អង្គការ​សុខភាព​ពិភពលោក​ថា​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្វិត​ដៃ​ជើង​ប៉ូលីយ៉ូ​លើស​ចំនួន​ក្នុង​តំបន់​ហ្កាហ្សា

ម្តាយ​បី​កូន​របស់​ខ្លួន​ទៅ​ចាក់​វ៉ាក់សាំងជំងឺស្វិត​ដៃជើង​ក្នុង​តំបន់ហ្កាហ្សាកាលពីថ្ងៃទី​១ កញ្ញា​ឆ្នាំ២០២៤។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា​យុទ្ធនាការ​នៃ​ការ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្វិត​ដៃ​ជើង​ប៉ូលីយ៉ូ​គ្រាអាសន្ន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បាន​ធ្វើ​ឱ្យ​សម្រេច​ច្រើន​ជាង​ការរំពឹងទុក ដោយ​មាន​កុមារ១សែន៦ម៉ឺន១ពាន់​នាក់​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ដូស​ទីមួយ​នៅ​ក្នុង​រយៈពេល២ថ្ងៃ​ដំបូង។

អង្គការ WHO បាន​បន្ថែម​ទៀត​ថា ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជុំ​ទី១ នឹង​ចំណាយ​ពេល ១០ថ្ងៃ។

ដោយ​តំបន់​ហ្កាហ្សា​កំពុង​រងការបំផ្លិច​បំផ្លាញ​ហើយពលរដ្ឋ​ភាគ​ច្រើន​នៃ​ពលរដ្ឋ២ លាន៤សែន​នាក់​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​បណ្តាល​មកពី​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល ជា​រឿយៗ​ជ្រកពួន​នៅ​ក្នុង​ស្ថានភាព​គ្មាន​អនាម័យ។ ជំងឺ​បាន​រាលដាល។

បន្ទាប់ពី​ករណី​ជំងឺ​ស្វិត​ដៃ​ជើង​ប៉ូលីយ៉ូ​បាន​បញ្ជាក់​ជា​លើក​ដំបូងក្នុង​រយៈពេល២៥ឆ្នាំ​មក កិច្ចខំប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ដ៏​ធំ​មួយ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ។

យុទ្ធនាការ​នេះ​មាន​គោលបំណង​ចាក់វ៉ាក់សាំង​ដល់​កុមារ​ជាង៦សែន៤ម៉ឺន​នាក់​នៅ​ក្នុង​ទឹកដី​ដែលត្រូវបាន​ឡោមព័ទ្ធ និង​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​ជិត១១ខែ។

ជំងឺ​ស្វិត​ដៃ​ជើង​ប៉ូលីយ៉ូដែល​មាន​ផល​ប៉ះពាល់ខ្លាំង​ទៅលើ​កុមារ​អាយុ​ក្រោម​៥ឆ្នាំនេះ អាច​បណ្តាល​ឱ្យ​ខូច​រាងកាយ កម្រើក​ដៃ​ជើង​មិន​រួច​ហើយ​ក្នុង​ករណី​ខ្លះបណ្តាលស្លាប់។

លោក Rik Peeperkorn ជា​អ្នក​តំណាង​អង្គការ​សុខភាព​ពិភពលោក WHO សម្រាប់​ដែនដី​ប៉ាឡេស្ទីន​បាន​និយាយថា​វា​ជា​ការសំខាន់​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​យ៉ាង​ហោច​ណាស់​ក៏​ចំនួន៩០ភាគរយ​ដែរ​ដើម្បី​បញ្ចៀស​ការរាលដាល​នៃ​ជំងឺ​នេះ​ទាំង​នៅ​ក្នុង​ព្រំដែន​នៃ​តំបន់​ហ្កាហ្សា​និង​ហួសពី​តំបន់​នេះ។

យុទ្ធនាការ​នេះ​បាន​ចាប់ផ្តើម​នៅ​ផ្នែក​កណ្តាល​នៃ​តំបន់ Gaza Strip ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ជា​ទីកន្លែង​ដែល​អង្គការ WHO រំពឹង​កាលពី​ដំបូង​ថា​នឹង​ចាក់​វ៉ាក់សាំង​កុមារ​អាយុ​ក្រោម​១០ឆ្នាំ​ចំនួន១សែន៥ម៉ឺន៦ពាន់៥រយ​នាក់៕