អង្គការ WHO៖ ខ្លួន​មិនមែន​រក​កំហុស​ទេ ដែល​ទៅ​ស៊ើបអង្កេត​ប្រភព​នៃ​ជំងឺ​កូវីដ១៩​នៅ​ចិន

រូបឯកសារ៖ អ្នកធ្វើការ​ម្នាក់​នៅក្នុង​ឈុតការពារ ដើរ​នៅ​ផ្សារ​លក់​ម្ហូប​សមុទ្រ​ដែល​ត្រូវ​បាន​បិទ នៅក្នុង​ទីក្រុង​វូហាន ខេត្តហ៊ូប៉ី នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

មន្ត្រី​ប្រចាំ​អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រឹងប្រែង​ស៊ើប​អង្កេត​រក​ដើម​កំណើត​នៃ​ជំងឺ​កូវីដ​១៩​ គឺ​មិន​មែន​ដើម្បី​រក«នរណា​ម្នាក់ដើម្បី​បន្ទោស»​ឡើយ ស្រប​ពេល​អង្គការ​នេះ​ បញ្ជូន​អ្នក​ជំនាញ​អន្តរជាតិ​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​សប្ដាហ៍​នេះ។​

លោក Mike Ryan​ អ្នក​ជំនាញ​ជាន់ខ្ពស់​ខាង​គ្រា​អាសន្ន​របស់​អង្គការ​ WHO បានថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖​ «យើង​កំពុង​ស្វែង​រក​ចម្លើយ​នៅ​ទី​នេះ ដែល​អាច​ជួយ​យើង​ក្នុង​ពេល​អនាគត។ មិន​រក​ពិរុទ្ធជន និងមិនមែន​រក​មនុស្ស​ដើម្បី​ស្ដី​បន្ទោស​ឡើយ»។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័តមាន​ដូចគ្នា​នេះ នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន នឹង​ស្វែង​យល់​ពី​ប្រភព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ដំបូង​ នៅ​ក្នុង​ទីក្រុង Wuhan (វូហាន) ភាគ​កណ្តាល​ប្រទេស។

ការ​លើក​ឡើង​ទំាង​នេះ កើត​ឡើងក្រោយ​ពេល​រដ្ឋាភិបាល​ចិន​ប្រកាស​ថា ក្រុម​ការងារ​របស់​អង្គការ WHO នឹង​ទៅ​ដល់​ប្រទេស​ចិន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាន​ស្អែក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ច្បាស់​ទេ​ថា​ តើក្រុម​អ្នក​ជំនាញ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Wuhan កន្លែង​ដែល​ជំងឺ​កូវីដ​១៩ ផ្ទុះ​ឡើង​មុន​គេ​កាល​ពី​ចុង​ឆ្នាំ​ ២០១៩ ឬយ៉ាងណានោះ៕