តើ​ហេតុអ្វី​មេដឹកនាំ​ចិន​គិត​ថា លោក Gorbachev អតីត​មេដឹកនាំ​សូវៀត​ដើរ​ផ្លូវ​ខុស?

រូបឯកសារ៖ លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​គេ​បង្អស់​របស់​សហភាព​សូវៀត ចាប់ដៃ​ជាមួយ​នឹង​កុមារា​ចិន​ម្នាក់​ នៅ​អាកាសយានដ្ឋាន​សៀងហៃ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី ១៩ ខែឧសភា ឆ្នាំ១០៨៩។

លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​គេ​បង្អស់​របស់​សហភាព​សូវៀត បានស្លាប់ក្នុង​វ័យ ៩១ ឆ្នាំ។ មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​ចិន​យល់​ថា ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​លោក​បាន​បណ្តាល​ឱ្យ​មាន​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​អតីត​ប្លុក​កុំម្មុយនិស្ត​ដ៏​ធំ​នៅ​ឆ្នាំ១៩៩១​គឺជា​ការ​ដាស់តឿន​ដើម្បី​បញ្ចៀស​ជោគវាសនា​ដូច​គ្នា​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​មួយ​នេះ។

លោកGorbachev ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី៣០ ខែសីហា ​ទទួល​បាន​ការ​កោតសរសើរ​នៅ​ក្នុង​ប្រទេស​ចិន​សម្រាប់​ការ​ធ្វើ​ឱ្យ​មានប្រក្រតី​ភាព​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​សូវៀត និង​ចិន ដោយ​បើក​ផ្លូវ​ឱ្យ​មាន​ចំណង​ទាក់ទង​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ​បន្តបន្ទាប់។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បន្ទោស​លោក​ផង​ដែរ​ចំពោះ​ការ​បំផ្លាញ​អតីត​សហភាព​សាធារណរដ្ឋ​សង្គម​និយម​សូវៀត​ដែល​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន។

ខណៈ​ដែល​ប្រទេស​លោក​ខាង​លិច​ចាត់​ទុក​លោក​ Gorbachev ជា​វីរជន​ដ៏​ក្លាហាន​ដែល​បាន​ធ្វើ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ដ៏ចាំបាច់​ខ្លាំងនៅ​ក្នុង​ប្រទេស​របស់​លោក និង​បាន​ផ្តល់​សេរីភាព​ដល់​រដ្ឋ​រណប​សហសូវៀតឱ្យ​មាន​ឯករាជ្យនោះ​ ប្រទេស​ចិនវិញ​ចាត់​ទុក​លោក​ជា​មេដឹកនាំ​ទន់ខ្សោយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​លោក​បរាជ័យ។

ប្រទេស​ទាំង​ពីរ​បាន​ដើរដល់​ផ្លូវ​បំបែក​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៨០។ សេដ្ឋកិច្ច​របស់​សហភាព​សូវៀត​ស្ទើរ​តែ​ដួល​រលំ ​ហើយត្រូវ​ការ​ការ​ផ្លាស់ប្តូរ​ជា​បន្ទាន់។ ប្រជាជន​ក្នុង​ប្រទេស​ចិន​ចង់​បាន​កំណែ​ទម្រង់​នយោបាយ​បន្ទាប់​ពី​ឆ្លងកាត់​ភាព​ក្រីក្រ និង​ចលាចល​នយោបាយ​អស់​ជាច្រើន​ទសវត្សរ៍។

ខណៈ​ដែល​លោក Gorbachev អនុញ្ញាត​ឱ្យ​មាន​កំណែ​ទម្រង់​នយោបាយ លោកDeng Xiaoping មេដឹកនាំ​ដ៏​សំខាន់​របស់​ចិន​នៅ​ពេល​នោះ​បាន​បង្ក្រាប​អ្នក​តវ៉ា និង​ចាប់ខ្លួន​លោក Zhao Ziyang ដែល​ជា​អ្នក​គាំទ្រ​កំណែ​ទម្រង់ មានតួនាទី​ជា​អគ្គលេខាធិការ​គណបក្ស​កុំម្មុយនិស្ត​ចិន​ ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ។

នៅ​ពេល​នោះ និង​សូម្បី​តែ​ឥឡូវ​នេះ ចិន​នៅ​តែ​គិត​ថា ខ្លួន​បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ។

លោក Victor Gao អតីត​អ្នក​បកប្រែ​របស់​លោក Deng បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ លោក Deng Xiaoping ជឿ​ថា លោក Gorbachev ដើរ​លើ​ផ្លូវ​ខុស​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់។ លោក Gorbachev បាន​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​នយោបាយ​មុន​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច។ ប្រទេស​ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក Deng ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​មុន​ធ្វើកំណែ​ទម្រង់​នយោបាយ»។

រូបឯកសារ៖ ទង់ជាតិ​សូវៀតត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ខាង​មុខ​រូបថត​របស់​មេដឹកនាំ​ចិន​លោក​ ម៉ៅ សេទុង នៅ​ទីលាន​ Tiananmen ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ខណៈ​លោក​ Mikhail Gorbachev បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៨៩។

បច្ចុប្បន្ន​លោក Victor Gao ជា​សាស្រ្តចារ្យ​នៅ​សាកលវិទ្យាល័យ ​Soochow ​ក្នុង​ប្រទេស​ចិន ​និង​ជា​នាយករង​នៃ​មជ្ឈមណ្ឌល​សម្រាប់​ចិន និង​សាកលភាវូបនីយកម្ម។

លោក ​Gorbachev ​មិន​ត្រឹម​តែ​បាន​បាត់បង់​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ដោយ​រដ្ឋ​នៅ​សហភាព​សាធារណរដ្ឋ​សង្គម​និយម​សូវៀត​នោះ​ទេ ប៉ុន្តែ​បាន​បាត់បង់​ការ​គ្រប់គ្រង​សង្គម​នយោបាយ​ផង​ដែរ ដែល​ចុងក្រោយ​នាំ​ឱ្យរដ្ឋរណប​ដូចជា​ប្រទេស​ឡេតូនី និង​លីទុយអានី​ និង​ក្រោយ​មក​ទៀត​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ ​បាន​បំបែក​ខ្លួន និងបង្កចលាចល​ដល់សេដ្ឋកិច្ច​រុស្ស៉ី។

សម្រាប់​លោក Deng នេះ​មិន​មែន​ជា​ផ្លូវ​ដ៏​ឆ្លាតវៃ​នោះ​ទេ។

លោក Gao បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«លោក Deng ជឿ​ថា លោក Gorbachev ជ្រើស​យក​អាទិភាព និង​លំដាប់លំដោយ​ខុស។ នៅ​ទីបំផុត អ្វី​ដែល​សំខាន់​បំផុត​គឺ​ថា​តើ​អ្នក​អាច​រក​ស្បៀងអាហារ​ឱ្យ​ប្រជាជន​របស់​អ្នក​សម្រាប់​បរិភោគ​បាន​ដែរ​ឬ​ទេ»។

លោកStephen Nagy សាស្ត្រាចារ្យ​រង​ជាន់​ខ្ពស់​ផ្នែក​ទំនាក់ទំងន​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ International Christian University ក្នុង​ប្រទេស​ជប៉ុន​និយាយ​ថា ការ​ដួល​រលំ​របស់​សហភាព​សូវៀត​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​ចិន​មាន​ការ​លំបាក​ក្នុង​ការ​សម្រេច​គោលដៅ​សង្គម​និយម​របស់​ខ្លួន។

លោកNagy បាន​ថ្លែង​ថា ដើម្បី​ធានា​ថា គោលការណ៍​សង្គម​និយម​មាន​ស្ថិរភាព លោក Deng បាន​បើក​ទូលាយ​សេដ្ឋកិច្ច​ចិន​ដោយ​ចាប់​ផ្តើម​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​រុងរឿង។

លោក Jiang Zemin ដែល​កាន់​តំណែង​បន្ត​ពី​លោក Deng បាន​អនុញ្ញាត​ឱ្យ​អ្នក​មូលធន​និយម​ដែល​មាន​ចំនួន​កើន​ឡើង​ចូលរួម​ជាមួយ​គណបក្ស​កុំម្មុយនិស្ត​ចិន។ ក្នុង​ពេល​នេះ លោក Xi Jinping មេដឹកនាំ​បច្ចុប្បន្ន​បាន​ធ្វើ​យុទ្ធនាការ​លុបបំបាត់​អំពើ​ពុករលួយ​ដើម្បី​រក្សា​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​នេះ។

សព្វថ្ងៃ​ប្រទេស​ចិន​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៨០ ហើយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក ខណៈ​រុស្ស៊ី​នឹង​រងគ្រោះ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

លោក Nagy បាន​ថ្លែង​ថា ជោគវាសនា​ខុស​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ក៏​អាច​ដោយសារ​តែ​ប្រព័ន្ធ​នយោបាយ «ខុស​គ្នា​ខ្លាំង» ផង​ដែរ។

លោក Nagy បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«រុស្ស៊ី​សព្វថ្ងៃ​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ដឹកនាំ​បែប​លោភាធិប្បតេយ្យ ​ដឹកនាំ​ដោយ​បុរស​ម្នាក់ ​ពីរនាក់​ប៉ុណ្ណោះ ​ហើយ​ជានិច្ចកាល​មនុស្ស​ប្រុស​ជា​អ្នក​ដឹកនាំ​សេដ្ឋកិច្ច។ វា​ដូចជា​រដ្ឋ​ម៉ាហ្វីយ៉ា(mafia)​អ៊ីចឹង។ ពួកគេ​មិន​មាន​ការ​គ្រប់គ្រង​បែប​មជ្ឈការ និង​រដ្ឋ​បែប​មជ្ឈការ​នោះ​ទេ។ វា​ជា​រដ្ឋ​ពុករលួយ​ខ្លាំង»។

រូបឯកសារ៖ មេដឹកនាំ​សូវៀត លោក Mikhail Gorbachev និង​ភរិយា​របស់​លោក សម្ដែង​អារម្មណ៍​រំភើប​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ Great Wall ក្នុង​ប្រទេស​ចិន ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ១៩៨៩។

លោក​ថា នៅ​ក្នុង​ប្រទេស​ចិន គណបក្ស​កុំម្មុយនិស្ត​ចិន​អាច​ប្រើប្រាស់​ការ​គ្រប់គ្រង​បែប​មជ្ឈការ​ដើម្បី​គ្រប់គ្រង​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក Nagy បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«មាន​អ្វីៗ​ជាច្រើន​ដែល​អ្នក​អាច​និយាយ​អំពី​គណបក្ស​កុំម្មុយនិស្ត​ចិន។ នៅ​ក្នុង​ប្រទេស​ចិន មនុស្ស​ ៨០០ លាន​នាក់បាន​ងើប​ចេញ​ផុត​ពី​ភាព​ក្រីក្រ ​ពួកគេ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អៗ មនុស្ស​ជាច្រើន​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ហើយ​នេះ​គឺ​ដោយសារ​តែ​មាន​អភិបាលកិច្ច​ល្អ​របស់​គណបក្ស»។

អ្នក​រិះគន់​បាន​និយាយ​ថា ប្រទេស​ចិន​ប្រឈម​នឹង​ការ​ដួលរលំ​នៅ​ទីបំផុត ​ដោយសារ​បញ្ហា​ដូចជា​ទីផ្សារ​អចលនទ្រព្យ​មិន​ល្អ ​កំណើន​សេដ្ឋកិច្ច​យឺត ​និង​ការ​រំខាន​ពី​គោល​នយោបាយ​ បំបាត់​ជំងឺ​កូវីដដែល​បាន​នាំ​ឱ្យ​ទីក្រុង​សំខាន់ៗ​ជាច្រើន​ត្រូវ​បិទ​ខ្ទប់។

ទោះ​ជា​យ៉ាង​នេះ​ក្តី អតីត​មន្ត្រី​តៃវ៉ាន់​ម្នាក់​ដែល​ធ្វើការ​ជាមួយ​ប្រទេស​ចិន​ជឿ​ថា ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ដែល​ចិន​អាច​ជួប​ប្រទះ​ក៏​ដោយ វា​មិន​អាច​ទៅ​រួច​នោះ​ទេ​ដែល​មេដឹកនាំ​ចិន​ទទួល​យក​ការ​បំបែក​ប្រទេស​ដូច​លោក Gorbachev បាន​ធ្វើនោះ។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ប្រជាជន​ចិន​តែងតែ​មាន​ទស្សនៈ​ថា ប្រទេស​របស់​ពួកគេ​ត្រូវ​តែ​រួបរួម វា​មិន​អាច​បំបែក​នោះ​ទេ​ទោះ​ក្នុង​មូលហេតុ​អ្វី​ក៏​ដោយ។ ទស្សនៈ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អធិរាជ​ដំបូង​ដែល​បាន​បង្រួប​បង្រួម​ប្រទេស​ចិន។ អារម្មណ៍​នៃ​ការ​រួបរួមដ៏​ខ្លាំងក្លា​នេះស្ថិត​ក្នុង​ចំណោម​ប្រជាជន​ចិន។ ផ្ទុយ​ទៅ​វិញ រដ្ឋ​សូវៀត​ត្រូវ​បាន​បង្កើតប្រទេស​ជាច្រើនទៅវិញ។ ទស្សនៈ​របស់​ពួកគេ​ចំពោះ​ជាតិ​តែ​មួយ​មិន​សូវ​ខ្លាំងក្លា​នោះ​ទេ»។

អតីត​មន្ត្រី​រូប​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​ចៀសវាង​បញ្ហា​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​មូលដ្ឋាន​នា​ពេល​ខាង​មុខ​នៅ​តៃវ៉ាន់។ ​លោក​បាន​ថ្លែង​បន្ត​ថា «ចិន​ច្បាស់​ណាស់​មិន​អនុញ្ញាត​ឱ្យ​តំបន់​ទីបេត៍ តំបន់ Xinjiang និង​តៃវ៉ាន់​បំបែក​ខ្លួន​នោះ​ទេ»។

លោក​បាន​ថ្លែង​ថា វា​មិន​ច្បាស់​ទេ​ថា​តើ​បញ្ហា​កំណើន​សេដ្ឋកិច្ច និង​បញ្ហា​ទាក់ទិន​ផ្សេង​ទៀត​ក្នុង​ប្រទេស​ចិន​នឹង​នាំ​ឱ្យ​មាន​កំណែ​ទម្រង់​នយោបាយ​ដូច​ដែល​លោក Gorbachev បាន​ធ្វើ​នោះ​ទេ។

លោកNagy ក៏​បាន​ចោទ​សួរ​ថា​តើ​ចិន​នឹង​បោះ​ជំហាន​ទៅ​មុខ​ជាមួយ​នឹង​កំណែ​ទម្រង់​នយោបាយ​ដែល​ផ្តួចផ្តើម​ដោយ​លោក Gorbachev ដែរ​ឬ​ទេ។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ក្នុង​បរិបទ​ចិន ខ្ញុំ​មិន​ច្បាស់​ទេ​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់​របស់​ពួកគេ និង​អាច​គ្រប់គ្រង​កំណើន​សេដ្ឋកិច្ច​ឲ្យមាន​ស្ថិរភាព​ដោយ​គ្មានការ​គ្រប់គ្រង​ពី​រដ្ឋាភិបាលបច្ចុប្បន្នឬយ៉ាងណា​ទេ។ អ្វី​ម្យ៉ាង​ដែល​កាន់​តែ​បែកបាក់​ដូចជា​ប្រជាធិបតេយ្យ​តៃវ៉ាន់​អាច​នឹង​បង្កើត​ឱ្យ​មាន​បញ្ហា​ស្ថិរភាព​ផ្ទៃក្នុង​សម្រាប់​បរិបទ​ចិន»។

លោក​បាន​ថ្លែង​បន្ត​ថា៖

«ខ្ញុំ​មិន​គិត​ថា ប្រព័ន្ធ​នយោបាយ​ណា​មួយ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ប្រទេស​ចិន​សព្វថ្ងៃ​នេះ​ដែល​មាន​ជាច្រើន​ដូចជា​ បញ្ហា​ប្រជាសាស្ត្រ ​បញ្ហា​បរិស្ថាន ​បញ្ហា​ផលិតភាព​ក្នុង​សេដ្ឋកិច្ច គុណភាព​នៃ​កំណើន​សេដ្ឋកិច្ច ​បំណុល ​សន្តិសុខ​ទឹក ​សន្តិសុខ​ស្បៀង​អាហារ ​និង​បញ្ហា​ជម្រើស​ពិពិធកម្ម​ពី​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ចិន»។

លោក Gao ថានៅ​ទីបំផុត​ អាទិភាព​កំពូល​របស់​ថ្នាក់​ដឹកនាំ​ចិន​គឺ​រក្សា​ស្ថិរភាព​នយោបាយ។

លោក Gao បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ការ​ដួល​រលំ​សហភាព​សាធារណរដ្ឋ​សង្គម​និយម​សូវៀត​ក្រោម​ការ​ដឹកនាំ​របស់​លោក Gorbachev ត្រូវ​ចិនសិក្សា​ និង​វិភាគ​យ៉ាង​ដិតដល់។ ចិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ឆ្លងកាត់​កំណែ​ទម្រង់​រយៈពេល​ជាង ​៤ទសវត្សរ៍ ​និង​បើក​ទ្វារ​ទៅ​កាន់​ពិភព​ខាង​ក្រៅ»។

លោក Gao បាន​ថ្លែង​បន្ត​ថា៖

«ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​រក្សា​ស្ថិរភាព​នយោបាយ​នៅ​តែ​ជា​ការងារ​ដ៏​សំខាន់​បំផុត​មួយ។ ចិន​ជឿ​ថា កំណែ​ទម្រង់​ចាំបាច់​ត្រូវ​ធ្វើឲ្យ​សកម្មនឹងន​ តែមិន​ត្រូវ​ប្រញាប់​នោះ​ទេ ​ម្តង​បន្តិចៗ ​មិន​មែន​មួយ​រំពេច​នោះ​ទេ។ ស្ថិរភាព​ត្រូវ​តែ​រក្សា​ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ»។

លោក​ថា៖

«ចិន​នឹង​បន្ត​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រសើរ​ជាង​នេះ និង​បើក​ទ្វារ​ទៅ​កាន់​ពិភព​ខាង​ក្រៅ​ក្នុង​ការ​កសាង​ប្រព័ន្ធ​សង្គម​និយម​ពិសេស​មួយ​ដែល​មាន​លក្ខណៈ​ជា​ចិន»។

ជា​ការ​ឆ្លើយតប​ចំពោះ​មរណភាព​របស់​លោក Gorbachev លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​កាលពី​ថ្ងៃទី៣១ ខែសីហា​កន្លង​ទៅ​ថា​៖

«លោក Mikhail Gorbachev បាន​រួម​ចំណែក​ជា​វិជ្ជមាន​ក្នុង​ការ​ធ្វើ​ឱ្យមាន​ប្រក្រតី​ភាព​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​ចិន ​និង​សហភាព​សូវៀត។ យើង​កាន់​ទុក្ខ​ចំពោះ​ការ​បាត់បង់​លោក ​និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក»៕