ការលុបគណនីហ្វេសប៊ុកជនជាតិហ្វីលីពីនក្នុងប្រទេសចិនបានបង្ហាញថាក្រុមហ៊ុនអ៊ីនធឺណិតយក្សរបស់សហរដ្ឋអាមេរិកមួយនេះចង់ស្តារកេរ្តិ៍ឈ្មោះឲ្យបានប្រសើរជាងមុនក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីបណ្តែតបណ្តោយសកម្មភាពពីមុនៗ នេះបើយោងតាមអ្នកវិភាគដែលតាមដានករណីនេះ។
កាលពីថ្ងៃទី២២ កញ្ញា ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ខ្លួនបានលុបចោល១៥៥គណនីហ្វេសប៊ុកនិងគណនី Instagramចំនួន៦ ដោយសារតែបានល្មើសនឹងគោលនយោបាយផ្ទៃក្នុងមួយប្រឆាំងនឹង«ការជ្រៀតជ្រែកពីបរទេសឬរដ្ឋាភិបាលដែលជាឥរិយាបទមិនពិតប្រាកដបែបសម្របសម្រួលជំនួសឲ្យអង្គភាពបរទេសឬរដ្ឋាភិបាល»។ ក្រុមហ៊ុនហ្វេសប៊ុកនិយាយថា គណនីទាំងនោះមានប្រភពចេញពីប្រទេសចិនហើយផ្តោត«សំខាន់លើប្រទេសហ្វីលីពីននិងផ្តោតទូលំទូលាយលើតំបន់អាស៊ីអាគ្នេយ៍» រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ក្រុមបញ្ញវ័ន្តនិយាយថា យុទ្ធសាស្ត្ររបស់ហ្វេសប៊ុកនឹងទាក់ទាញពលរដ្ឋហ្វីលីពីនដែលប្រើបណ្តាញនេះយ៉ាងក្លៀវក្លារហូតដល់មានគេហទំព័រផ្លូវការសម្រាប់ភ្នាក់ងារអាជីវកម្មនិងទីភ្នាក់ងាររដ្ឋាភិបាល ប៉ុន្តែក៏បារម្ភថាវាមានលក្ខណៈបើកចំហពេក។
លោក James Gomez នាយកប្រចាំតំបន់របស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៅទីក្រុងបាងកកនិយាយថា សម្រាប់ក្រុមហ៊ុន ហ្វេសប៊ុក «ចំណាត់ការនេះទំនងមានលក្ខណៈបែបទំនាក់ទំនងសាធារណៈឬ PR ជាង។ ក្រុមហ៊ុនហ្វេសប៊ុកចង់បង្ហាញថា ខ្លួនធ្វើបែបនេះនៅក្នុងពេលជាក់លាក់ណាមួយ ហើយគេយល់ឃើញថាជាទង្វើវិជ្ជមាន ហើយក្រុមហ៊ុននេះអាចនិយាយថា នេះជាអ្វីដែលខ្លួនបានធ្វើ»។ ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ម្ចាស់គណនីដែលត្រូវបានលុប បានបង្ហោះសារជាភាសាចិន អង់គ្លេស និងហ្វីលីពីនអំពីសកម្មភាពនាវាចរណ៍របស់កងទ័ពជើងទឹកនៅក្នុងសមុទ្រចិនខាងត្បូងក៏ដូចជា នយោបាយរបស់ប្រទេសហ្វីលីពីននិងបានព្យាយាមលាក់បាំងអត្តសញ្ញាណរបស់ពួកគេ។
ប្រទេសចិននិងហ្វីលីពីនប្រជែងគ្នាលើអធិបតេយ្យភាពដែនសមុទ្រដែលសម្បូរដោយមច្ឆជាតិនិងថាមពលបម្រុងក្រោមបាតសមុទ្រ។ ប្រទេសចិនមានប្រៀបផ្នែកយោធា ដែលធ្វើឲ្យមន្ត្រីនៅទីក្រុងម៉ានីលមិនសប្បាយចិត្តហើយជំរុញឲ្យមានការតស៊ូមតិគ្នាថាតើហ្វីលីពីនគួរសុំជំនួយបន្ថែមពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឬទេ។
ទំនាក់ទំនងជាមួយក្រុមហ៊ុនហ្វេសប៊ុកគឺមានតាំងពីឆ្នាំ២០១៥ នៅពេលដែលក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាមួយនេះបានចូលរួមជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទក្នុងស្រុក Smart Communications ដើម្បីផ្តល់ជាកម្មវិធីមួយដែលអនុញ្ញាតឲ្យចូលទៅគេហទំព័រទូរស័ព្ទដែលមានអ្នកប្រើប្រាស់ច្រើនចំនួន២៤គេហទំព័រដោយសេរី។
ប៉ុន្តែហ្វេសប៊ុកបានមិនខ្វល់ខ្វាយនឹងប្រទេសហ្វីលីពីននិងបណ្តាប្រទេសផ្សេងទៀតក្នុងអាស៊ីអាគ្នេយ៍ដោយអនុញ្ញាតឲ្យអ្នកនយោបាយ អ្នកចែកចាយពាក្យសម្តីស្អប់ខ្ពើម និងអ្នកចែកចាយព័ត៌មានក្លែងក្លាយ ចូលប្រើប្រាស់ដោយសេរី។ នេះបើយោងតាមលោក Gomez ។
លោក Ramon Casiple នាយកប្រតិបត្តិនៃក្រុមតស៊ូមតិដែលមានមូលដ្ឋាននៅរដ្ឋធានីម៉ានីលគឺវិទ្យាស្ថានសម្រាប់កំណែទម្រង់នយោបាយនិងការបោះឆ្នោតបាននិយាយថា៖ «យើងនឹងស្វាគមន៍ការធ្វើអភិបាលកិច្ចខ្លួនឯងពីហ្វេសប៊ុក។ ក្នុងបណ្តាញហ្វេសប៊ុកមានបញ្ហាជាច្រើនតាំងពីមុនរហូតមកដល់បច្ចុប្បន្ន»។
បណ្តាញព័ត៌មានអាស៊ីអាគ្នេយ៍ New Mandala បានរាយការណ៍កាលពីឆ្នាំ២០១៧ មួយឆ្នាំបន្ទាប់ពីលោក Duterte បានកាន់តំណែងថា ប្រធានាធិបតីហ្វីលីពីនលោកRodrigo Duterte រក្សា «ទ័ពអនឡាញ» មួយដែលត្រូវបានរាយការណ៍ថាបានត្រូវបានជួលឲ្យបញ្ចូលព័ត៌មានគាំទ្រក្នុងនាមជា«សកម្មជនមូលដ្ឋាន»។
ពលរដ្ឋហ្វីលីពីនកំពុងចាប់ផ្តើមតាមដានការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ដែលជំរុញឲ្យហ្វេសប៊ុកធ្វើការបោសសម្អាតដើម្បីគេចពីការរិះគន់។ នេះបើយោងតាមលោក Eduardo Araral សាស្ត្រាចារ្យរងជនជាតិហ្វីលីពីននៅសាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី។
ហ្វេសប៊ុកនិយាយថា គណនីដែលត្រូវបានបិទមួយចំនួនមាន«មាតិកាដែលគាំទ្រលោកប្រធានាធិបតី Rodrigo Duterte និងកូនស្រីរបស់លោកគឺអ្នកស្រី Sara Duterte ដែលទំនងនឹងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២» ។ ប្រធានាធិបតីអាចបម្រើការតែមួយអាណត្តិប៉ុណ្ណោះក្នុងប្រទេសហ្វីលីពីន។
លោក Araral និយាយថា៖ «ពួកគេត្រូវតែសកម្មក្នុងការបង្ហាញថា ហ្វេសប៊ុកមិនត្រូវបានប្រើឬមិនអាចប្រើជាវេទិកាមួយសម្រាប់ឥរិយាបថមិនត្រឹមត្រូវទៀតទេ»។
លោកDuterte បានបន្តមិត្តភាពជាមួយចិនទោះបីជាមានជម្លោះផ្លូវទឹកជាមួយគ្នា ប៉ុន្តែពលរដ្ឋហ្វីលីពីនធម្មតានៅតែប្រុងប្រយ័ត្នជាមួយនឹងគម្រោងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅដែនសមុទ្រជុំវិញនោះ។
មនុស្សប្រហែល៧៤លាននាក់ប្រើហ្វេសប៊ុកក្នុងប្រទេសហ្វីលីពីនដែលមានចំនួនប្រជាជនសរុបជិត១០៩លាននាក់។ សេចក្តីថ្លែងការណ៍របស់ហ្វេសប៊ុកនិយាយថាមានគណនីចំនួន២៧៦.០០០គណនីបានតាមដានទទួលព័ត៌មានឬ follow ទំព័រហ្វេសប៊ុកដែលត្រូវបានលុបពី១ឬ១១ទំព័រ។ ក្រុមហ៊ុននេះបានលុបទំព័រហ្វេសប៊ុកទាំងនោះជាមួយនឹងគណនីធម្មតាចំនួន១៥៥គណនី។ ហ្វេសប៊ុកបាននិយាយថាមានមនុស្សប្រហែល៥.៥០០នាក់បានតាមគណនី Instagramមួយក្នុងចំណោមគណនីដែលត្រូវបានលុបចោលទាំងនោះ។
លោកGomez បាននិយាយថា ហ្វេសប៊ុកបានលុបគណនីក្នុងប្រទេសសិង្ហបុរីនិងមីយ៉ាន់ម៉ាផងដែរ ដោយសារតែប្រទេសទាំងពីរឈានដល់ដំណាក់កាលនយោបាយ។
ឧទាហរណ៍កាលពីឆ្នាំ២០១៨ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានរកឃើញថាហ្វេសប៊ុកបានជួយចែកចាយពាក្យសម្តី«ស្អប់ខ្ពើម» ប្រឆាំងនឹងជនរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចកាន់សាសនាឥស្លាមនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលពិបាកចុះសម្រុងនឹងរដ្ឋាភិបាលក្នុងប្រទេស។ បន្ទាប់ពីការរកឃើញរបស់អង្គការសហប្រជាជាតិបានចេញផ្សាយ ហ្វេសប៊ុកបានលុបចោលទំព័រមួយដែលកាន់កាប់ដោយមន្ត្រីយោធាមីយ៉ាន់ម៉ាជាន់ខ្ពស់ និងជាសត្រូវរបស់ជនជាតិរ៉ូហ៊ីងយ៉ាយូរមកហើយនោះ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ