អង្គការសុខភាពពិភពលោកបានប្រាប់ឲ្យដឹងថា កិច្ចខំប្រឹងប្រែងប្រឆាំងជំងឺអ៊ីបូឡាក្នុងតំបន់អាហ្វ្រិកខាងលិចត្រូវអន្តរាយដោយការបញ្ចុះសពគ្មានសុវត្ថិភាពហើយនិងការខកខានមិនបានកំណត់អត្តសញ្ញាណនៃករណីជំងឺអ៊ីបូឡារាប់សិបករណី។
ក្រុមមន្រ្តីសុខាភិបាលបានព្រមានជាច្រើនខែមកហើយថា ដើម្បីបញ្ឈប់មេរោគអ៊ីបូឡាកុំឲ្យរាលដាល ករណីសង្ស័យត្រូវតែទុកឲ្យដាច់ពីគេហើយនិងត្រូវធ្វើតេស្ត ហើយមនុស្សដែលត្រូវស្លាប់ដោយជំងឺអ៊ីបូឡា ត្រូវតែកប់ដោយក្រុមបុគ្គលិកដែលមានពាក់គ្រឿងប្រដាប់ការពារពិសេស។
ក៏ប៉ុន្តែសេចក្តីរាយការណ៍ពីស្ថានភាពជំងឺអ៊ីបូឡារបស់អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ឲ្យដឹងថា នៅក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី១៥ ខែកុម្ភៈ មានការបញ្ចុះសពដោយគ្មានសុវត្ថិភាពចំនួន៣៩នៅក្នុងប្រទេសហ្គីណេ (Guinea) ដោយមាន៤៥ករណីនៅក្នុងប្រទេសសៀរ៉ាឡែអូន (Sierra Leone)។
អង្គការសុខភាពពិភពលោកបានប្រាប់ឲ្យដឹងទៀតថា មានករណីបន្ថែមចំនួន៤០ដែលមនុស្សត្រូវបានបញ្ជាក់ថាមានជំងឺអ៊ីបូឡាបន្ទាប់ពីពួកគេបានស្លាប់នៅឆ្ងាយពីកន្លែងព្យាបាល។
មន្រ្តីសុខាភិបាលក្នុងប្រទេសហ្គីណេ លីបេរីយ៉ា (Liberia) និងប្រទេសសៀរ៉ាឡែអូន (Sierra Leone) បានស្ថាបនាបណ្តាញការងារដើម្បីតាមដានករណីសង្ស័យនៃជំងឺអ៊ីបូឡាហើយនិងនាំពួកគេទៅកាន់ទីកន្លែងពិសេសដើម្បីធ្វើតេស្តនិងព្យាបាល។
អង្គការសុខភាពពិភពលោកបានប្រាប់ឲ្យដឹងទៀតថា សហគមន៍ជាច្រើននៅក្នុងប្រទេសហ្គីណេនិងសេរ៉ាឡេអូនបន្តប្រឆាំងវិធានការទប់ស្កាត់ហើយមិនសហប្រតិបត្តិការជាមួយបុគ្គលិកសុខាភិបាលឡើយ។ អង្គការសុខភាពពិភពលោកបានរាយការណ៍ពីចំនួនអ្វីដែលអង្គការនោះបានហៅថាឧបទ្ទវហេតុខាងសន្តិសុខនៅក្នុងប្រទេសទាំង២កាលពីសប្តាហ៍មុន៕