តើអវកាសយានិកបរិភោគអ្វីនៅក្នុងលំហអវកាស?
នេះជាអ្វីដែលនិស្សិតអេត្យូពីម្នាក់ចង់ដឹងនៅពេលលោក និងនិស្សិតអាហ្វ្រិកក្មេងៗផ្សេងទៀតមកពីប្រទេសចំនួន ៨ ចូលរួមក្នុងកិច្ចសន្ទនាមួយជាមួយនឹងអវកាសយានិកចិនដែលកំពុងស្ថិតក្នុងគន្លងគោចរ។
ព្រឹត្តិការណ៍តាមប្រព័ន្ធវីដេអូនេះត្រូវបានរៀបចំដោយបេសកកម្មចិនប្រចាំនៅសហភាពអាហ្វ្រិក។ នេះជាចម្លើយដោយអវកាសយានិកចិន លោក Cai Xuzhe សម្រាប់សំណួរពាក់ព័ន្ធនឹងចំណីអាហារក្នុងអវកាស ដែលត្រូវបានផ្សាយដោយសារព័ត៌មានរដ្ឋចិន CGTN។
លោក Cai Xuzhe បានថ្លែងក្នុងសម្តីដើមថា៖
«ក្រុមការងារនៅភពផែនដីរបស់យើងបានរៀបចំអាហារជាង ១.០០០ ប្រភេទខុសៗគ្នា។ អ្នកទាំងអស់គ្នាអាចមើលបាន។ មានបបរពណ៌ស្វាយដ៏ឆ្ងុយឆ្ងាញ់ ពោតផ្អែមដែលមានលាយគ្រឿងដ៏ឆ្ងុយឆ្ងាញ់ សាច់គោចំណិតតូចៗមានលាយគ្រឿងជាមួយនឹងទឹកម្រេចខ្មៅ យើងក៏មានបាយដែរ»។
អ្នកជំនាញថា ព្រឹត្តិការណ៍នេះជាការបង្ហាញអំណាចទន់របស់រដ្ឋាភិបាលក្រុងប៉េកាំង និងបង្ហាញពីសារៈសំខាន់ដែលចិនផ្តល់ឱ្យសម្រាប់តួនាទីដែលអាហ្វ្រិកអាចជួយចិនក្នុងការប្រកួតប្រជែងសាកលក្នុងវិស័យលំហអវកាស។
លោក Temidayo Oniosun អ្នកវិទ្យាសាស្ត្រលំហអវកាសនីហ្សេរីយ៉ា និងជានាយកគ្រប់គ្រងនៃគេហំព័រ «លំហអវកាសនៅអាហ្វ្រិក» បានប្រាប់ VOA ថា សេដ្ឋកិច្ចនៃវិស័យអវកាសអាហ្វ្រិកនៅឆ្នាំ២០២១ មានតម្លៃ ១៩,៤៩ ពាន់លានដុល្លារ និងត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រមាណ ១៦ ភាគរយ នៅក្នុងរយៈពេល ៤ ឆ្នាំបន្ទាប់។
លោក Temidayo Oniosun បានថ្លែងក្នុងសម្តីដើមថា៖
«វិស័យលំហអវកាសនៅអាហ្វ្រិកកំពុងកើនឡើងក្នុងអត្រាមិនគួរឱ្យជឿ ដូច្នេះប្រទេស និងតំបន់ដូចជាចិន អឺរ៉ុប រុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមប្រកួតយកចំណែករៀងៗខ្លួនក្នុងវិស័យនេះ»។
ទោះបីជាយ៉ាងនេះក៏ដោយ នៅត្រឹមឆ្នាំនេះ មានតែប្រទេសអាហ្វ្រិកចំនួន ១៣ ប៉ុណ្ណោះដែលមានផ្កាយរណបចំនួន ៤៨ ក្នុងចំណោមនោះផ្កាយរណបចំនួន ៦ ត្រូវបានផលិតដោយចិន។
ប្រទេសចិនបានបង្ហោះផ្កាយរណបសម្រាប់ទំនាក់ទំនងជាលើកដំបូងក្នុងប្រទេសនីហ្សេរីយ៉ានៅឆ្នាំ២០០៧ និងលើកទី២ក្នុងរយៈពេល ៤ ឆ្នាំក្រោយមកទៀត។ ចិនក៏បានបង្ហោះផ្កាយរណបសម្រាប់ទំនាក់ទំនងជាលើកដំបូងនៅប្រទេសអាល់ហ្សេរីក្នុងឆ្នាំ២០១៧ និងផ្កាយរណបជាលើកដំបូងសម្រាប់អេត្យូពី និងស៊ូដង់ក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០១៨ អ្នកជំនាញនិយាយថា ប្រទេសទុយនីស៊ីជាស្ថានីយមួយក្នុងចំណោមស្ថានីយទទួលសញ្ញានៅលើភពផែនដីនៅក្រៅប្រទេសចិនសម្រាប់ប្រព័ន្ធប្រាប់ទិសពីផ្កាយរណប BeiDou របស់ចិន។
អ្នកជំនាញថា គម្រោងលំហអវកាសអាចពិបាកមើលឃើញជាងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ពាណិជ្ជកម្មចិន (BRI) នៅទូទាំងទ្វីបអាហ្វ្រិក ប៉ុន្តែគម្រោងទាំងនោះអាចជាកត្តាមួយជំរុញផលប្រយោជន៍ចិននៅក្នុងកម្មវិធីអវកាសរបស់អាហ្វ្រិក។
លោកTemidayo Oniosun បានថ្លែងក្នុងសម្តីដើមថា៖
«ការចូលរួមទាំងនេះមិនមែនដោយសារតែចិន និងប្រទេសផ្សេងៗទៀតកំពុងចូលរួមជួយអាហ្វ្រិកនោះទេ។ ពួកគេធ្វើដូចនេះដោយសារតែពួកគេទទួលបានផលប្រយោជន៍សេដ្ឋកិច្ច សង្គមកិច្ច និងសេដ្ឋកិច្ចត្រឡប់ទៅវិញ»។
អ្នកស្រី Julie Klinger ដែលបានសិក្សាពីទំនាក់ទំនងក្នុងវិស័យលំហអវកាសរវាងចិន និងអាហ្វ្រិកបានលើកឡើងនៅក្នុងការស្រាវជ្រាវក្នុងឆ្នាំ២០២០របស់អ្នកស្រីថា «ការសាងសង់បណ្តាញផ្កាយរណបបញ្ជាពីចម្ងាយ» នៅអាហ្វ្រិកអនុញ្ញាតឱ្យចិន «គាំទ្រដល់សមាហរណកម្មភស្តុភារនៃបណ្តារដ្ឋដៃគូក្នុងគម្រោងផ្លូវក្រវាត់ពាណិជកម្មចិន»។
អ្នកស្រី Klinger ដែលបង្រៀននៅសាកលវិទ្យាល័យ Delaware បានប្រាប់ VOA ថា កម្មវិធីលំហអវកាសរបស់ចិនបានក្លាយជាកម្មវិធីអន្តរជាតិចាប់តាំងពីពេលចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសាកលរបស់លោកប្រធានាធិបតី Xi Jinping ដែលមានឈ្មោះថា គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មចិន។
សម្រាប់មូលហេតុដែលប្រទេសអាហ្វ្រិកស្វាគមន៍ភាពជាដៃគូជាមួយនឹងចិន អ្នកស្រី Klingerថា ប្រទេសនៅទ្វីបអាហ្វ្រិកមានគោលបំណងផ្សេងៗគ្នា។ ពួកគេមិនមានបំណងប្រើគម្រោងលំហអវកាសសម្រាប់វិស័យយោធា ឬវិស័យនាំមនុស្សទៅលំហអវកាសទេ។ អ្វីដែលពួកគេចាប់អារម្មណ៍គឺបច្ចេកវិទ្យាទំនាក់ទំនង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។
អ្នកស្រី Julie Klinger បានថ្លែងក្នុងសម្តីដើមថា៖
«ចំណុចដ៏សំខាន់មួយទៀតនៅក្នុងកិច្ចសហការលំហអវកាសចិន និងអាហ្វ្រិកគឺពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការតាមដានបរិស្ថាន និងការគ្រប់គ្រងគ្រោះមហន្តរាយ»។
អ្នកស្រី Klinger បានថ្លែងថា ព្រឹត្តិការណ៍ដូចជាការជជែករបស់និស្សិតជាមួយនឹងអាកាសយានិកនេះជួយជំរុញការចាប់អារម្មណ៍ក្នុងវិស័យលំហអវកាសក្នុងចំណោមយុវជនអាហ្វ្រិក និងបដិសេធទស្សនៈដែលថា ការរុករកនៅលំហអវកាសរបស់អាហ្វ្រិកគ្រាន់តែជាការធ្វើឲ្យល្អមើលប៉ុណ្ណោះ៕