អង្គការសុខភាពពិភពលោក WHO ព្រមានថា កង្វះគិលានុបដ្ឋាកជាសកលកំពុងធ្វើឲ្យជីវិតមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យ ហើយនេះ គឺជារឿងដែលគួរឲ្យព្រួយបារម្ភ ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរាលដាលមេរោគកូវីដ១៩។
ដើម្បីប្រារព្ធទិវាសុខភាពពិភពលោក របាយការណ៍ដំបូងបំផុតដែលមិនធ្លាប់មាន ស្តីពីស្ថានភាពគិលានុបដ្ឋាកនៅទូទាំងពិភពលោក ដែលចងក្រងឡើងរួមគ្នាដោយអង្គការសុខភាពពិភពលោក និងក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ កំពុងត្រូវបានរៀបចំផ្សព្វផ្សាយ។
ទិន្នន័យពីប្រទេសចំនួន ១៩១ បង្ហាញថា ការងារដ៏សំខាន់ដែលអនុវត្តដោយគិលានុបដ្ឋាក ជាញឹកញាប់ ត្រូវបានគេមិនសូវផ្តល់តម្លៃ។ ការស្ទង់មតិបានរកឃើញថា ជាជាងទទួលបាននូវការអបអរសាទរដល់ជំនាញរបស់ពួកគេ និងការអាណិតអាសូរនោះ ជាញឹកញាប់គិលានុបដ្ឋាក ត្រូវបានគេបំពាន ទទួលរងនូវការរើសអើង និងធ្វើការច្រើនម៉ោងក្នុងស្ថានភាពពោរពេញទៅដោយស្រ្តេស ហើយចំណែកឯប្រាក់ខែទៀតសោត ក៏មិនខ្ពស់ដែរ។
គិលានុបដ្ឋាកមានចំនួនច្រើនជាងពាក់កណ្តាលនៃបុគ្គលិកសុខាភិបាលទាំងអស់របស់ពិភពលោក ហើយពួកគេ គឺជាសសរទ្រទ្រង់ប្រព័ន្ធសុខាភិបាល។ របាយការណ៍ដែលចងក្រងឡើងរួមគ្នាដោយអង្គការសុខភាពពិភពលោក និងក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិនេះ បានបង្ហាញថា នៅទូទាំងពិភពលោក មានគិលានុបដ្ឋាកតែ ២៨ លាននាក់ប៉ុណ្ណោះ។ ចំនួននេះ បង្ហាញថា ពិភពលោក នៅខ្វះគិលានុបដ្ឋាកជិត ៦ លាននាក់ទៀត។
ប្រទេសដែលខ្វះគិលានុបដ្ឋាកខ្លាំងបំផុតមានដូចជា បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក នៅតំបន់អាស៊ីអាគ្នេយ៍ តំបន់មេឌីទែរ៉ាណេខាងកើត និងផ្នែកខ្លះនៃតំបន់អាមេរិកឡាទីន។ លោក Howard Catton នាយកប្រតិបត្តិនៃក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ និងជាសហប្រធាននៃការចងក្រងរបាយការណ៍ខាងលើនេះ បានថ្លែងថា កង្វះខាតគិលានុបដ្ឋាក អាចធ្វើឲ្យជីវិតមនុស្សជាច្រើនប្រឈមនឹងហានិភ័យ ជាពិសេស ក្នុងពេលដែលយើងកំពុងតែប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩នេះ។ លោក Howard Catton បានថ្លែងបន្តក្នុងសម្តីដើមថា៖
«យើងដឹងថាភ័ស្តុតាងបង្ហាញថា អត្រាឆ្លងជំងឺ កំហុសផ្នែកឱសថ ការកំណត់អត្តសញ្ញាណអ្នកជម្ងឺដែលមានសុខភាពកាន់តែដុនដាប អត្រាមរណៈ គឺមានចំនួនច្រើនជាងនៅកន្លែងដែលមានគិលានុបដ្ឋាកតិចតួច។ សុវត្ថិភាពរបស់អ្នកជំងឺ ទាក់ទងទៅនឹងចំនួនគិលានុបដ្ឋាក។ ការខ្វះគិលានុបដ្ឋាកនេះ បង្កជាបញ្ហាផ្សេងទៀត ដោយសារថា វាធ្វើឲ្យគិលានុបដ្ឋាកដែលយើងមានក្នុងពេលបច្ចុប្បន្ន ធ្វើការជ្រុលហួសកម្លាំងរបស់ពួកគេ ដែលវាធ្វើឲ្យកម្រិតស្ត្រេសរបស់ពួកគេឡើងខ្ពស់ ឆ្អែតឆ្អន់នឹងការងារ ហើយអត្រាលាលែងពីការងាររបស់ពួកគេ ក៏ឡើងខ្ពស់ដែរ»។
របាយការណ៍ខាងលើនេះ កត់សម្គាល់ថា ប្រទេសអ្នកមានជាច្រើន មិនមានគិលានុបដ្ឋាកគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការផ្នែកសុខាភិបាលរបស់ខ្លួននោះទេ។ ដូច្នេះពួកគេជួលគិលានុបដ្ឋាកមកពីប្រទេសក្រីក្រ ដោយផ្តល់ប្រាក់ខែដល់ពួកគេ ខ្ពស់ជាងប្រាក់ខែដែលពួកគេទទួលបាន នៅឯប្រទេសកំណើត។ អ្នកស្រី Mary Watkins សហប្រធាននៃយុទ្ធនាការ Nursing Now និងជាសហប្រធាននៃការចងក្រងរបាយការណ៍នេះ ថ្លែងថា វិធីមួយដើម្បីបញ្ឈប់ការជួលគិលានុបដ្ឋាកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នោះ គឺកែលំអស្ថានការការងារសម្រាប់គិលានុបដ្ឋាកនៅឯប្រទេសកំណើតរបស់ពួកគេ។ អ្នកស្រី Mary Watkins ថ្លែងបន្តក្នុងសម្តីដើមថា៖
«វាមិនមែនទាក់ទងតែនឹងប្រាក់ខែតែម្យ៉ាងប៉ុណ្ណោះទេ វាក៏ទាក់ទងនឹងសុវត្ថិភាព និងការអនុវត្ត ដោយរាប់ចាប់ពីអំពើហិង្សានៅកន្លែងធ្វើការ ហើយនឹងអ្វីដែលគួរសង្កត់ធ្ងន់នៅពេលនេះ គឺឧបករណ៍ការពារផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា គិលានុបដ្ឋាក នឹងមិនឆ្លងជំងឺកូវីដ១៩ នៅពេលដែលពួកគេបំពេញការងាររបស់ពួកគេក្នុងពេលនេះ»។
មិនមានតួលេខច្បាស់លាស់អំពីអត្រានៃការឆ្លងជំងឺនៅក្នុងចំណោមបុគ្គលិកសុខាភិបាលទេ។ ប៉ុន្តែ មន្ត្រីអង្គការសុខភាពពិភពលោកនិយាយថា បើតាមទិន្នន័យដែលមាននោះ បង្ហាញឲ្យយើងឃើញពីការកើនឡើងដ៏គួរឲ្យព្រួយបារម្ភនៃចំនួនគិលានុបដ្ឋាកដែលបានឆ្លងជំងឺកូវីដ១៩។
ឧទាហរណ៍នៅប្រទេសអ៊ីតាលីបានរាយការណ៍ថា ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ក្នុងចំណោមអត្រាអ្នកឆ្លង មាន៩ ភាគរយ គឺបុគ្គលិកថែទាំសុខភាព ហើយថ្មីៗនេះ នៅប្រទេសអេស្ប៉ាញវិញ មាន១៤ ភាគរយ។ ពួកគេកត់សម្គាល់ថា មានគិលានុបដ្ឋាក និងបុគ្គលិកថែទាំសុខភាពផ្សេងទៀត រហូតដល់ ១០០ នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដោយសារតែពួកគេខ្វះឧបករណ៍ការពារខ្លួន និងឧបករណ៍ចាំបាច់ផ្សេងៗទៀតសម្រាប់ការពារពួកគេឲ្យមានសុវត្ថិភាព៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់