លោក Roderico Ofrin ប្រធានផ្នែកសង្គ្រោះបន្ទាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់អង្គការសុខភាពពិភពលោកនិយាយថា ប្រទេសទាំងនេះត្រូវតែភ្ជាប់ខ្លួនទៅនឹង «ប្រព័ន្ធតាមដាននិងរាយការណ៍ដ៏មានប្រសិទ្ធភាព» ដើម្បីពិនិត្យតាមដានយ៉ាងដិតដល់ទៅលើការរីករាលដាលនៃជំងឺនេះ។
លោក Ofrin បានប្រាប់ VOA តាមរយៈអ៊ីម៉ែលថា៖ «អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីបន្តទប់ស្កាត់ ស៊ើបអង្កេត និងឆ្លើយតបទៅនឹងការឆ្លងមេរោគស៊ីកានេះ»។
លោកបានបន្ថែមថា យុទ្ធសាស្ត្រគឺផ្តោតទៅលើសារៈសំខាន់នៃការគ្រប់គ្រងលើអង្គធាតុចម្លងមេរោគជាប្រចាំ ពង្រឹងការតាមដានលើមេរោគហ្ស៊ីកានិងភាពមិនប្រក្រតីនៃការផ្តល់កំណើត បន្ថែមសមត្ថភាពនៅមន្ទីរពិសោធន៍ និងបន្ថែមការផ្សព្វផ្សាយអំពីហានិភ័យនៃជំងឺនេះ និងការធ្វើសកម្មភាពនានានៅសហគមន៍។
ទ្វីបអាមេរិកខាងត្បូងទទួលរងឥទ្ធិពលធ្ងន់ធ្ងរបំផុតពីវីរុសនេះ ជាពិសេសប្រទេសប្រេស៊ីល ដែលមានករណីក្មេងកើតមកមានក្បាលតូចជាច្រើនករណីត្រូវបានគេរកឃើញចាប់តាំងពីការផ្ទុះឡើងជំងឺនេះក្នុងឆ្នាំ២០១៥។
របាយការណ៍ក្នុងទស្សនាវដ្ដី Lancet Infectious Diseases បានរកឃើញថា ប្រទេសឥណ្ឌា ហ្វីលីពីន ថៃ និងឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានហានិភ័យខ្ពស់ ខណៈដែលប្រទេសក្នុងអនុតំបន់អាហ្វ្រិកសាហារ៉ា ប្រទេសអង់ហ្គោឡា បានជួបនឹងហានិភ័យដែលកំពុងតែងកើនឡើងដោយសារតែមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយប្រទេសប្រេស៊ីល។
ទស្សនាវដ្ដី Lancet បានព្រមានថា យ៉ាងហោចណាស់មានមនុស្ស២,៦ពាន់លាននាក់ក្នុងចំណោមមនុស្សជាង១ភាគ៣នៃចំនួនប្រជាជននៅលើសាកលលោកដែលរស់នៅទ្វីបអាហ្វ្រិក អាស៊ី និងតំបន់ប៉ាស៊ីហ្វិក ដែលងាយនឹងរងគ្រោះដោយមេរោគស៊ីកានេះ។
អ្នកដែលប្រឈមនឹងហានិភ័យខ្ពស់ជាងគេគឺស្រ្តីកំពុងមានផ្ទៃពោះ។ ការឆ្លងជំងឺនេះ បច្ចុប្បន្នកំពុងប៉ះពាល់ដល់ប្រជាជនក្នុងទ្វីបអាមេរិកខាងត្បូង ដែលបណ្ដាលឲ្យមានភាពខុសប្រក្រតីនៃការផ្តល់កំណើតដល់ទារក ជាពិសេសភាពមិនប្រក្រតីដែល ប៉ះពាល់ដល់ការលូតលាស់ជាធម្មតានៃក្បាលរបស់ទារក។
វីរុសនេះក៏ត្រូបានចម្លងតាមរយៈការរួមភេទ ការបញ្ចូលឈាម ការឆ្លងពីម្តាយទៅកូន ហើយក៏ជាប់ពាក់ព័ន្ធទៅនឹងការចុះខ្សោយនៃសាច់ដុំ និងរោគខ្វិនដៃជើង ដោយសារតែកោសិកាប្រសាទបានខូចខាតដែលគេស្គាល់ថាជាអាការៈរោគ Guillain-Barre។
រដ្ឋាភិបាលជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កើតការតាមដាននិងការត្រួតពិនិត្យនៃវីរុសនេះក្នុងក្នុងសហគមន៍ជាច្រើនដោយបានបាញ់សារធាតុគីមីទៅលើទីតាំងដែលគេដឹងថាជាកន្លែងបន្តពូជរបស់សត្វមូស Aedes។
ប្រទេសសិង្ហបុរីបានរាយការណ៍អំពីករណីនៃការឆ្លងមេរោគហ្ស៊ីកាជាង២៤០ករណី ខណៈពេលដែលប្រទេសម៉ាឡេស៊ី និងថៃ ក៏បានរាយការណ៍អំពីការឆ្លងមេរោគនេះផងដែរ។ ការដាក់បម្រាមមិនឲ្យធ្វើដំណើរត្រូវបានចេញដោយសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងតៃវ៉ាន់ ដោយបានព្រមានស្ត្រីដែលមានផ្ទៃពោះមិនឲ្យធ្វើដំណើរក្នុងករណីមិនចាំបាច់។
ប៉ុន្តែក្រុមអ្នកវិទ្យសាស្ត្រដែលមានមូលដ្ឋានក្នុងប្រទេសនៅទ្វីបអាស៊ីនិយាយថា ការផ្ទុះឡើងចុងក្រោយនេះបានបន្សល់ទុកនូវចម្ងល់ជាច្រើនដែលមិនទាន់បានបកស្រាយ។
ភាពតានតឹងដោយសារមេរោគហ្ស៊ីកាបានកើតមានឡើងក្នុងទ្វីបអាស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានភ្ជាប់មកជាមួយនូវជំងឺគ្រុនក្តៅកាចសាហាវ ការឈឺចុកចាប់សន្លាក់ និងកន្ទួល ដែលវេជ្ជបណ្ឌិតជាច្រើនបាននិយាយថា អាចឆ្លងផុតបន្ទាប់ពី ព្យាបាលក្នុងរយៈពេលមួយសប្តាហ៍។ ជាលទ្ធផល មេរោគហ្ស៊ីកា ត្រូវបានគេយកចិត្តទុកដាក់តិចតួចជាងជំងឺកាចសាហាវផ្សេងទៀតដូចជាគ្រុនឈាម និងគ្រុនចាញ់។
នៅឆ្នាំ២០១៦ ប្រទេសថៃតែម្នាក់ឯកបានរាយការណ៍អំពីករណីជំងឺគ្រុនឈាមជាង៣៥.៨០០ករណី ដោយមានករណីស្លាប់ជាង២០ករណី។
ទីភ្នាក់ងារសុខភាពនិងបរិស្ថានជាតិរបស់ប្រទសសិង្ហបុរីបានរាយការណ៍អំពីការកើនឡើងនៃមេរោគហ្ស៊ីកាដែលបានឆ្លងដល់សហគមន៍ក្នុងសប្តាហ៍ថ្មីៗនេះថា កើតចេញពីក្នុងទ្វីបអាស៊ី មិនមែនឆ្លងពីប្រទេសប្រេស៊ីលទេ។
លោក Prasert Auewarakul សាស្ត្រាចារ្យ និងជានាយកវិទ្យាស្ថានជីវសាស្ត្រម៉ូលេគុល នៅសាកលវិទ្យាល័យ Mahidol និយាយថា ការកំណត់ឲ្យឃើញការរីករាលដាលនៃមេរោគនេះគឺជាគន្លឹះ ហើយថាតើការផ្ទុះឡើងនេះមានសភាពកាចសាហាវដូចស្ថានភាពនៅទ្វីបអាមេរិកខាងត្បូងដែរឬយ៉ាងណា។
លោកនិយាយថា៖ «ជាមូលដ្ឋាន ការរីករាលដាលនេះគឺដូចគ្នា បើយើងគិតពីការវិវត្តរបស់វា។ មនុស្សជឿថា ការរីករាលដាលក្នុងទ្វីបអាមេរិកខាងត្បូងកើតចេញពីការរីករាលដាលនៅតំបន់អាស៊ីអាគ្នេយ៍»។
«អ្វីដែលនៅតែជាចម្ងល់គឺថា ទោះបីជាយើងឃើញមានការរីករាលដាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនឆ្នាំមកហើយក៏ដោយ មិនមានអ្វីកើតឡើងធំដុំទេរហូតមកដល់ពេលនេះ»។
លោក Prasert និយាយថា អាជ្ញាធរថៃកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការឃ្លាំមើលលើការឆ្លងជាករណី ដូច្នេះ ដោយសារតែមានហានិភ័យកាន់តែខ្លាំង អ្នកធ្វើការនៅក្រសួងសុខភាពសាធារណៈ កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការកំណត់សម្គាល់ករណីជាច្រើនដើម្បីកុំឲ្យវារីករាលដាល។
ប៉ុន្តែអ្នកផ្សេងទៀត ដូចជាលោក Voravit Suwanvanichkij នៃសាលា Johns Hopkins School ផ្នែកឱសថ និងអ្នកផ្សេងទៀតដែលធ្វើការក្នុងអង្គការសប្បុរសធម៌សម្រាប់ជនភៀសខ្លួនតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា មានការប្រុងប្រយ័ត្នខ្ពស់ជាងនេះ។ លោក Voravit និយាយថា ការឆ្លងមេរោគហ្ស៊ីកានឹងកើនឡើង។ «មានហានិភ័យពិតប្រាកដថា យើងកំពុងបង្កើតឲ្យមានជំងឺរាតត្បាតថ្មីមួយនៅតំបន់នេះ»។
លោកនិយាយថា៖ «នេះជាការព្រួយបារម្ភមួយយ៉ាងធំ ជាពិសេសចាប់តាំងពីមានការភ័យច្របូកច្របល់ខ្លាំងបំផុតមួយដោយសារតែភាពមិនប្រក្រតីនៃទារក គឺធ្វើឲ្យក្មេងៗកើតមកមានក្បាលតូចខុសប្រក្រតី»។
ទីភ្នាក់ងារព័ត៌មានថៃក្នុងស្រុកជាច្រើនបានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៅផ្នែកប្រឆាំងជំងឺឆ្លងនៃក្រសួងសុខភាពសាធារណៈ បាននិយាយថា ហ្ស៊ីកាមិនត្រូវបានគេចាត់ទុកថាជាករណីធ្ងន់ធ្ងរទេ ដោយសារតែនៅពេលនេះវាមិនមានការផ្ទុះឡើងគួរឲ្យកត់សម្គាល់នៅឡើយ។
មន្ត្រីជាច្រើននៅក្រសួងសុខភាពសាធារណៈថៃនិយាយថា ក្នុងស្រុក San Sai នៃខេត្តឈៀងម៉ៃ មានស្រ្តីពីរនាក់ ដែលម្នាក់មានផ្ទៃពោះ៦ខែ ហើយម្នាក់ទៀត៨ខែ កំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់បុគ្គលិកពេទ្យ។
លោក Voravit និយាយថា ក្រុមមន្ត្រីទាំងនោះ និងសាធារណជនទាំងអស់កុំទាន់អាលសប្បាយចិត្ត។
លោកបានថ្លែងប្រាប់ VOA ថា៖ «ការពិតនោះគឺថា ទាំងនេះមិនគួរជាអ្វីដែលធ្វើឲ្យយើងបន្ថយកម្លាំងការពារយើងទេ។ ពួកគេមានសក្តានុភាព ហើយយើងនៅតែសិក្សាអំពីជំងឺនេះ ហើយពេលនេះមិនមែនជាពេលដែលត្រូវបន្ថយកម្លាំងទេ»។
លោកនិយាយថា ហានិភ័យខ្ពស់នៃការឆ្លងនៅក្នុងទីក្រុង ជាពិសេសនៅខណៈពេលដែលសត្វមូស Aedes ដែលផ្ទុកមេរោគនេះ បានបន្សាំខ្លួនរបស់ពួកវាទៅនឹង«ការរស់នៅជុំវិញមនុស្សនិងលំនៅដ្ឋានរបស់មនុស្ស»។
លោកនិយាយថា ការព្រួយបារម្ភគឺថា «បើសិនជាអ្នកស្ថិតនៅញឹកញាប់ជាមួយមនុស្សដែលឆ្លងជំងឺនេះ អ្នកអាចនឹងធ្វើឲ្យមានការរាតត្បាត»៕
ប្រែសម្រួលដោយ នៀម ឆេង