សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump ចង់បញ្ចៀសមិនឲ្យមានការបិទរដ្ឋាភិបាលមួយផ្នែកម្ដងទៀត ប៉ុន្តែនៅតែប្ដូរផ្ដាច់ចំពោះការសាងសង់ជញ្ជាំងព្រំដែននៅតាមបណ្ដោយព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ដែលនេះជាវិធានការដែលសមាជិកគណបក្សប្រជាធិបតេយ្យភាគច្រើននឹងជំទាស់។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនៅឯសន្និសីទកាសែតថា៖ «លោកប្រធានាធិបតីមិនចង់បិទរដ្ឋាភិបាលម្ដងទៀតទេ។ នេះមិនមែនជាគោលបំណងនោះទេ»។
លោកស្រីបានជំរុញឲ្យសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ «មានការម៉ឺងម៉ាត់ចំពោះការដោះស្រាយបញ្ហានៅឯព្រំដែន ដែលក្នុងនោះមានទាំងការផ្ដល់ថវិកាសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនផងដែរ»។
គណៈកម្មាធិការមួយដែលមានការចូលរួមពីសមាជិកសភាទទួលបន្ទុកខាងថវិកានៃគណបក្សទាំងពីរ នឹងចាប់ផ្ដើមការពិភាក្សាយោបល់នៅថ្ងៃពុធស្អែក។ ប៉ុន្តែ គំនិតមានៈតែម្ខាងពាក់ព័ន្ធនឹងរឿងព្រំដែនដែលបណ្ដាលឲ្យមានការបិទរដ្ឋាភិបាលនេះ នៅតែមាន។
លោក Chuck Schumer មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា បាននិយាយមិនយូរប៉ុន្មានមុនពេលលោកស្រី Sanders ថ្លែងខាងលើ យ៉ាងដូច្នេះថា៖ «គណបក្សប្រជាធិបតេយ្យជំទាស់ដាច់ខាតជាមួយនឹងលោកប្រធានាធិបតី Trump រឿងជញ្ជាំងព្រំដែនដែលចំណាយថវិកាច្រើន និងគ្មានប្រសិទ្ធភាពនេះ»។
ការិយាល័យផ្នែកថវិកានៃសភាបានប៉ាន់ប្រមាណថា ការបិទរដ្ឋាភិបាលមួយផ្នែក ៥ សប្ដាហ៍ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកបាត់បង់ថវិកាចំនួន ៣ ពាន់លានដុល្លារ៕