នៅថ្ងៃថប់ខ្យល់ដ៏ក្តៅខ្លាំងកាលពីកក្កដាឆ្នាំទៅ មនុស្សដ៏ណែន ណាន់តាន់តាប់បានប្រមូលផ្តុំគ្នានៅជិតភោជនីយដ្ឋាននៅតាមបណ្តោយផ្លូវភូមិអង់តាសោមដើម្បីចូលរួមពិធីបុណ្យសពមួយ។
គ្រប់ស្ថានីយទូរទស្សន៍ស្ទើរតែទាំងអស់មិនបានបញ្ចាំងពីពិធីដ៏រន្ធត់នោះទេ។ ជំនួសទៅវិញ បុណ្យសពនេះបានត្រូវផ្សាយបន្តផ្ទាល់តាមគេហទំព័រ Facebook ដោយវិទ្យុអាស៊ីសេរីដែលផ្តល់ថវិកាដោយសហរដ្ឋអាមេរិក ហើយក្រុមរបស់វិទ្យុ អាស៊ីសេរីដែលមានអ្នកកាសែតវីដេអូជាង៣០នាក់ រួមជាមួយអ្នកកាសែត ពលរដ្ឋ ព្រះសង្ឃជាសកម្មជនសិទ្ធិមនុស្ស ហើយនិងមនុស្សផ្សេងៗទៀតដែលទូរស័ព្ទមានប្រព័ន្ធ 3G។
វីដេអូ និងរូបថតដ៏ច្រើនសន្ធឹកសន្ធាប់នៅលើគេហទំព័រ Facebook នៅថ្ងៃនោះបានបង្ហាញមនុស្សរាប់សែននាក់ចេញមកគោរពបុរសម្នាក់ដែលពួកគេជឿជាក់ថា បានត្រូវធ្វើឃាតដោយរដ្ឋាភិបាល ហើយនេះជាសញ្ញាព្រមានដ៏ច្បាស់ពីកម្លាំងនៃបណ្តាញព័ត៌មានសង្គម។
នាង Catherine V. Harry ជាអ្នកកាសែត អ្នកនិពន្ធ និងវិចិត្រករខ្មែរដែលបានក្លាយជាតារាសកម្មជនស្ត្រីខាងបណ្តាញព័ត៌មានសង្គម បានរំលឹកឡើងវិញថា៖ «មានសេចក្តីទោមនស្ស ការរកាំចិត្តដ៏ខ្លាំងប្រឆាំងរដ្ឋាភិបាលព្រោះឥស្សរជនដ៏ល្បីល្បាញម្នាក់បានត្រូវគេធ្វើឃាតដូចនេះ។ កត្តាទាំងនេះបានធ្វើឲ្យមនុស្សយ៉ាងច្រើនទៅចូលរួម ហើយនិងមានកំហឹងយ៉ាងខ្លាំង»។
នាងបាននិយាយទៀតថា៖ «ខ្ញុំឃើញមិត្តភក្តិខ្លះរបស់ខ្ញុំដែលមិនធ្លាប់បាននិយាយជាមួយខ្ញុំអំពីលោក កែម ឡី ទាល់តែសោះ ពួកគេបានចាប់ផ្តើមចុះផ្សាយអត្ថបទអំពីថាតើពួកគេមានការរកាំចិត្តអំពីបញ្ហានេះយ៉ាងដូចម្តេច។ពួកគេបានចាប់ផ្តើមសម្តែងមតិនៅពេលដែលពួកគេបានឃើញមនុស្សផ្សេងទៀតបញ្ចេញមតិរបស់ខ្លួនដែរ។ ពួកគេកាន់តែក្លាហានឡើងនៅក្នុងការធ្វើដូច្នេះ»។
នាង Harry បានឃើញជាលើកទីមួយនូវអំណាចនៃវីដេអូគេហទំព័រ Facebook ក្នុងប្រទេសមួយដែលនៅទីនោះនាងនិយាយថា រដ្ឋត្រួតត្រាបណ្តាញទូរទស្សន៍ដាក់កំហិតកម្មវិធីតាមបែបប្រព័ន្ធហួសសម័យ ស្អប់ស្ត្រី និងការរឹតត្បិត។
វីដេអូកាលពីពេលថ្មីៗនេះរបស់នាងដែលប្រឆាំងការវាយតម្លៃស្ត្រីដោយគិតពីព្រហ្មចារីក្នុងសង្គមកម្ពុជាមានគេបើកមើល២លានដងហើយបានចាប់ផ្តើមឲ្យមានការជជែកដេញដោលដ៏ខ្លាំងនៅតាមបណ្តាញអ៊ីនធឺណិត។
ខណៈដែលបណ្តាញព័ត៌មានជាច្រើន រួមទាំងវិទ្យុអាស៊ីសេរី RFA បានទទួលការបំភិទបំភ័យ និងគំនាបខាងនយោបាយផ្សេងៗទៀតនៅក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើសំឡេងឯករាជ្យ គេហទំព័រ Facebook នៅតែមានសកម្មភាពនិងឥទ្ធិពល។ វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរី គ្រប់គ្រងដោយគណៈអភិបាលការផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក។
មនុស្សជាច្រើន រួមទាំងនាង Harry កំពុងឆ្ងល់ថា តើកម្មវិធីបណ្តាញព័ត៌មានសង្គមដូចជាគេហទំព័រ Facebook នឹងត្រូវស្ថិតនៅក្នុងសំណាញ់នៃការបង្ក្រាបរបស់រដ្ឋាភិបាលដូចអ្វីដែលរដ្ឋាភិបាលបានធ្វើទៅលើអង្គការក្រៅរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលមកហើយនេះឬយ៉ាងណា។
ទើបតែរយៈពេល៥ឆ្នាំ គេហទំព័រ Facebook បានចាកចេញពីកម្មវិធីដែលមិនអើពើដោយរដ្ឋាភិបាលទៅជាឧបករណ៍ដ៏សំខាន់មួយរបស់រដ្ឋាភិបាលសម្រាប់ទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋរបស់ខ្លួន។
នេះជាការជឿនលឿនដែលលោក Seva Gunitsky សាស្ត្រាចារ្យជំនួយខាងវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ Toronto នៃប្រទេសកាណាដាមើលឃើញនៅទូទាំងពិភពលោក។ លោកសិក្សាអំពីការប្រើប្រាស់បណ្តាញព័ត៌មានសង្គម «រដ្ឋកូនកាត់» រវាងអំណាចផ្តាច់ការផង និងប្រជាធិបតេយ្យផង។
លោក Gunitsky និយាយថា រយៈពេលដំបូងនៃការរំភើបចិត្តខ្លាំងលើបណ្តាញព័ត៌មានសង្គមតាមបែបប្រជាធិបតេយ្យបើកផ្លូវឲ្យរបបផ្តាច់ការក៏អាចប្រើប្រាស់ បណ្តាញព័ត៌មានសង្គមនោះដែរ។ លោកក៏និយាយដែរថា កម្មវិធីនានាដូចជា Facebook ជួយរបបផ្តាច់ការនានារារាំងព័ត៌មានបំភ្លៃដែលត្រូវបានផ្តល់ដោយពួកវីរជនក្នុងសង្គមដើម្បីបំប៉ោងប្រសិទ្ធភាពរបស់ពួកគេ ហើយបិទបាំងអំពើពុករលួយតាមរយៈព័ត៌មានផ្តល់មកឲ្យវិញដោយពួកអ្នកប្រើប្រាស់ Facebook។ លោកបាននិយាយបន្តទៀតថា៖ «ដូច្នេះ ការណ៍នេះជារបៀបមួយដែលអំពាវនាវឲ្យមានការយកចិត្តដាក់ដល់បញ្ហានៅក្នុងមូលដ្ឋានហើយទទួលបានប្រជាប្រិយ ភាពក្នុងរយៈពេលខ្លីដោយមិនចាំបាច់ធ្វើកំណែទម្រង់ធំដុំ»។
កាលពីខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាដោយផ្ទាល់មួយដល់រដ្ឋមន្ត្រីទាំងអស់របស់រដ្ឋាភិបាលឲ្យបង្កើតក្រុមការងារដើម្បីដំណើរការ និងដោះស្រាយបណ្តឹងតាមគេហទំព័រ Facebook ជារៀងរាល់ថ្ងៃ។ លោក ហ៊ុន សែន ចូលចិត្តធ្វើអន្តរាគមន៍តាម Facebook ហើយប្រើប្រាស់ Facebook ដើម្បីប្រកាសការសម្រេចចិត្តនានាដូចជាការលុបចោលការបង់ប្រាក់សម្រាប់ការធ្វើដំណើរលើផ្លូវជាតិ។
លោក Kevin Doyle បានតាមដានការចាប់កំណើតរបស់បណ្តាញព័ត៌មានសង្គមក្នុងប្រទេសកម្ពុជា នៅពេលជាបណ្ណាធិការរបស់កាសែត The Cambodia Daily ដែលបានបិទកាលពីពេលថ្មីៗនេះ។
ឥឡូវនេះ លោកកំពុងស្រាវជ្រាវប្រធានបទនេះនៅសាកលវិទ្យាល័យ Dublin ក្នុងប្រទេសអៀវឡង់ ហើយលោកបាននិយាយថា រដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍កម្មវិធីដ៏ស្មុគ្រស្មាញនៅទូទាំងប្រទេសជាតិ។ លោកបាននិយាយថា៖ «ឥឡូវនេះ ខ្ញុំបាននិយាយទៅកាន់ប្រភពនានានៅទីក្រុងភ្នំពេញដែលប្រាប់ខ្ញុំពីកលល្បិចដែលគណបក្សកាន់អំណាចកំពុងប្រើប្រាស់ដើម្បីប្រមូលការគាំទ្រផ្លូវការនៅលើគេហទំព័រ Facebook គឺ ពួកអ្នកប្រើប្រាស់ដែលកំពុងធ្វើការឲ្យរដ្ឋាភិបាល ហើយដែលមានមុខងារជាផ្នែកមួយនៃក្រុមការងាររដ្ឋាភិបាលផង»។ លោក Doyle បាននិយាយថា ប្រភពនានាបានប្រាប់លោកថា ភ្នាក់ងារបណ្តាញព័ត៌មានសង្គមនៅគ្រប់ខេត្តទាំងអស់បានប្រតិបត្តិការប្រើឈ្មោះរាប់សិបក្នុង បណ្តាញសង្គមហើយឈ្មោះម្ចាស់ Facebook នីមួយៗនៅក្រោមឋាននុក្រមមួយដែលត្រួតត្រានៅកម្រិតថ្នាក់ខេត្ត។ លោកនិយាយទៀតថា៖ «លោកដឹងទេថា ភ្នាក់ងារបណ្តាញព័ត៌មានទាំងនេះបញ្ចេញសារតាមដានអ្នករិះគន់រដ្ឋាភិបាល ធ្វើការឆ្លើយតបដោយសកម្មបំផុត។ ភ្នាក់ងារបណ្តាញព័ត៌មាននេះជាអង្គភាពទាក់ទងថ្មីខុសពីអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ពួកគេជាអង្គភាពធ្វើការទាក់ទងបណ្តាញសង្គម»។
លោកហ៊ុយ វណ្ណៈជាមនុស្សមានអំណាចបំផុតម្នាក់នៅក្នុងបណ្តាញព័ត៌មានកម្ពុជា។ លោកជាប្រធានផ្នែកព័ត៌មាននៅបណ្តាញទូរទស្សន៍ CTN និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលគាំទ្រដោយគណបក្សកាន់អំណាចដែលទើបបង្កើតកាលពីពេលថ្មីៗនេះ។ លោក ហ៊ុយ វណ្ណៈ មិនបាននិយាយជាក់លាក់អំពីកម្មវិធីបណ្តាញព័ត៌មានសង្គមរបស់រដ្ឋាភិបាលទេ។ ក៏ប៉ុន្តែ លោកជឿថា បណ្តាញព័ត៌មានសង្គមទទួលបានព័ត៌មានមិនពិតពីសាធារណជនដែលមិនបានបណ្តុះបណ្តាលក្នុងវិជ្ជាជីវៈសារព័ត៌មានដែលមានការទទួលខុសត្រូវ។
លោកវណ្ណៈនិយាយថា៖ «លោក អ្នក ចាំបាច់កំណត់ថា តើនរណាប្រើបណ្តាញព័ត៌មានសង្គម។ ប្រសិនបើ បញ្ញាជនប្រើវា ខ្ញុំជឿជាក់ថា ពួកគេប្រើក្នុងវិធីនិងសកម្មភាពប្រសើរមួយ។ ក៏ប៉ុន្តែ ប្រសិនបើ មនុស្សដែលមិនមានការបណ្តុះបណ្តាលប្រើប្រាស់វិញ លទ្ធផលមិនល្អទេ»។
លោកវណ្ណៈនិយាយទៀតថា «ខ្ញុំមិនមើលឃើញថា កម្ពុជានឹងបិទ Facebook ទេ។ ខ្ញុំមិនមើលឃើញការបិទនេះទេ ក៏ប៉ុន្តែ ជំហានសំខាន់គឺថា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវមានច្បាប់ប្រព័ន្ធអ៊ីនធឺណិត»។
ខណៈដែលច្បាប់នៅលើក្រដាសនៅឡើយ យន្តការផ្លូវច្បាប់ដែលមានស្រាប់បានត្រូវគេប្រើប្រឆាំងនឹងមនុស្សដែលចុះផ្សាយនៅលើបណ្តាញសង្គម។
សមាជិកគណបក្សប្រឆាំង និងពួកអ្នកគាំទ្រមួយចំនួនបានត្រូវគេកាត់ទោស ឬចាប់ដាក់ពន្នាគារចំពោះការចុះផ្សាយក្នុងគេហទំព័រ Facebook រួមមានលោកសម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលបានរងការចោទប្រកាន់ពីការចុះផ្សាយពាក់ព័ន្ធនឹងជម្លោះព្រំដែនរបស់កម្ពុជាជាមួយវៀតណាម។
និស្សិត គង់ រ៉ាយ៉ាបានត្រូវជាប់ពន្ធនាគារចំនួន១៨ខែនៅឆ្នាំ២០១៦ចំពោះការចុះផ្សាយនៅលើគេហទំព័រ Facebook ដែលតុលាការចាត់ទុកថាជាបដិវត្តន៍ពណ៌ ហើយកាលពីដើមខែកញ្ញា ប៉ូលិសបានខ្លួនស្ត្រីអាយុ២០ឆ្នាំម្នាក់នៅជិតព្រំដែនថៃពីបទចុះផ្សាយការបង្ខូចកេរ្តិ៍ឈ្មោះ។
ខណៈនោះដែរ ការវាយប្រហារលើអង្គការសង្គមស៊ីវិល និងសារព័ត៌មានបានបន្ត ហើយអង្គការសមធម៌កម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាលឥឡូវនេះត្រូវបិទ ដូចអង្គការ NDI វិទ្យុអាស៊ីសេរី RFA កាសែត Cambodia Daily អង្គការមាតាធម្មជាតិហើយនិងស្ថានីយវិទ្យុជាង១០ទៀត ដែលត្រូវបានគេបង្ខំឲ្យបិទកាលពី២ខែមុន។ លោក Doyle និយាយទៀតថា ដោយយល់ឃើញថា មន្ត្រីខ្លួនបញ្ចេញសារប្រកបដោយប្រសិទ្ធិភាពផង និងការដាក់ទោសខ្លាំងប្រឆាំងនឹងមនុស្សដែលខុសឆ្គងក្នុងការប្រើប្រាស់បណ្តាញសង្គមផងនោះ រដ្ឋាភិបាលកម្ពុជាទំនងជានឹងមិនប្រថុយប្រថានប្រឈមប្រតិកម្មតបតខ្លាំងពីការបិទបណ្តាញគេហទំព័រ Facebook មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនោះទេ។
លោកបាននិយាយទៀតថា៖ «និយាយពីប្រជាប្រិយភាពវិញ ខ្ញុំគិតថា បើមិនធ្វើការបោះឆ្នោតទេ រដ្ឋាភិបាលមិនបាត់បង់ប្រជាប្រិយភាពច្រើនជាងបិទបណ្តាញសង្គម Facebookនេះទេ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន