អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បានសម្តែងនូវការសោកស្តាយចំពោះការសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការផ្អាកថវិកាចំពោះអង្គការពិភពលោកមួយនេះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៃសហរដ្ឋអាមេរិកបានប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងដូច្នេះកាលពីថ្ងៃអង្គារ។
ថ្លែងនៅក្នុងសន្នីសីទព័ត៌មានមួយកាលពីថ្ងៃពុធនៅក្នុងទីក្រុងហ្សឺណែវ លោក Tedros Adhanom Ghebreyesus បញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO កំពុងពិនិត្យមើលផលប៉ះពាល់ពីការដកមូលនិធិវិភាគទានរបស់សហរដ្ឋអាមេរិក ទៅលើប្រតិបត្តិការរបស់ខ្លួន។ លោកបានចាប់ផ្តើមធ្វើការជាមួយដៃគូដទៃទៀតដើម្បីបំពេញនូវចន្លោះប្រហោងខាងហិរញ្ញវត្ថុនានាដើម្បីធានាថាសកម្មភាពនានាអាចបន្តទៅមុខបានដោយមិនរាំងស្ទះ។
លោក Tedros បញ្ជាក់ថា អង្គការ WHO នឹងបន្តការការពារនិងលើកតម្កើងសុខភាពមនុស្សជុំវិញពិភពលោក ដែលនេះជាទស្សនវិស័យរបស់អង្គការនេះតាំងពីការបង្កើតឡើងជាផ្នែកមួយនៃអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៥។
លោក Tedros ថ្លែងថា អង្គការ WHO មិនត្រឹមតែកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងធ្វើការរកដំណោះស្រាយចំពោះបញ្ហាសុខភាពយូរអង្វែងដទៃទៀតរបស់ពិភពលោក រួមទាំងជំងឺគ្រុនចាញ់ អេបូឡា (Ebola) ជំងីអេដស៍ ជំងឺមហារីក និងជំងឺដទៃទៀតជាច្រើន។
ដោយថ្កោលទោសចំពោះការសម្រេចចិត្តរបស់លោក Trump អគ្គនាយកនៃអង្គការសុខភាពពិភពលោករូបនេះបញ្ជាក់ថា WHO ក៏ធ្វើការជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនិងបង្កើនលទ្ធភាពទទួលបានសេវាកម្មដែលអាចសង្គ្រោះជីវិត។
លោក Tedros ថ្លែងថា អង្គការ WHO បន្តសិក្សាវីរុសកូរ៉ូណានិងប្រមូលបទពិសោធន៍ពីប្រទេសជាច្រើននិងចែករំលែកព័ត៌មាននេះជាមួយពិភពលោកខណៈដែលវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩កំពុងបន្ត៕