ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​ត្រួត​ពិនិត្យ​រក​មេរោគ Zika ស្រប​ពេល​ដែល​ការ​ឆ្លង​មាន​ការ​កើន​ឡើង​នៅ​សិង្ហបុរី


មន្រ្តី​របស់​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​នៅ​ក្នុង​បរិវេណ​ដែល​មាន​ករណី​ឆ្លង​មេរោគ Zika​ នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។
មន្រ្តី​របស់​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​នៅ​ក្នុង​បរិវេណ​ដែល​មាន​ករណី​ឆ្លង​មេរោគ Zika​ នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។

ប្រទេស​ឥណ្ឌូនេស៊ី​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​សិង្ហបុរី ដែល​ជា​ប្រទេស​ក្បែរ​ខាង​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាស់​ថា អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​មាន ឬ​មិន​មាន​ផ្ទុក​មេរោគ Zika។ ប្រទេស​ឥណ្ឌូនេស៊ី​ចេញ​វិធានការ​ដូច​នេះ ដោយសារ​តែ​ប្រទេស​សិង្ហបុរី​បាន​រាយការណ៍​អំពី​ចំនួន​នៃ​អ្នក​ឆ្លង​មេរោគ Zika នេះ​មាន​ការ​កើន​ឡើង។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​លោក Oscar Primadi បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មន្ត្រី​សុខាភិបាល​បាន​ស្នើ​ឲ្យ​ក្រសួង​ការបរទេស​ចេញ​នូវ​ការ​ណែនាំ​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ ជា​ពិសេស ស្ត្រី​មាន​ផ្ទៃ​ពោះ កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ប្រសិន​បើ​មិន​មាន​ការ​ចាំបាច់។

ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​បញ្ជាក់​ថា មាន​ការ​ឆ្លង​ជំងឺ Zika ថ្មី​ចំនួន​២២​ករណី​នៅ​ក្នុង​តំបន់​មួយ​នៅ​ក្នុង​ទីក្រុង ហើយ​ករណី​ឆ្លង​ដំបូង​គឺ​ការ​ឆ្លង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។

សម្រាប់​អ្នក​ជំងឺ Zika ភាគ​ច្រើន មេរោគ​នេះ​ជះ​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ពួកគេ ប៉ុន្តែ​គ្រូពេទ្យ​ជឿជាក់​ថា ការ​ឆ្លង​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បណ្ដាល​ឲ្យ​ទារក​កើត​មក​មាន​ក្បាល​តូច​ខុស​ធម្មតា និង​ការ​អភិវឌ្ឍ​របស់​ទារក​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ។

គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ ប្រទេស​សិង្ហបុរី​មាន​ការ​ឆ្លង​ជំងឺ Zika នេះ​ចំនួន​១៥៥​ករណី​រួច​មក​ហើយ។

មជ្ឈមណ្ឌល​ដើម្បី​ការ​គ្រប់គ្រង និង​ការ​ការពារ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ណែនាំ​ដល់​អ្នក​ធ្វើ​ដំណើរ​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង ដូចជា​ការ​ការពារ​ខ្លួន​ពួកគេ​កុំ​ឲ្យ​មូស​ខាំ​ជាដើម។ ហើយ​ដោយសារតែ​មេរោគ​នេះ​ឆ្លង​តាម​ការ​រួម​ភេទ​ផង​ដែរ មជ្ឈមណ្ឌល​នេះ​បាន​ណែនាំ​ឲ្យ​ប្រើ​ស្រោម​អនាម័យ ក្នុង​ពេល​រួមភេទ។

គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​រាយការណ៍​ណាមួយ​ថា មាន​ការ​ឆ្លង​មេរោគ Zika នេះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ឡើយ​ទេ៕

XS
SM
MD
LG