អគ្គនាយកនៃអង្គការសុខភាពពិភពលោកហៅកាត់ថាWHO បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថាការរាលដាលមេរោគវីរុសកូរ៉ូណានៅខាងក្រៅប្រទេសចិននៅពេលនេះជា«កង្វល់ធំបំផុត»របស់ពិភពលោក។
លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោកក្នុងក្រុង Geneve ថា «អ្វីដែលកំពុងកើតមាននៅក្រៅប្រទេសចិននៅពេលនេះជាកង្វល់ធំបំផុតរបស់យើង»។
លោកអគ្គនាយករូបនេះនៃអង្គការ WHO បាននិយាយថាសហគមន៍សាកលឋិតនៅ«ចំណុចនៃការធ្វើសេចក្តីសម្រេចធំមួយ»ក៏ប៉ុន្តែ«ប្រសិនបើលោកអ្នកចាត់វិធានការខ្លាំងក្លានៅពេលនេះលោកអ្នកអាចទប់ទល់នឹងមេរោគវីរុសនេះបាន។
លោកអ្នកអាចបញ្ចៀសកុំឱ្យមនុស្សមានជំងឺនេះបាន។ លោកអ្នកអាចជួយជីវិតមនុស្ស»។កាលពីថ្ងៃព្រហស្បតិ៍ ពួកមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថាមានករណីអ្នកជំងឺនេះ៥០៥នាក់ថែមទៀតដោយកើនឡើងទាំងអស់ដល់១ពាន់៧រយ៦៦នាក់ហើយ។
លោកនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន Shinzo Abe បានអំពាវនាវឱ្យបិទសាលារៀនបួនប្រាំអាទិត្យ។ ការអំពាវនាវរបស់លោក Abe មានឡើងក្រោយពីរដ្ឋាភិបាលជប៉ុនបានប្រាប់ប្រជារាស្ត្រឱ្យចៀសវាងកុំទៅកាន់ការប្រមូលផ្តុំគ្នាធំៗហើយសមាគមកីឡាបានសម្រេចថាឱ្យលប់ចោលការប្រកួតឬមួយធ្វើការប្រកួតដោយគ្មានអ្នកទៅមើលដើម្បីខិតខំព្យាយាមបញ្ចៀសកុំឱ្យមេរោគនេះរាលដាលថែមទៀត។
ប្រទេសជប៉ុនមានករណីអ្នកជំងឺនេះប្រមាណ២០០នាក់ ដោយមិនគិតករណីជាង៧០០ពីនាវាកម្សាន្តមួយគ្រឿងដែលបានត្រូវដាក់ឱ្យនៅដាច់ពីគេជាច្រើនសប្តាហ៍នៅក្នុងក្រុងYokohama៕