អង្គការ​សុខភាព​ពិភពលោក​ថា អ្នកជំងឺ​ដែល​ស្វែងរក​ការថែទាំ​សុខភាព​ស្លាប់​រាប់​លាន​នាក់​ជារៀងរាល់​ឆ្នាំ

  • Lisa Schlein

សារ៉ូម​ដាក់បញ្ចូល​ក្នុង​ខ្លួន​អ្នកជម្ងឺ​មហារីក​វ័យក្មេង​នៅ​មន្ទីរពេទ្យ​កុមារ​Rady ក្នុង​ទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៩។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ថា អ្នកជំងឺ​ចំនួន​ ១៣៤ លាន​នាក់​នៅក្នុង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារតែ​ការថែទាំ​គ្មាន​សុវត្ថិភាព ដែល​នាំឱ្យ​ចំនួន​មនុស្ស​ស្លាប់​មាន​ដល់ ២លាន ៦ សែន​នាក់​ជារៀងរាល់​ឆ្នាំ។

អង្គការ​សុខភាព​ពិភពលោក WHO កំពុង​អំពាវនាវ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​បញ្ឈប់​ការអនុវត្ត​ការថែទាំ​សុខភាព​មិន​ល្អ ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក បាត់បង់​ជីវិត​ជារៀងរាល់​ឆ្នាំ។ នេះ ជា​ការរកឃើញ​នៃ​របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក នៅ​មុន​ទិវា​សុវត្ថិភាព​អ្នកជំងឺ​ពិភពលោក​លើក​ទី ១ នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញា។

អ្នក​ដែល​ធ្លាក់ខ្លួន​ឈឺ​ទៅ​ជួប​គ្រូពេទ្យ ឬ ចុះ​ឈ្មោះ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​រំពឹង​ថា នឹង​ទទួល​បាន​ការព្យាបាល​ដែល​នឹង​ព្យាបាល​ពួកគេ។ ជាអកុសល ក្នុង​ករណី​ជាច្រើន​ការព្យាបាល​ដែល​ពួកគេ​បាន​ទទួល បែរជា​សម្លាប់​ពួកគេ​ទៅ​វិញ។

អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ អ្នកជំងឺ​ម្នាក់​ក្នុង​ចំណោម ១០ នាក់ ប្រឈម​នឹង​គ្រោះថ្នាក់​នេះ។ របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ថា អ្នកជំងឺ​ចំនួន​ ១៣៤ លាន​នាក់​នៅក្នុង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារតែ​ការថែទាំ​គ្មាន​សុវត្ថិភាព ដែល​នាំឱ្យ​ចំនួន​មនុស្ស​ស្លាប់​មាន​ដល់ ២លាន ៦ សែន​នាក់​ជារៀងរាល់​ឆ្នាំ។ អង្គការ​សុខភាព​ពិភពលោក​កត់សម្គាល់​ឃើញ​ថា ការស្លាប់​ទាំងនេះ​ភាគច្រើន​គឺ​អាច​បញ្ជៀស​បាន។

អ្នកស្រី Neelam Dhingra-Kuram គឺ​ជាអ្នកសម្រប​សម្រួល​អង្គការ​សុខភាព​ពិភពលោក​ដែល​ទទួលបន្ទុក​ខាង​ការគ្រប់គ្រង​សុវត្ថិភាព​អ្នកជំងឺ និង​គ្រប់គ្រង​ហានិភ័យ។ អ្នកស្រី​ថ្លែង​ថា គ្រោះថ្នាក់​កើតឡើង​ភាគច្រើន​ដោយសារតែ​ការធ្វើ​រោគវិនិច្ឆ័យ​ខុស ការចេញ​វេជ្ជបញ្ជា​ខុស ការប្រើប្រាស់​ថ្នាំ​មិន​ត្រឹមត្រូវ ការ​វះកាត់​មិនត្រឹមត្រូវ និង​ការឆ្លង​មេរោគ​ដោយសារតែ​ការថែទាំ​សុខភាព​មិន​បាន​ល្អ។

អ្នកស្រី Neelam Dhingra-Kuram ថ្លែងថា៖

«ក៏ប៉ុន្តែ មូលហេតុ​ចំបង​នៃ​គ្រោះថ្នាក់​នេះ​គឺថា នៅក្នុង មណ្ឌល​ថែទាំ​សុខភាព ក៏ដូចជា​នៅក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព មាន​ការ​ខ្វះ​នូវ​វប្បធម៌​មួយ​ដែល​គិត​ដល់​សុវត្ថិភាព​របស់​អ្នកជំងឺ។ ហើយ​នោះ​មាន​ន័យ​ថា ការដឹកនាំ​មិនមាន​ភាពរឹងមាំ​ទេ…ហើយនឹងខ្វះ​ការទាក់ទងគ្នា​ដោយ​បើកចំហរ ខ្វះ​ប្រព័ន្ធ​ដើម្បី​រៀន​ពី​កំហុស និង​បញ្ហា​បច្ចេកទេស។ ដូច្នេះ ឧបមាថា មាន​កំហុស​កើត​ឡើង ហើយ​គ្រោះថ្នាក់​កើត​ឡើង បើសិនជា​អ្នក​មិន​រៀន​ពី​វា​ទេ វា​គឺ​ជា​ការ​បាត់បង់​ឱកាស»។

អ្នកស្រី Dhingra-Kuram ថ្លែង​ទៀត​ថា ប្រព័ន្ធ​មួយ​ដែល​មាន​ទំនាក់ទំនង​បើក​ចំហរ ត្រូវតែ​បង្កើត​ឡើង ដែល​បុគ្គលិក​ថែទាំ​សុខភាព​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​រាយការណ៍​អំពី​កំហុស ហើយ​មិន​ខ្លាច​នឹង​ត្រូវ​បន្ទោស​ចំពោះ​ការរាយការណ៍​អំពី​កំហុស​នោះ។

ក្រៅពី​ការបាត់បង់​អាយុ​ជីវិត​និង​សោកនាដកម្មដែល​អាច​បញ្ជៀស​បាន​នេះ អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា គ្រោះថ្នាក់​ចំពោះ​អ្នកជំងឺ​នេះ ធ្វើឱ្យ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​រាប់ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​ជារៀងរាល់​ឆ្នាំ។ កំហុស​ដែល​ទាក់ទង​នឹង​ថ្នាំ​តែម្យ៉ាងប៉ុណ្ណោះ មាន​តម្លៃ​ប្រហែលជា ៤២ ពាន់​លាន​ដុល្លារ ជា​រៀងរាល់​ឆ្នាំ។

ម៉្យាងវិញទៀត​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ការសិក្សា​មួយ​នៅ​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ការកែលំអ​សុវត្ថិភាព​ក្នុងការ​ថែទាំ​អ្នកជំងឺ អាច​សន្សំ​ថវិកា​ចំនួន​ប្រមាណជា ២៨ ពាន់​លាន​ដុល្លារ​នៅក្នុង​មន្ទីរពេទ្យ​នានា​ នៅ​ចន្លោះ​ឆ្នាំ ២០១០ និង ២០១៥៕

ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់