ជំងឺមហារីកមាត់ស្បូនជាមូលហេតុចម្បងនៃការស្លាប់របស់ស្ត្រីនៅទូទាំងពិភពលោក។ ការស្លាប់៩០%នៃជំងឺនេះកើតមាននៅក្នុងប្រទេសក្រីក្រនិងប្រទេសមានចំណូលមធ្យម។ ជំងឺនេះបង្កឡើងដោយមេរោគ papillomavirus ហើយត្រូវចម្លងតាមរយៈការរួមភេទ។
អង្គការសុខភាពពិភពលោកនិយាយថា ជំងឺមហារីកមាត់ស្បូនអាចព្យាបាលជាប្រសិនបើវាត្រូវបានគេរកឃើញនិងព្យាបាលទាន់នៅដំណាក់កាលដំបូង។ ប៉ុន្តែដូចជំងឺដទៃទៀតដែរ ការការពារជាមធ្យោបាយល្អជាងគេ។ ហើយនៅក្នុងករណីជំងឺជំងឺមហារីកមាត់ស្បូន មានវ៉ាក់សាំងដ៏មានប្រសិទ្ធភាពមួយគេអាចចាក់បង្កជំងឺនេះបាន នៅពេលគេចាក់វ៉ាក់សាំងឲ្យក្មេងស្រីពីអាយុ៩ដល់១៤ឆ្នាំ។
លោក Paul Bloem មន្ត្រីបច្ចេកទេសកម្មវិធីថ្នាំចាក់ការពារនៃអង្គការសុខភាពពិភពលោក ថ្លែងថា ថ្នាំវ៉ាក់សាំងនេះត្រូវបានគេចាក់ប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ្នកមាន។ លោកថ្លែងបន្តថា ថ្វីបើបណ្តាប្រទេសដែលមានកើតជំងឺជំងឺមហារីកមាត់ស្បូនច្រើនជាងគេនៅទ្វីបអាហ្វ្រិកនិងអាស៊ី នៅតែដើរពីក្រោយគេចំពោះរឿងចាក់វ៉ាក់សាំងបង្ការនេះ ក៏ប្រទេសទាំងនេះបានធ្វើឲ្យមានការជឿនលឿនខ្លះដែរ។
លោក Bloem លើកឧទាហរណ៍បញ្ជាក់ថា៖
«នៅបណ្តាប្រទេសដូចជារវ៉ាន់ដា ដែលជាប្រទេសនាំមុខមួយនៅអាហ្វ្រិកដែលមានអត្រាចាក់វ៉ាក់សាំងដល់ជាង៩០%តាំងពីប្រាំ ប្រាំមួយឆ្នាំមុន។ ប្រទេសប៊ូតង់បានចាក់វ៉ាក់សាំងដល់កុមារីដល់៩០%។ ប្រទេសម៉ាឡេស៊ីបានចាក់វ៉ាក់សាំងដល់កុមារីខ្លួន៩៧%។ ដូច្នេះមានឧទាហរណ៍ល្អៗខ្លាំងចំនួនដែលបង្ហាញថា វ៉ាក់សាំងនេះត្រូវបានគេទទួលស្គាល់និងងាយផ្តល់ឲ្យនៅក្នុងស្ថានភាពប្រទេសក្រីក្រ»។
លោក Bloem និយាយថា ប្រទេសចំនួន៤នៅក្នុងទ្វីបអាហ្វ្រិក គឺអេត្យូពី តង់សានី ស៊ីមបាវ៉េ និង សេណេហ្គាល់ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងនេះកាលពីឆ្នាំមុន។ លោកថ្លែងថាប្រទេសចំនួន១១ទៀតនៅអាហ្វ្រិកនិងអាស៊ីនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងនេះនៅឆ្នាំក្រោយ។
ព្រះអង្គម្ចាស់ក្សត្រី Nothemba Simelela ជាអនុប្រធានទទួលបន្ទុកគ្រួសារ ស្ត្រី កុមារ និងមនុស្សពេញវ័យ។ ព្រះអង្គម្ចាស់ក្សត្រីមានសុវណ្ណីថា បញ្ហាធំមួយនៅប្រទេសកំពុងអភិវឌ្ឍគឺកង្វះខាតអ្នកមានជំនាញដែលអាចសាកល្បងនិងធ្វើរោគវិនិច្ឆ័យជំងឺមហារីកមាត់ស្បូនរបស់ស្ត្រី។
ព្រះអង្គម្ចាស់ក្សត្រីមានសុវណ្ណីថា ស្ត្រីនៅតំបន់ជនបទដាច់ស្រយាលជារឿយៗជួបបញ្ហារស់នៅឆ្ងាយពីគ្លីនិកដែលអាចពិនិត្យនិងព្យាបាលជំងឺនេះបាន។
ប៉ុន្តែព្រះអង្គម្ចាស់ក្សត្រីមានសុវណ្ណីប្រាប់ VOA ថា មានយុទ្ធសាស្ត្រដែលរដ្ឋាភិបាលនានាអាចប្រើដើម្បីជម្នះបញ្ហានេះ៖
«យើងអាចប្រើគ្លិនិកចល័ត។ ពេលខ្លះទៀតយើងអាចកំណត់យកថ្ងៃដើម្បីណាត់ឲ្យស្ត្រីឬក្មេងស្រីមកជួបដើម្បីដឹងពីរឿងចាក់វ៉ាក់សាំងនេះ»។
ព្រះអង្គម្ចាស់ក្សត្រី Nothemba Simelela បន្តថា យុទ្ធសាស្ត្រមួយទៀតដែលរដ្ឋាភិបាលអាចប្រើប្រាស់បានគឺតាមរយៈកម្មវិធីសុខភាពក្នុងសាលារៀន។ ជាឧទាហរណ៍ ព្រះអង្គម្ចាស់ក្សត្រី បានលើកឡើងពីប្រទេសរវ៉ាន់ដានិងអាហ្វ្រិកខាងត្បូងដែលបាននាំវ៉ាក់សាំងនេះទៅក្នុងសាលារៀនដែលអាចឲ្យក្មេងស្រីច្រើនបំផុតក្នុងវ័យត្រូវចាក់វ៉ាក់សាំងមានលទ្ធភាពទទួលបានវ៉ាក់សាំងនេះ៕