ហេតុអ្វី​បាន​ជា​ចិន​កំពុង​ផលិត​នាវា​យោធា​ ខណៈ​ពេល​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩?

  • Ralph Jennings

រូប​ឯកសារ៖ នាវា​ជ្រមុជ​ទឹក​ដែល​មាន​បំពាក់​មីស៊ីល​ផ្លោង​របស់​កងទ័ព​ជើង​ទឹក​រំដោះ​ប្រជាជន​ចិន​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។

គេហទំព័រ​សារព័ត៌មាន Global Times ​សរសេរ​ថា រោងចក្រ​របស់​ក្រុមហ៊ុន China State Shipbuilding Corp. «កំពុង​ធ្វើ​ការ​សង​ពេលវេលា​ដែល​ខាតបង់​នៅ​ក្នុង​ពេល​បិទ​ក្រុង​នេះ» និង​បន្ត «គម្រោង​ដ៏​សំខាន់ និង​សម្ងាត់​នេះ» ទៅ​តាម​ផែនការ។ ​

ខណៈ​ដែល​ប្រទេស​ចិន​បន្ត​យក​ឈ្នះ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ទីក្រុង​ដែល​ជា​កន្លែង​ចាប់ផ្តើម​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ក្នុង​សាកលលោក​នេះ ​កំពុង​ចាប់ផ្តើម​ផលិត​នាវា​សម្រាប់​សម្រាប់​យោធា និង​ពាណិជ្ជកម្ម ដែល​ជា​ផ្នែក​នៃ​ការ​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សារព័ត៌មាន​ក្នុង​ស្រុក​និង​ក្រុម​អ្នក​ជំនាញ។

គេហទំព័រ​សារព័ត៌មាន Global Times ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​សរសេរ​ថា រោងចក្រ​ផលិត​នាវា និង​នាវា​ជ្រមុជទឹក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ក្នុង​ក្រុង​វូហាន​បាន​ធ្វើ​ការ​លើស​ម៉ោង​ចាប់​តាំង​ពី​ថ្ងៃទី៣ ខែមីនា។ គេហទំព័រ​នេះ​សរសេរ​ថា រោងចក្រ​របស់​ក្រុមហ៊ុន China State Shipbuilding Corp. «កំពុង​ធ្វើ​ការ​សង​ពេលវេលា​ដែល​ខាតបង់​នៅ​ក្នុង​ពេល​បិទ​ក្រុង​នេះ» និង​បន្ត «គម្រោង​ដ៏​សំខាន់ និង​សម្ងាត់​នេះ» ទៅ​តាម​ផែនការ។ ​

លោក Collin Koh ដែល​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​សមុទ្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា ប្រទេស​ចិន​ចាត់ទុក​ទីក្រុង​វូហាន​ ដែល​ជា​កន្លែង​ចាប់ផ្តើម​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ខែ​ធ្នូ ជា​តំបន់​ដ៏​សំខាន់​ក្នុង​សាងសង់​នាវា​សម្រាប់​កងទ័ព​ជើង​ទឹក​រំដោះ​ប្រជាជន​ចិន (People’s Liberation Army Navy)។

លោក Collin Koh​ បាន​បន្ថែម​ថា រោងចក្រ​នានា​នៅ​តំបន់​ឧស្សាហកម្ម​ភូមិភាគ​កណ្តាល​របស់​ចិន​ផលិត​នាវា​ជ្រមុជ​ទឹក​សម្រាប់​នាំ​ចេញ ដូចជា​នាំ​ចេញ​ទៅ​ប្រទេស​ប៉ាគីស្ថាន និង​ប្រទេស​ថៃ​ជាដើម។​

លោក Koh បាន​និយាយ​ថា៖«ទីក្រុង​វូហាន​គឺ​ជា​ទីក្រុង​ឧស្សាហកម្ម​មួយ​ សម្រាប់​ការ​ផលិតក្នុង​គោលបំណង​ធ្វើ​ទំនើបកម្ម​កងទ័ព​រំដោះ​ប្រជាជន​ចិន។ នៅ​ពេល​អ្នក​និយាយ​ពី​ការ​នាំចេញ​នាវា​ជ្រមុជ​ទឹក នេះ​នឹង​ក្លាយ​ទៅ​ជា​ចំណុច​ស្នូល​នៃ​ការ​នាំចេញ​អាវុធ​នា​ពេល​បច្ចុប្បន្ន និង​អនាគត​របស់​ចិន»។

អង្គការ GlobalSecurity.org ​ជា​អង្គការ​ស្រាវជ្រាវ​ផ្នែក​ការពារ​ជាតិ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ អង្គការ​នេះ​និយាយ​ថា ក្នុង​ន័យ​នេះ ក្រុមហ៊ុនWuchang Shipbuilding Industry Co. ដែល​ជា​ក្រុមហ៊ុន​ម៉ៅការ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ចិន បាន​សាងសង់​រោងចក្រ​មួយ​កាលពី​១០ឆ្នាំ​មុន នៅ​លើ​ដី​ទំហំ​៣,៣គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​ក្រុង​វូហាន។ អង្គការ​នេះ​បន្ថែម​ថា រោងចក្រ​នេះ «បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​លើ​បរិក្ខារ​កងទ័ព​ជើង​ទឹក​ និង​ទំនើបកម្ម​ផ្នែក​ការពារ​ជាតិ​របស់​ចិន»។

របាយការណ៍​របស់​សារព័ត៌មាន Global Times ​បាន​សរសេរ​ថា ក្រុមហ៊ុនWuchang Shipbuilding អនុញ្ញាត​ឱ្យ​កម្មករ​របស់​ខ្លួន​មក​ធ្វើ​ការ​វិញ​នៅ​ថ្ងៃទី២៦ ខែមីនា មុន​នឹង​រោងចក្របើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃទី២៧ ខែមីនា។ ក្រុមហ៊ុន​សម្ព័ន្ធ​របស់​ក្រុមហ៊ុនChina State Shipbuilding Corp. មួយ​នេះ​ផលិត​នាវា​និង​នាវា​ជ្រមុជ​ទឹក។

ទោះ​ជា​ទីតាំង​របស់​ក្រុង​វូហាន​មាន​ចម្ងាយ​៨៤០គីឡូម៉ែត្រ​ពី​សមុទ្រ​ក្តី នាវា​ដែល​ផលិត​រួច​អាច​ត្រូវ​បាន​គេ​ដឹង​ទៅ​ដល់​បណ្តោយ​ឆ្នេរ​សមុទ្រ​ចិនឆ្លង​កាត់តាម​ទន្លេ​យ៉ង់សេ។

លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​ជំនាញ​ផ្នែក​ការពារ​ជាតិ​នៅ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់​និយាយ​ថា ទីក្រុង​វូហាន​ក៏​មាន​ភាព​ល្បីល្បាញ​សម្រាប់​សាលា​យោធា​មួយ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាវុធ​ជីវសាស្ត្រ​គីមី​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន និង​កន្លែង​ស្តុក​សម្ភារៈ​យោធា។

លោក Huang បាន​និយាយ​ថា «ទីក្រុង​វូហាន​គឺ​ជា​ចំណុច​កណ្តាល ឬ​ប្រហែល​ជា​កន្លែង​សំខាន់​បំផុត​សម្រាប់​កិច្ចការ​មួយ​ចំនួន»។ អ្វី​ដែល​ខ្ញុំ​ដឹង​រួម​មាន មជ្ឈមណ្ឌល​ភស្តុភារ វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវសាស្ត្រ​គីមី និង​សេវា​ដឹកជញ្ជូន​មួយ​ចំនួន និង​កិច្ចការ​ផ្សេងៗ​ទៀត»។

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​ចិន​ឈ្មោះ​ Xinhua និយាយ​ថា ផ្នែក​នៃ​ប្រទេស​ចិន​ភាគច្រើន រួម​ទាំង​ទីក្រុង​វូហាន​ ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​បិទ​ប្រទេស​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ ដែល​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ទៅ​ធ្វើ​ការ។ មាន​ការ​រាយការណ៍​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ប្រមាណ​ជា​៥ម៉ឺន​ករណី​នៅ​ក្នុង​ក្រុង​វូហាន គិត​ត្រឹម​ថ្ងៃទី១៩ ខែមីនា។

ការ​សាងសង់​នាវា​ឡើង​វិញ​អាច​ស្ថិត​នៅ​ក្នុង​អ្វី​ដែល​អ្នក​វិភាគ​ហៅ​ថា ការ​រក្សា​ការ​ល្បាត​ឆ្នេរ​សមុទ្រ និង​សកម្មភាព​យោធា​របស់​ចិន នៅ​ក្បែរ​កោះ​តៃវ៉ាន់ និង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ទោះ​បី​ជា​មាន​ការ​រីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩​ក្តី។ អ្នក​ជំនាញ​និយាយ​ថា ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន​សុទ្ធ​តែ​ប្រជែង​ជាមួយ​នឹង​ការ​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ប្រទេស​ទាំង​នេះ​នៅ​តែ​ជាប់​រវល់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ហើយ​មិន​សូវ​ខ្វាយខ្វល់​ពី​ការ​ការពារ​ជាតិ​របស់​ខ្លួន។​

លោក Jay Batongbacal សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​សមុទ្រ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​និយាយ​ថា ចិន «កំពុង​យក​ចំណេញ​ពី​ស្ថានភាព​នេះ» នៅ​ជុំវិញ​ពិភពលោក ដោយ​បាន​បង្កើន​យោធា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​នៅ​ជិតៗ​ខ្លួន។

ប្រទេស​វៀតណាម​បាន​ចេញ​បទបញ្ជា​ឱ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដើម្បី​ទប់ទល់​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩។ កាលពី​ថ្ងៃទី៣ ខែមេសា ប្រទេស​វៀតណាម​បាន​ប្តឹង​ចិន​ចំពោះ​អ្វីដែល​សារព័ត៌មាន​វៀតណាម​ហៅ​ថា ការ​បុក​ពន្លិច​កប៉ាល់​នេសាទ​វៀតណាម​នៅ​ក្បែរ​កោះ Paracel ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ​នោះ។ សារព័ត៌មាន Viet Nam News បាន​រាយការណ៍​ថា នាវា​ស៊ើបការណ៍​របស់​ចិន​ «បាន​បុក​និង​ពន្លិច» ទូក​វៀតណាម​ដែល​មាន​អ្នក​នេសាទ​៨នាក់​នៅ​លើ​ទូក​នោះ។

លោក Carl Thayer ដែល​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៅ​សាកលវិទ្យាល័យNew South Wales ក្នុង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា «នាវា​ឆ្មាំ​សមុទ្រ​តែងតែ​រុល​ទៅ​មុខ​ជានិច្ច»។ កងទ័ព​ជើង​ទឹក​រំដោះ​ប្រជាជន​ចិន​មិន​ស្ថិត​នៅ​លើ​នាវា​នោះ​ទេ ប៉ុន្តែ​នឹង​មាន​វត្តមាន​នៅ​ពេល​ដែល​នាវា​អាមេរិកាំង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​កាត់​តំបន់​នោះ និង​នៅ​ពេល​មាន​ការ​ធ្វើ​សមយុទ្ធ​ធម្មតា ឬ​នៅ​ពេល​មាន​ការ​ចូលចត​នៅ​ផែ​ណា​មួយ»។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជា​ទៀងទាត់​តែង​បញ្ជូន​នាវា​ចម្បាំង​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​បញ្ជាក់​ថា សមុទ្រ​នេះ​នៅ​តែ​ជា​ផ្លូវ​ទឹក​អន្តរជាតិ។

លោក Koh និយាយ​ថា ការ​ផលិត​នាវា​ជ្រមុជ​ទឹក​នៅ​ក្នុង​ក្រុង​វូហាន​ប្រហែល​ជា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ជា​នាំ​ចេញ​ផង​ដែរ។ ការ​នាំ​ចេញ​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ចិន ប៉ុន្តែ​គេ​រំពឹង​ថា​វា​នឹង​មាន​ល្បឿន​យឺត ដោយសារ​តែ​ការ​ថយចុះ​តម្រូវ​ការ​ពី​ប្រទេស​លោក​ខាង​លិច ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

ជា​ឧទាហរណ៍ ប្រទេស​ប៉ាគីស្ថាន​បាន​ប្រកាស​ផែនការ​នៅ​ក្នុង​២០១៥ ដើម្បី​ទិញ​នាវា​ជ្រមុជ​ទឹក​ថ្មី ដែល​ផលិត​ដោយ​ចិន​ចំនួន​៨គ្រឿង។ ប្រទេស​ថៃ​ក៏​មាន​គម្រោង​ទិញ​នាវា​ជ្រមុជ​ទឹក​របស់​ចិន​ចំនួន​៣ នៅ​ត្រឹម​ឆ្នាំ២០២៣ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ក្រុង​បាងកក៕​