តើ​ប្អូន​ស្រី​​លោក​គីម ជុងអ៊ុន​ជា​អ្នកណា?

រូបឯកសារ៖ អ្នកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចូលរួមក្នុងពិធីដាក់កម្រងផ្កាមួយនៅកន្លែងដាក់សពលោកហូជីមិញនៅក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩។

ខណៈ​ដែល​អាមេរិក​វាយ​តម្លៃ​ទៅ​លើ​សេចក្តី​រាយការណ៍​នានា​ពាក់​ព័ន្ធ​នឹង​សុខភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន ក្រុម​មន្ត្រី​និង​ក្រុម​អ្នក​ជំនាញ​ថ្លែងថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​យុទ្ធនាការ​ដាក់​ទណ្ឌកម្ម​និង​ដាក់​សម្ពាធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

អ្នកនាំពាក្យ​ក្រសួងការ​បរទេស​អាមេរិក​មួយ​រូប​បាន​ប្រាប់​វីអូអេ​កាលពីថ្ងៃ​ចន្ទថា៖ «យើង​បន្ត​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​ជៀសវាង​ការ​បង្ក​រឿង ដោយ​គោរព​ទៅ​តាម​កាតព្វកិច្ច​នានា​ ក្រោម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ហើយ​ងាក​ទៅ​រក​ការ​ចរចា​ប្រកប​ដោយ​និរន្តភាព​និង​លទ្ធផល​ ក្នុងការ​បំពេញ​កិច្ចការ​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ការ​លុប​បំបាត់​កម្មវិធី​អាវុធនុយក្លេអ៊ែរ​ទទួល​បាន​ជោគជ័យ​ពេញលេញ»។

ខណៈ​ដែល​កូរ៉េ​ខាង​ត្បូង​បាន​បដិសេច​សេចក្តី​រាយការណ៍​ព័ត៌មាន​ជាច្រើន​ដែល​សង្ស័យ​ពី​ការ​ស្លាប់​របស់​លោក គីម ហើយ​ទទូច​ថា «មិនមាន​ចលនា​មិន​ប្រក្រតី​ណា» នៅ​កូរ៉េ​ខាង​ជើង​នោះ ក្រុម​អ្នក​វិភាគ​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​អ្នកស្រី គីម យោ​ជុង (Kim Yo Jong) ដែល​ជា​ប្អូន​ស្រី​របស់​លោក​ គីម ដែល​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​ទីប្រឹក្សា​ម្នាក់​ក្នុង​ចំណោម​ទីប្រឹក្សា​ដែល​លោក គីម ទុកចិត្ត​បំផុត។

លោក Harry Kazianis នាយក​ជាន់​ខ្ពស់​នៃ​កម្មវិធី​សិក្សា​ពី​កូរ៉េ​ នៅ​ឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បែប​អភិរក្ស​និយម​ Center for the National Interest បាន​ថ្លែងថា៖«អ្នកស្រី គីម នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ច្បាស់​ណាស់​កំពុងត្រូវ​បាន​គេ​បណ្តុះ​ឲ្យ​កាន់​តួនាទីដែល​ធំជាង​នេះ​សន្សឹមៗ»។

តើ​ គីម យោជុង ជា​នរណា? ហើយ​ហេតុ​អ្វី​ត្រូវ​បាន​អ្នក​ខ្លះមើល​ឃើញ​ថា​អ្នកស្រី​ជាអ្នក​ទំនង​ស្នង​អំណាចក្នុង​ករណី​លោក​គីម​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់?

ប្អូន​ស្រី​មេដឹកនាំ​ផ្តាច់ការ​រូប​នេះ ​ថ្មីៗ​នេះ​ត្រូវ​បាន​តំឡើង​តំណែង​ជា​សមាជិកម្នាក់​នៅ​ក្នុង​ការិយាល័យ​នយោបាយ​ (Politburo) នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តដ៏​មាន​អំណាច​របស់​គណបក្សពលករគ្រប់គ្រង​ប្រទេស​របស់កូរ៉េ​ខាង​ជើង​ ដើម្បី​បន្ត​តំឡើង​តំណែង​របស់​អ្នកស្រី​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ប្រទេស។

ប្រភព​កាទូត​បាន​កត់​សម្គាល់​ពី​សេចក្តីថ្លែងការណ៍​កាលពី​ខែ​មីនា​របស់​អ្នកស្រី គីម យោជុង ទៅលើ​ទំនាក់​ទំនង​រវាង​អាមេរិក និង​កូរ៉េខាង​ជើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ បាន​ផ្ញើ​សំបុត្រ​ផ្ទាល់​ខ្លួន​មួយ​ទៅ​កាន់​លោក គីម ជុងអ៊ុន​ ដើម្បី​រក្សា​ទំនាក់​ទំនង និងផ្តល់​ជា​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជួយ​កូរ៉េ​ខាង​ជើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

អ្នកស្រី​បាន​កោត​សរសើរ​លោក ត្រាំ ដែល​បាន​ផ្ញើ​សំបុត្រ​នោះ​ ក្នុង​គ្រា​ដែល «ការ​លំបាក​ទ្រង់​ទ្រាយ​ធំ​និង​ការ​ប្រឈម​នានា​មាន​ចំពោះ​មុខ​ការ​បង្កើត​ទំនាក់​ទំនង» រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Associated Press ដែល​បាន​ដកស្រង់​ពាក្យ​សម្តី​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េ​ខាងជើង។

សេចក្តី​ថ្លែងការណ៍​នេះ​ត្រូវបាន​មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ថា​ ជា​សញ្ញា​ដែល​អ្នកស្រី​ គីម យោជុង កាន់​តែ​មាន​តួនាទី​សំខាន់​ជាង​មុន​ក្នុង​ទំនាក់​ទំនង​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង។

អ្នកស្រី Sue Mi Terry អ្នកសិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​អំពី​កូរ៉េ​នៅ​ឯ​មជ្ឈមណ្ឌល​យុទ្ធ​សាស្ត្រ​និង​ការសិក្សា​អន្តរជាតិ CSIS ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​សរសេរ​នៅ​ក្នុង​កាសែត Washington Post ថា៖ «មិនមាន​នរណា​ម្នាក់​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ ប្រសិន​បើ​លោក គីម​ ស្លាប់​មែន​នោះ»។

​អ្នកស្រី Terry​ ថ្លែងថា៖ «អ្វី​ដែល​ទំនង​នឹង​កើត​ឡើង​នោះគឺ ប្អូនស្រី​របស់​លោក គីម គឺ​អ្នកស្រី គីម យោជុង នឹង​បន្ត​តំណែង»​ ក៏ប៉ុន្តែអ្នកស្រីមិន​ប្រាកដ​ថាប្រទេស​កូរ៉េ​ខាងជើង​ដែល​ក្តោបក្តាប់​ទៅ​ដោយ​អភិជន​ជា​បុរស​នឹង​បន្តគាំទ្រ​ស្ត្រី​វ័យ​ក្មេង​ជា​មេដឹកនាំ​នោះ​ទេ។

អ្នកស្រី គីម យោជុង ហាក់​ដូច​ជា​ចេញ​មុខ​មាត់​នៅក្បែរ​លោក គីម ជុងអ៊ុន​នៅ២ឆ្នាំ​ចុង​ក្រោយ​នេះ រួម​បញ្ចូល​ទាំង​ក្នុង​អំឡុងពេល​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​នានា​រវាង​មេដឹកនាំ​អាមេរិក​និង​កូរ៉េ​ខាង​ជើង និង​វត្តមាន​មើល​ការ​សាកល្បង​មីស៊ីល​ជាមួយ​នឹង​បងប្រុស​របស់​អ្នកស្រី។

គេ​ក៏​បាន​ឃើញ​រូប​ថត​អ្នកស្រី​ជិះសេះ​ជាមួយនឹង​លោក គីម ជុង​អ៊ុន​នៅ​ភ្នំ Paekdu ដែល​ជា​ភ្នំ​សក្តិសិទ្ធ សម្រាប់​សន្តតិវង្សគីម។

កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹងថា ជីតា​របស់​លោក គីម និងឪពុក​របស់​លោក កើត​នៅ​ភ្នំ Paekdu ដែល​ជា​ទីតាំង​ស្នូល​នៃ​យុទ្ធនាការ​ឃោសនា​និង​ជាទី​សក្ការៈ​របស់​កូរ៉េ​ខាង​ជើង ដែល​ឃោសនា​លាត​ត្រដាងពី​ឈាម​ជ័រ​សែស្រឡាយ​គ្រួសារ​គីម។

លោក Kazianis នៃ​មជ្ឈមណ្ឌល Center for National Interest ថ្លែង​បន្ថែម​ថា៖«អ្នកស្រី គីម ច្បាស់​ណាស់​បាន​បន្ត​ឡើង​តំណែង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បន្ថែម​មុខ​តំណែង​កំពូលៗ​ទៅ​សម្រាប់​មុខ​តំណែង​ជា​មេ​ដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​អ្នកស្រី​ត្រូវការ​បទ​ពិសោធន៍​ទាំង​នេះ​ ប្រសិន​បើ​អ្នកស្រី​ចង់​ឡើង​កាន់​អំណាច»។

ប៉ុន្តែ​លោក Bruce Klingner មកពី​មូលនិធិសិក្សា​ស្រាវជ្រាវ Heritage ​ថ្លែងថា៖ «មិនថា​អ្នកណា​បន្ត​តំណែង​នោះទេ មិនមាន​សញ្ញា​បង្ហាញ​ថា​អ្នកបន្ត​តំណែង​នឹង​កែប្រែ​គោលនយោបាយ​ក្នុង​ស្រុក​ឬ​គោល​នយោបាយ​ការបរទេស​ខុស​ពី​មុន​នោះ​ទេ»។

អ្នកស្រាវជ្រាវជាន់​ខ្ពស់​នៅ​មូលនិធិ Heritage ថ្លែងថា៖ «របប​គ្រប់គ្រង​នេះ​បាន​បញ្ជាក់​ជា​យូរ​ណាស់​មក​ហើយ​ថា​អាវុធ​នុយក្លេអ៊ែរ​មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ជាតិ​របស់​ខ្លួន ហើយ​ចចែស​មិន​ព្រម​ចរចា​បោះបង់​អាវុធ​នេះ​ចោល​នោះ​ទេ។ អ្នក​បន្ត​តំណែង​ប្រហែល​អាច​វាងវៃ​ជាង​មុន​ក្នុង​ទំនាក់​ទំនង​ជាមួយ​នឹង​បរទេស​ដូច​អ្វី​ដែល​លោក គីម​ បាន​ធ្វើ​កន្លង​មក ប៉ុន្តែ​បន្ត​ធ្វើ​ទៅ​តាម​គោលនយោបាយ​ដដែល»។

អ្នកស្រី គីម យោជុង បាន​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​ជាច្រើន រួម​បញ្ចូល​ទាំង​តំណែង​ជា​នាយក​រង​ទី១​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ពលករកូរ៉េ​ខាង​ជើង ហើយ​ជា​នាយករង​ទី១ នៃ​ក្រសួង​ឃោសនារបស់​ប្រទេស។​

អ្នកស្រី​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អន្តរជាតិ​នៅពេល​ដែល​អ្នកស្រី​ត្រូវ​បាន​គេ​ថតរូប​អង្គុយ​ជិត​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិកឆ្នាំ២០១៨ នៅ​ស្រុក Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង។ អ្នកស្រី​គឺ​ជា​មនុស្ស​ដំបូង​មក​ពី​គ្រួសារ​គីម​ ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ ចាប់​តាំង​ពី​ឧបទ្វីប​កូរ៉េ​បាន​បែក​បាក់​គ្នា​ក្រោយ​ពេល​សង្គ្រាម​លោកលើកទី២​បាន​បញ្ចប់៕

ប្រែសម្រួលដោយ ស្រេង លក្ខិណា