អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យកម្ពុជារឹតបន្តឹងវិធានការនៅតាមច្រកចូលប្រទេសឲ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសការនាំចូលជំងឺកូវីដ១៩ ខណៈជើងយន្តហោះចាប់ផ្តើមមានអ្នកដំណើរមួយចំនួន ក្រោយកម្ពុជាលើកបម្រាមធ្វើដំណើរចំពោះប្រទេសចំនួន៦។ នេះបើតាមការលើកឡើងរបស់លោកស្រី លី អាយឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានប្រាប់ VOA កាលពីថ្ងៃច័ន្ទ។
នៅក្នុងសារអេឡិចត្រូនិកមួយផ្ញើមក VOA លោកស្រី លី អាយឡាន បានជំរុញឲ្យកម្ពុជាបន្តការប្រុងប្រយ័ត្នចំពោះករណីឆ្លងកូវីដ១៩ បន្ថែមទៀត ក្រោយរកឃើញករណីឆ្លងថ្មីពីរទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោកស្រីបន្តថា ករណីឆ្លងថ្មីចុងក្រោយទាំងពីរនេះ បង្ហាញថា វីរុសកូរ៉ូណាមិនទាន់សាបរលាបទេ រហូតទាល់តែប្រទេសទាំងអស់លើពិភពលោកលែងមានវីរុសនេះតទៅទៀត។លោកស្រីបញ្ជាក់ថា ដរាបណាវីរុសនេះនៅតែកំពុងសាយភាយវិលវល់ក្នុងប្រទេសដទៃទៀត «កម្ពុជានៅតែមានហានិភ័យ»។
ករណីឆ្លងថ្មីពីរចុងក្រោយបំផុតដែលកម្ពុជាបានធ្វើតេស្តរកឃើញនេះ កើតឡើងចំពោះស្ត្រីខ្មែរ អាយុ៣៩ឆ្នាំម្នាក់ រស់នៅរាជធានីភ្នំពេញ ដែលបានធ្វើដំណើរវិលត្រឡប់មកពីសហរដ្ឋអាមេរិក និងបុរសខ្មែរម្នាក់ទៀត អាយុ២៦ឆ្នាំ រស់នៅខេត្តកំពត ដែលបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសហ្វីលីពីន ដោយបន្តជើងយន្តហោះពីប្រទេសកូរ៉េខាងត្បូង។
កាលពីសប្តាហ៍មុន ប្រទេសកម្ពុជាបានសម្រេចលើកបម្រាមធ្វើដំណើរពីប្រទេសចំនួន៦ ចូលកម្ពុជា រួមមានសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអ៊ីរ៉ង់។
លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ជំរុញឲ្យកម្ពុជាអនុវត្តវិធានការសមរម្យ និងការអនុញ្ញាតឲ្យចូលបន្តិចម្តងៗ ដើម្បីបញ្ចៀសការនាំចូលជំងឺកូវីដ១៩ ពីក្រៅប្រទេស។
លោកស្រីមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលទី១ នៃការរាតត្បាតជំងឺកូវីដ១៩។ ការដាក់វិធានការនៅតាមព្រំដែនមានសារៈសំខាន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការនាំចូលថ្មីនៃជំងឺកូវីដ១៩»។
លោកស្រីបន្ថែមថា៖ «នៅក្នុងប្រទេសនីមួយៗ រដ្ឋាភិបាលសម្រេចអ្វីដែលជាវិធានការរឹងមាំគ្រប់គ្រងតាមច្រកដែលសមរម្យ និងអាចទៅរួចសម្រាប់ប្រទេសរបស់គេ។ សម្រាប់ប្រទេសកម្ពុជា អង្គការសុខភាពពិភពលោកបន្តណែនាំឲ្យរដ្ឋាភិបាលអនុវត្តវិធីសមតុល្យ ដែលផ្អែកលើហានិភ័យសម្រាប់ការដកជាបណ្តើរៗ ឬក៏ការណែនាំឡើងវិញនូវវិធានការទាក់ទងនឹងការធ្វើដំណើរចាំបាច់ ដែលរួមបញ្ចូលទាំងការកំហិតទៅលើមនុស្សចូលមកក្នុងប្រទេស»។
លោកស្រីបន្តថា អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីពង្រឹងវិធានការសុខភាពសាធារណៈ ក្នុងនោះមានការត្រួតពិនិត្យមើលសុខភាពរបស់អ្នកធ្វើដំណើរនៅព្រលានយន្តហោះ និងការផ្តល់ព័ត៌មានទាក់ទងនឹងសុខភាព និងការណែនាំដល់អ្នកដំណើរអន្តរជាតិ។
អង្គការសុខភាពពិភពលោកក៏ជំរុញឲ្យកម្ពុជាត្រៀមខ្លួនរួចជាស្រេច សម្រាប់ការទប់ស្កាត់ការរាតត្បាតនៃជំងឺទ្រង់ទ្រាយធំនៅសហគមន៍។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ជា អូន ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា រហូតមកដល់ពេលនេះ ការធ្វើដំណើរចូលមកកម្ពុជាមានជើងយន្តហោះតែពីរបីប៉ុណ្ណោះ គឺធ្លាក់ចុះពី១០០ ភាគរយមកត្រឹមតែ ៣ទៅ៥ភាគរយ។ លោកបន្តថា យន្តហោះទាំងនោះមកពីកូរ៉េខាងត្បូង និងចិនជាដើម។ លោកថា មានការហោះហើរផ្សេងទៀត ប៉ុន្តែភាគច្រើនជាការដឹកទំនិញប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ឥឡូវគាត់[ម្ចាស់យន្តហោះ] ដូចថាដើម្បីធ្វើអាជីវកម្ម គ្រាន់តែម៉ារស់ៗរួចខ្លួនតិចៗ។ គាត់ដាក់អីវ៉ាន់ថែមអ៊ីចឹង។ វាអត់មានមនុស្ស អ៊ីចឹងគាត់ដាក់អីវ៉ាន់»។
លោក ជា អូន ឲ្យដឹងថា ក្រោយពីរដ្ឋាភិបាលដកបម្រាមកំហិតការធ្វើដំណើរពីប្រទេសចំនួន៦ នោះ អ្នកធ្វើដំណើរមួយចំនួនបានចូលមកក្នុងប្រទេសវិញ ចន្លោះពី ២០ ទៅ ២០០ នាក់ ក្នុងមួយថ្ងៃ ដែលលោកថា មានការប្រែប្រួលមិនអាចប៉ាន់ស្មានជាក់លាក់បាន។
លោកមានប្រសាសន៍ថា៖ «ប្រជាជនខ្មែរយើង កូនសិស្សនិស្សិត ឬក៏អ្នកធ្វើការក្រៅប្រទេស គាត់មកស្រុកវិញ។ គាត់ចេះតែរកផ្លូវមក...ឃើញថាកំណើន ឃើញកើន»។
ខណៈចុះទៅពិនិត្យនៅព្រលានយន្តហោះភ្នំពេញ កាលពីថ្ងៃច័ន្ទ រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា អ្នកធ្វើដំណើរទាំងអស់ទាំងខ្មែរ និងបរទេសត្រូវមានបណ្ណបញ្ជាក់សុខភាពថា មិនមានជំងឺកូវីដនោះទេ។ លោកបន្តថា ប្រសិនបើមិនមានជំងឺពួកគេត្រូវឲ្យត្រឡប់ទៅផ្ទះ ហើយណែនាំឲ្យដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ។
លោករដ្ឋមន្រ្តីឲ្យដឹងទៀតថា បើមាននរណាម្នាក់មានជំងឺកូវីដ១៩ នោះ អ្នកដំណើរទាំងអស់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងពិនិត្យតាមដានសុខភាពរយៈពេល ១៤ ថ្ងៃ នៅមន្ទីរពេទ្យដែលរៀបចំដោយក្រសួងសុខាភិបាល។
លោកមានប្រសាសន៍ថា៖ «យើងត្រូវតែបន្តការរឹតបន្តឹងពីព្រោះហេតុម៉េច ការរាតត្បាតនៃជំងឺកូវីដនេះនៅទូទាំងពិភពលោក»។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងកាលពីចុងសប្តាហ៍មុនថា ប្រជាពលរដ្ឋខ្មែរដែលជាប់នៅបណ្តាប្រទេសផ្សេងៗ មិនមានព័ត៌មានអំពីការតម្រូវឲ្យមានបណ្ណសុខភាពបញ្ជាក់ថា មិនមានជំងឺកូវីដ ដូច្នេះពួកគេចូលមកកម្ពុជា ប៉ុន្តែលោកស្រីថា ក្រសួងបន្តការត្រួតពិនិត្យសុខភាពរបស់ពួកគេ មុននឹងអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះ។
លោកស្រីមានប្រសាសន៍ថា៖ «ធម្មតាទេ វិធានការអីក៏ដោយ ការអនុវត្ត យើងរឹតបន្តឹង ក៏ប៉ុន្តែជនជាតិខ្មែរដូចគ្នា ពេលខ្លះ ក៏គាត់មិនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីក្រៅមក។ អ្នកទៅក្រៅប្រទេសអាចដឹងបានហើយ អ្នកខ្លះគាត់ទៅអ៊ីចឹងទៅ គាត់ជាប់ អ៊ីចឹងទៅ។ គាត់អត់មានមធ្យោបាយមើលអ៊ិនធឺណិត ហើយដល់ត្រូវមក ក៏មកអ៊ីចឹងទៅ។ អាហ្នឹង ក៏វាអាចថា បានដែរ»។
កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលចាប់ផ្តើមតម្រូវឲ្យអ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ ទាំងជនបរទេស ត្រូវតែមានបណ្ណបញ្ជាក់សុខភាពចេញ ដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសទាំងនោះ ក្នុងរយៈពេល ៧២ ម៉ោង។
អ្នកដំណើរដែលជាជនបរទេសក៏ត្រូវមានឯកសារធានារ៉ាប់រងសុខភាព មានទឹកប្រាក់យ៉ាងតិច ៥ ម៉ឺនដុល្លារអាមេរិកផងដែរ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លើកលែងតែមន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជា។ អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជា នឹងត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តបញ្ជាក់ថា មិនមានវីរុសកូវីដ១៩ និងត្រូវរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ៕