សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបន្តដាក់ការគាបសង្កត់លើអ៊ីស្រាអែលដើម្បីការពារកន្លែងមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា មួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលត្រូវចំបរិវេណសាលារៀនមួយកន្លែងរបស់អង្គការសហប្រជាជាតិដែលផ្តល់ទីជម្រកដល់ជនជាតិប៉ាឡេស្ទីនដែលគ្មានទីកន្លែងរស់នៅ។ ការវាយប្រហារនេះបានសម្លាប់មនុស្ស១៤នាក់នៅទីនោះ រួមទាំងបុគ្គលិករបស់អង្គការសហប្រជាជាតិ៦នាក់ផង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅឯសន្និ សីទកាសែតក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញថា«យើងចាំបាច់មើលឃើញទីកន្លែងមនុស្សធម៌ត្រូវបានការពារ ហើយនេះជាអ្វីដែលយើងបន្តលើកឡើងជាមួយអ៊ីស្រា អែល»។
ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះបានថ្លែងទៀតថា«នៅពេលជាមួយគ្នានោះដែរ យើងបន្តមើលឃើញពួកហាម៉ាស់លាក់ខ្លួនក្នុងទីកន្លែងនោះ កំពុងកាន់កាប់និងប្រើ ប្រាស់ទីកន្លែងទាំងនោះដើម្បីធ្វើកិច្ចប្រតិបត្តិការរបស់ខ្លួននិងធ្វើឱ្យមានការគំរាមកំហែងដែលបន្តកើតមានឡើង ហើយជាការពិត ការណ៍នេះត្រូវតែបញ្ឈប់ ពីព្រោះសកម្មភាពទាំងនេះកំពុងធ្វើគ្រោះថ្នាក់ដល់ជនស៊ីវិល»។
លោក Blinken បានមានប្រសាសន៍ទៀតថាការវាយប្រហារ«ក៏បញ្ជាក់ជាថ្មីម្តងទៀតពីភាពបន្ទាន់ដើម្បីធ្វើឱ្យមានការឈប់បាញ់គ្នា»ដើម្បីបញ្ឈប់សង្គ្រាមអ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលឥឡូវនេះស្ថិតក្នុងរយៈពេល១២ខែហើយ។
ក្នុងខណៈនោះដែរ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានជម្លៀសមនុស្សជិត១០០នាក់ពីតំបន់ Gaza Strip ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម ហើយខ្លួនបានអំពាវនាវឱ្យមានប្រព័ន្ធសុខាភិបាលអាចផ្ទេរបានជាប្រចាំ ស្ថិតស្ថេរដើម្បីជួយមនុស្សដែលត្រូវការការថែទាំជាបន្ទាន់៕