អង្គការសុខភាពពិភពលោក កាលពីថ្ងៃច័ន្ទ បានបង្ហើបឲ្យដឹងព័ត៌មានវិជ្ជមានដ៏កម្រខ្លះថា ការរាលដាលនៃជំងឺអ៊ីបូឡាដ៏ប្រល័យដែលបានសម្លាប់មនុស្សជាង៦ពាន់នាក់ក្នុងតំបន់អាហ្វ្រិកខាងលិច កំពុងធ្លាក់ចុះ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បាននិយាយថា ទិសដៅរបស់ខ្លួនក្នុងការដាក់អ្នកជំងឺឲ្យនៅដាច់ពីគេហើយនឹងការព្យាបាលជំងឺនេះបានស្ថិតនៅលើផ្លូវត្រូវ ដែលជាង៧០ភាគរយនៃអ្នកជំងឺស្ថិតនៅក្នុងប្រទេស Liberia, Sierra Leone និងប្រទេស Guinea ដោយគិតត្រឹមថ្ងៃទី១ ខែធ្នូ។
លោក Bruce Aylward ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវថា ជាលទ្ធផលពួកគេអាចគ្រប់គ្រងជំងឺនេះបានប្រសើជាងមុន។
ក៏ប៉ុន្តែ លោកបាននិយាយបន្ថែមទៀតថា មានការងារជាច្រើនទៀតដែលត្រូវធ្វើមុនពេលប្រទេសណាមួយក្នុងចំណោមប្រទេសទាំង៣នេះ អាចប្រកាសថាជាប្រទេសគ្មានករណីនៃជំងឺអ៊ីបូឡានេះ។
កាលពី២ខែមុន អង្គការសហប្រជាជាតិ បានចាប់ផ្តើមផែនការមួយដើម្បីធ្វើឲ្យប្រាកដថា សពនៃជនរងគ្រោះដោយជំងឺអ៊ីបូឡាចំនួន៧០ភាគរយត្រូវបានបញ្ចុះយ៉ាងត្រឹមត្រូវ ហើយករណីសង្ស័យចំនួន៧០ភាគរយទៀត ត្រូវដាក់នៅកន្លែងដាច់ពីគេ។