល​វេលា​ដ៏​សក្ដិសម ដោយ​ដឹង​ថា វា​ស៊ី​មេត្រី​ជាមួយ​នឹង​រដ្ឋ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ជាជាង​ធ្វើ​សកម្មភាព​នេះ​តែ​ម្នាក់​ឯង»។ ​

មិត្ត​ចាស់

លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ដែល​គណបក្ស​ចម្រុះ​របស់​លោក​បាន​ចាញ់​លោក Mahathir នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំ២០១៨ ជា​រឿយៗ​បាន​រិះគន់​ប្រទេស​ចិន ប៉ុន្តែ​បែរ​ទទួល​យក​ប្រាក់​ជំនួយ​របស់​ចិន​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋរចនាសម្ព័ន្ធ​ក្នុង​ស្រុក​ទៅ​វិញ ទោះ​បី​ជា​ពលរដ្ឋ​ម៉ាឡេស៊ី​មាន​ក្តីបារម្ភ​អំពី​ឥទ្ធិពល​សេដ្ឋកិច្ច​ខ្លាំង​ហួសហេតុ​របស់​ចិន​ក៏​ដោយ។ ​

នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៨ ប្រទេស​ម៉ាឡេស៊ី​ទទួល​យក​ប្រាក់​កម្ចី​ចំនួន​ប្រមាណ​៣៤ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​នានា នៅ​ក្នុង​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ឬ BRI។ BRI ជា​គម្រោង​មួយ​របស់​ចិន​ដែល​មាន​ទឹកប្រាក់​ចំនួនមួយ​ទ្រីលាន​ដុល្លារ​ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ពាណិជ្ជកម្ម នៅ​ក្នុង​ប្រទេស​ជិត​៧០ប្រទេស ដែល​លាតសន្ធឹង​ទៅ​ដល់​អឺរ៉ុប។ នៅ​ក្នុង​ឆ្នាំ២០១៧ ប្រទេស​ចិន​បាន​រួម​ចំណែក​៧%​នៃ​ទឹកប្រាក់សរុប​ចំនួន​១៣ពាន់​៦រយ​លាន​ដុល្លារ​ ដែល​ម៉ាឡេស៊ី​ទទួល​បាន​ពី​ប្រទេស​ដទៃ​ទៀត។

លោក Mahathir កាន់​តែ​ធ្វើ​ការ​រិះគន់​ខ្លាំង​ជាង​មុន ប៉ុន្តែ​លោក​មាន​ការ​ប្រុងប្រយ័ត្ន​ដើម្បី​ការពារ​មិត្តភាព​នេះ ទោះ​ណា​មាន​ជម្លោះ​លើ​អធិបតេយ្យភាព​សមុទ្រ​ដ៏​យូរលង់​មក​ហើយ​ក្តី។ ជម្លោះ​ដែន​សមុទ្រ​នេះ​បាន​ធ្វើ​ឱ្យ​កប៉ាល់​ឆ្មាំ​សមុទ្រ​របស់​ចិន​ធ្វើ​ដំណើរ​ទៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ។ នៅ​ក្នុង​ខែមេសា លោក Mahathir បាន​អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​កុំម្មុយនីស្ត​ផ្តល់​និយមន័យ​នៃ​ពាក្យ «កម្មសិទ្ធិ» លើ​ដែន​សមុទ្រ​ដែល​ថ្នាក់​ដឹកនាំ​កុម្មុយនីស្ត​ទាំង​នោះ​បាន​ប្រើប្រាស់។

លោក​នាយករដ្ឋមន្ត្រី Mahathir Mohamad ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ការ​ពិនិត្យ​មើល​ទំនាក់ទំនង​ឡើង​វិញ

រដ្ឋាភិបាល​របស់​លោក Mahathir កាលពី​ឆ្នាំ​មុន ​បាន​ផ្អាក​គម្រោង​រថភ្លើង​ដែល​មាន​ទឹកប្រាក់​២០​ពាន់​លាន​ដុល្លារ និង​គម្រោង​បំពង់​ឧស្ម័ន ​ដែល​គម្រោង​ទាំង​ពីរ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ចិន។ លោក Oh Ei Sun ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិង្ហបុរី​សម្រាប់​កិច្ចការ​អន្តរជាតិ​និយាយ​ថា ឥឡូវ​នេះ រដ្ឋាភិបាល​នេះ​កំពុង​ពិនិត្យ​មើល​សិទ្ធិ និង​កាតព្វកិច្ច​នៅ​ក្នុង​ដែន​សមុទ្រ​ទាំង​អស់​របស់​ប្រទេស​ម៉ាឡេស៊ី។ ​

លោក Oh បាន​និយាយ​ថា ម៉ាឡេស៊ី​មិន​អាច​ចេញចូល​ដែន​សមុទ្រនោះ​បាន​ទៀត​ទេ ហើយ​មាន​តែ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​សិង្ហបុរី​ប៉ុណ្ណោះ​ដែល​អាច​ចេញ​ចូល​បាន ដោយសារ​តែ​ការ​ឆ្លើយតប​យឺត​ពេល​កាល​ពី​មុន។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​បន្ទាប់​ពី​បាន​រៀនសូត្រ​ពី​បទពិសោធន៍​នោះ រដ្ឋបាល​នេះ​ព្យាយាម​ប្រើប្រាស់​មធ្យោបាយ​មាន​សុវត្ថិភាព​ផ្នែក​ច្បាប់។ ខ្ញុំ​គិត​ថា រដ្ឋបាល​លោក Mahathir កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិនិត្យ​មើល​សិទ្ធិ និង​កាតព្វកិច្ច​ទាំង​អស់​របស់​ខ្លួន។ នៅ​ពេល​ចាំបាច់​ ប្រទេស​នេះ​នឹង​ប្តឹង​ទាមទារ​ឱ្យ​បាន​ទាន់ពេល​ជាង​មុន»។

លោក Alan Chong ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាលា​សិក្សា​អន្តរជាតិ S. Rajaratnam ក្នុង​ប្រទេស​សិង្ហបុរី​និយាយ​ថា លោក​នាយករដ្ឋមន្ត្រី​មើល​ឃើញ​ឱកាស​ក្នុង​ការ​បង្កើន​ការ​គ្រប់ដណ្តប់​ទៅ​លើ​ចិន នៅ​ក្នុង​កិច្ចចរចា​នា​ពេល​អនាគត ទាក់ទង​នឹង​ប្រាក់​ជំនួយ​អភិវឌ្ឍន៍។ ប្រទេស​ម៉ាឡេស៊ី​សង្ឃឹម​ថា នឹង​ទទួល​បាន​ប្រាក់​កម្ចី​សម្បទាន​ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​សម្រាប់​គម្រោង​ដែល​គាំទ្រ​ដោយ​ចិន។

លោក Chong បាន​និយាយ​ថា «ខ្ញុំ​គិត​ថា ពលរដ្ឋ​ម៉ាឡេស៊ី​កំពុង​ព្យាយាម​បង្កើត​ឥទ្ធិពល​សម្រាប់​ការ​ចរចា​នៅ​ពេល​អនាគត​ជាមួយ​នឹង​ចិន​ ដោយសារ​តែ​លោក Mahathir ជា​បុគ្គល​មាន​គំនិត​ឯករាជ្យ​ជាង​មេដឹកនាំ​មុន​របស់​លោក ដូច្នេះ​លោក​ត្រូវ​លេង​ល្បែង​ដែល​ប្រើ​ប្រាជ្ញា។

ចិន​ចង់​គេច​ពី​សេចក្តីសម្រេច​របស់​តុលាការ​

ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ វៀតណាម និង​កោះ​តៃវ៉ាន់​ធ្វើ​ការ​ទាមទារ​លើ​ផ្នែក​ខ្លះ ឬ​ទាំង​អស់​នៃ​ការ​ទាមទារ​របស់​ចិន​ទៅ​លើ​សមុទ្រដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ ដែល​លាតសន្ធឹង​ពី​ក្រុង​ហុងកុង ដល់​កោះ Borneo។ ម៉ាឡេស៊ី​គឺ​ជា​អ្នក​រុករក​ឧស្ម័ន​ធម្មជាតិ​នៅ​ក្រោម​បាត​សមុទ្រ​ដ៏​ធំ​បំផុត។​

មិន​មែន​មាន​តែ​ម៉ាឡេស៊ី​នោះ​ទេ​ដែល​ធ្វើ​ការ​ប្រឆាំង។​ វៀតណាម​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពង្រឹង​គោលជំហរ​របស់​ខ្លួន​ចំពោះ​ចិន​នៅ​ឆ្នាំ​ក្រោយ ​ក្នុង​នាម​ជា​ប្រធាន​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ផង​ដែរ ខណៈ​ដែល​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ចង់​ឱ្យ​រដ្ឋាភិបាល​របស់​ពួកគេ​លូក​ដៃ​ប្រឆាំង​នឹង​ចិន​ចំពោះ​ជម្លោះ​ដែនសមុទ្រ​របស់​ពួកគេ។ ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត រដ្ឋាភិបាល​អាមេរិក​ជួយ​ផ្នែក​យោធា​ដល់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ដែល​ទាមទារ​ចំណែក​នៃ​ដែន​សមុទ្រមួយ​នេះ។

ប្រទេស​ចិន​បាន​ចាញ់​ក្តី​ហ្វីលីពីន​នៅ​ក្នុង​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ២០១៦ ទាក់ទង​នឹង​មូលដ្ឋាន​ផ្លូវ​ច្បាប់​របស់​ខ្លួន​ទៅ​លើ​ការ​ទាមទារ​ដែល​គេ​ហៅ​ថា ​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​ដាច់ៗជា​៩ចំណុច​របស់​ចិន។ ប្រទេស​ចិន​បាន​ប្រើប្រាស់​ខ្សែ​បន្ទាត់​រាង​អក្សរ​ U ដើម្បី​កំណត់​ការ​ទាមទារ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លើក​ឡើង​ពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម្បី​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន និង​បាន​ច្រានចោល​សេចក្តីសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​នេះ។ លោក Oh​ បាន​និយាយ​ថា ចិន​ចង់​គេច​ចេញ​ពី​បទពិសោធន៍​ឆ្នាំ២០១៦ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ជាមួយ​នឹង​ប្រទេស​ម៉ាឡេស៊ី។

លោក Wu Haitao ឯកអគ្គរដ្ឋទូត​ចិន​បាន​ប្រាប់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី១២ ខែ​ធ្នូ​ថា៖ «គណៈកម្មការកំណត់​ដែន​ឆ្នេរ​ជាប់​សមុទ្រ​គួរ​បន្ត​អនុវត្ត​អំណាច​របស់​ខ្លួន ខណៈ​ពេល​ដែល​ទទួល​ពាក្យ​បណ្តឹង​ទាំង​នោះ​អំពី​ការ​កំណត់​ដែន​ឆ្នេរ​សមុទ្រ​ខាង​ក្រៅ​នៃ​ដែន​ឆ្នេរ​ពង្រីក​បន្ថែម​ ពាក់ព័ន្ធ​ជាមួយ​នឹង​ជម្លោះ​ដែន​ទឹក ឬ​ដែនដី​គោក និង​អនុវត្ត​តួនាទី​របស់​ខ្លួន ទៅ​តាម​វិធាន​ជាក់លាក់​មួយ។ វិធាន​នោះលើក​ឡើង​ថា គណៈកម្មាការ​នេះ​មិន​ត្រូវ​ពិចារណា​លើ​ពាក្យ​បណ្តឹង​ណា​មួយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែល​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ»៕