នេះគឺជាលើកទីមួយហើយដែលលោក Tedros Adhanom បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំជាមួយនឹងសមាជិកក្រុមប្រឹក្សាចំនួន៣៤នាក់ ចាប់តាំងពីលោកចូលកាន់តំណែងជាអគ្គនាយកអង្គការសុខភាពពិភពលោក WHOនៅក្នុងខែកក្កដាមក ហើយលោកគឺជាជនជាតិអាហ្វ្រិកទី១ហើយ ដែលកាន់តំណែងនេះ។ លោកអតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាលអេត្យូពីរូបនេះមិនរួញរាក្នុងការប្រកាសពីស្នាដៃការងាររបស់លោកក្នុងរយៈពេល៦ខែដំបូងចាប់តាំងពីលោកចូលកាន់តំណែងនេះមក។
លោកមានប្រសាសន៍ថា គម្រោងនានាដែលបម្រើឲ្យវិស័យសុខភាព ត្រូវបានបង្កើតឡើង ដើម្បីជួយធ្វើឲ្យអង្គការ WHOកាន់តែរឹងមាំឡើង។ លោក Tedrosបានគូសបញ្ជាក់ឲ្យដឹងថាពាក់ព័ន្ធនឹងសមភាពយេនឌ័រ លោកបានទទួលជោគជ័យក្នុងការធ្វើឲ្យមានចំនួនស្រ្តីបំពេញការងារក្នុងមុខតំណែងធំៗក្នុងអង្គការWHO ច្រើនជាងបុរស។
លោក Tedros ថ្លែងថាអង្គការ WHOបានបង្កើតយុទ្ធសាស្រ្តនយោបាយមួយ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង និងជំងឺរបេង។ លោកថ្លែងថាគំនិតផ្តួចផ្តើមថ្មី ត្រូវបានធ្វើឡើងមានគោលបំណងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ផ្នែកសុខភាព ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនៅតាមកោះតូចៗក្នុងប្រទេសកំពុងអភិវឌ្ឍនានា។ លោកចង់ឃើញពីភាពជោគជ័យដែលចេញពីទស្សនៈវិស័យរបស់លោក ដើម្បីជួយដល់សុខភាពមនុស្សទាំងអស់។
លោក Tedrosបានថ្លែងយ៉ាងដូច្នេះថា៖ «យ៉ាងហោចណាស់ចំនួនប្រជាជនពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក នៅតែមិនអាចទទួលបានសេវាសុខភាពសំខាន់ៗសម្រាប់ពួកគេ។ ជារៀងរាល់ឆ្នាំមានមនុស្សជិត១០០លាននាក់កំពុងធ្លាក់ចូលក្នុងភាពក្រីក្រយ៉ាងខ្លាំង ដោយសារតែចំណាយប្រាក់កាសទៅលើការព្យាបាលជំងឺ។ ការណ៍នេះត្រូវតែបញ្ឈប់»។
លោក Tedrosថ្លែងបន្តទៀតថា ដំណើរទស្សនកិច្ចរបស់លោកនាពេលថ្មីៗនេះ ទៅកាន់ប្រទេសកេនយ៉ា ម៉ាដាហ្គាស្កា និងរវ៉ាន់ដា បានធ្វើឲ្យលោកជឿថា ការបង្កើតឲ្យមានសេវាថែទាំសុខភាពជាសកល មិនមែនគ្រាន់តែជាក្តីសប្តិនោះទេ។ លោកបន្ថែមថា ប្រទេសទាំងបីនេះកំពុងតែបង្កើតប្រព័ន្ធសុខភាពមួយដែលពលរដ្ឋអាចមានលទ្ធភាពប្រើប្រាស់បាន។ លោក Tedros បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ប្រព័ន្ធសុខភាពសកល ឬហៅកាត់ថា UHC គឺមិនគ្រាន់តែជាការបោះទុនវិនិយោគដ៏ពិសេសមួយដើម្បីធ្វើឲ្យមនុស្សក្នុងពិភពលោកមានសុខភាពល្អជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការវិនិយោគដ៏មានសុវត្ថិភាពក្នុងពិភពលោកផងដែរ។ ដូចអ្នកទាំងអស់គ្នាធ្លាប់បានឮពីអ្វីដែលខ្ញុំបាននិយាយហើយថា ការបង្កើតសេវាថែទាំសុខភាពសកល និងសន្តិសុខផ្នែកសុខភាព គឺជារឿងដែលត្រូវតែដើរទន្ទឹមគ្នា»។
អគ្គនាយកអង្គការWHO រូបនេះសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហានេះឲ្យបានលឿនបំផុត នៅក្នុងមហាសន្និបាតស្តីពីសុខភាពពិភពលោក នៅក្នុងខែឧសភាខាងមុខនេះ។ លោកថា លោកនឹងស្នើទៅប្រទេសឲ្យបានច្រើនតាមលទ្ធភាពដែលលោកអាចធ្វើបាន ដើម្បីឲ្យប្រទេសទាំងនោះប្តេជ្ញានៅក្នុងមហាសន្និបាតនោះ ថានឹងចាត់វិធានការណ៍ទៅមុខដើម្បីបង្កើតឲ្យមានសេវាសុខភាពសកលសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា