អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតពីការចោទប្រកាន់ពីការប្រព្រឹត្តមិនត្រឹមត្រូវ រួមមានការរើសអើង និងការប្រកាន់ភេទនៅក្នុងទីភ្នាក់ងារនោះ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយកាលពីសប្តាហ៍មុនអំពីសេចក្តីលម្អិតនៃការចោទប្រកាន់នោះ។
សេចក្តីរាយការណ៍ព័ត៌មាននោះ ផ្អែកលើសារអ៊ីម៉ែល អនាមិកជាបន្តបន្ទាប់ដែលអះអាងថា បុគ្គលិកជនជាតិអាហ្វ្រិកនៅឯអង្គការសុខភាពពិភពលោក(WHO) បានទទួលរងការរើសអើងខាងពូជសាសន៍ជាប្រព័ន្ធ និងការរំលោភបំពានដោយពាក្យសម្តីហើយនឹងការប្រមាថមើលងាយដោយសហការីរបស់ខ្លួននៅទីក្រុងហ្សឺណែវ។
របាយការណ៍នោះ ក៏បានចោទប្រកាន់អង្គការសុខភាពពិភពលោក (WHO) ពីការប្រកាន់ភេទនិងចោទប្រកាន់ពីការឆរបោកនិងពុករលួយនៅក្នុងការអនុវត្តលទ្ធកម្ម។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ដែលជាជនជាតិអាហ្វ្រិកលើកដំបូងកាន់កាប់ដំណែងនេះក៏មិនរួចផុតពីការចោទប្រកាន់ដែរ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) លោកនិយាយថា បញ្ហានេះ បានត្រូវបញ្ជូនទៅឲ្យការិយាល័យត្រួតពិនិត្យរបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីស៊ើបអង្កេត។ លោកបានបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) មិនអត់ឱនឲ្យសោះឡើយចំពោះការប្រព្រឹត្តមិនត្រឹមត្រូវឬការរើសអែងនេះ។
លោកTarek Jasarevic អ្នកនាំពាក្យអង្គការសុខភាពពិភពលោក(WHO) និយាយថា មានការចោទប្រកាន់ពីការប្រព្រឹត្តមិនត្រឹមត្រូវបានត្រូវលើកឡើងនៅឯអង្គការសុខភាពពិភពលោក(WHO)។ លោកបានប្រាប់VOAថា ក្នុងការស៊ើបអង្កេតផ្ទៃក្នុងក្នុងការចោទប្រកាន់បែបនេះ បានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ អាចរាប់ទសវត្សរ៍ទៀតផង។
លោកបានថ្លែងថា «អ្វីដែលយើងបានឃើញហើយខ្ញុំគិតថា វាក៏ជាករណីនៅក្នុងអង្គការផ្សេងៗទៀតដែរគឺថា មានរបាយការណ៍ពាក់ព័ន្ធ នឹងរឿងទាំងនេះកាន់តែច្រើនឡើង។ ហើយ ការណ៍នេះប្រាកដជានិន្នាការវិជ្ជមានមួយ។ វាក៏មានសារៈសំខាន់សម្រាប់យើងដើម្បីដឹងថា តើករណីនៃការប្រព្រិត្តិមិនត្រឹមត្រូវនោះនៅទីណាដើម្បីឲ្យយើងអាចដោះស្រាយបញ្ហានោះ។ ហើយ ការណ៍នេះក៏អាចជាការឆ្លុះបញ្ចាំងនៃការបើកចំហ និងតម្លាភាព ហើយថា មនុស្ស នឹងទុកចិត្តដល់យន្តការនៃការរាយការណ៍របស់យើង»។
លោកJasarevic និយាយទៀតថា អង្គការសុខភាពពិភពលោកWHOបានបង្កើតបណ្តាញទូរសព្ទឯករាជ្យមួយដែលមនុស្សអាចរាយការណ៍ការព្រួយកង្វល់អំពីការសង្ស័យនៃការប្រព្រឹត្តិមិនគប្បីដោយការលាក់ការណ៍ និងអនាមិក។លោកបាននិយាយទៀតថា ការចោទប្រកាន់ទាំងអស់ ត្រូវបានធ្វើការស៊ើបអង្កេតដោយហ្មត់ចត់។
លោកនិយាយថា លោកមិនដឹងថាតើការស៊ើបអង្កេតនៅពេលបច្ចុប្បន្ននេះ នឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃឬខែនោះទេ។ ក្រុមអ្នករឹះគន់ បានបង្កើននូវការមន្ទិលសង្ស័យអំពីសមត្ថភាពរបស់អង្គការសុខភាពពិភពលោកដើម្បីស៊ើបអង្កេតខ្លួនឯងនោះទេ។ ពួកគេកំពុងអំពាវនាវឲ្យប្រកាសអំពីការស៊ើបអង្កេតជាសាធារណៈ។
លោក Jasarevic និយាយបន្តទៀតថា អង្គការសុខភាពពិភពលោក(WHO)បានរាយការណ៍ជាប្រចាំអំពីលទ្ធផលនៃការចោទប្រកាន់សំខាន់ៗដែលចេញពីការស៊ើបអង្កេតឯករាជ្យដល់បណ្តារដ្ឋជាសមាជិក។ លោកនិយាយថា របាយការណ៍ទាំងអស់ នឹងត្រូវចុះផ្សាយនៅលើកេហទំព័រ Website សាធារណៈរបស់អង្គការសុខភាពពិភពលោក (WHO)៕
ប្រែសម្រួលដោយជឹង ប៉ូជីន