របាយការណ៍ដែលបានចេញផ្សាយកាលពីយប់ថ្ងៃសុក្រ បានបង្ហាញយ៉ាងលំអិតអំពីទ្រព្យសម្បត្តិនិងប្រាក់ចំណូលនៅក្នុងអ្វីដែលជាបុគ្គលិកដ៏មានទ្រព្យសម្បត្តិច្រើនបំផុតរបស់សេតវិមាននៅពេលដែលពួកគេបានចូលក្នុងសេតវិមាននៅខែមករា ហើយនឹងមុនពេលពួកគេចាប់ផ្តើមលក់ទ្រព្យសម្បត្តិដែលអាចត្រូវបានគេចាត់ទុកថាជាការប៉ះទង្គិចខាងផលប្រយោជន៍នៅក្នុងដំណែងថ្មីរបស់ពួកគេ។
របាយការណ៍នោះរួមមានទិន្នន័យអំពីហិរញ្ញវត្ថុរបស់លោកស្រី Ivanka កូនស្រីរបស់លោកប្រធានាធិបតី ហើយនឹងលោក Jared Kushner ស្វាមីរបស់លោកស្រី ដែលក្រុមគ្រួសាររបស់ពួកគេមានជាប់ទាក់ទិនក្នុងក្រុមហ៊ុនអចលនៈទ្រព្យនៅក្នុងទីក្រុងញូវយ៉ក។
គ្មានការភ្ញាក់ផ្អើលទេ គូស្រករនេះកាន់កាប់អចលនៈទ្រព្យនិងពាណិជ្ជកម្មដែលមានតម្លៃមហាសាល៧៤១លាននាក់ នេះតាមសេចក្តីរាយការណ៍របស់កាសែត The New York Times។ លោកស្រី Ivanka Trump ក៏មានផលប្រយោជន៍ក្នុងសណ្ឋាគារ Trump International Hotelក្នុងរដ្ឋធានីវាស៊ីនតោនដែលនៅចម្ងាយបីបួនប្លុកពីសេតវិមាន។ការបញ្ចេញហិរញ្ញវត្ថុបង្ហាញថា លោក Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតីត្រាំបានលាចេញពីអង្គភាព ក្រុមហ៊ុនសាជីវកម្មនិងអង្គការមិនយកកម្រៃចំនួន២៦០ចាប់តាំងពីខែមករាមក។ ភរិយារបស់លោកបានបោះបង់ចោលពាណិជ្ជកម្មបង្ហាញម៉ូតសម្លៀកបំពាក់ដើម្បីធ្វើការនៅសេតវិមាន។
ច្បាប់តម្រូវឲ្យបញ្ចេញហិរញ្ញវត្ថុនេះជាសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នោះ មិនបានរួមបញ្ចូលកិច្ចព្រមព្រៀងរបស់ការិយាល័យក្រមសីលធម៌របស់រដ្ឋាភិបាលជាមួយបុគ្គលិកអំពីអ្វីដែលពួកគេត្រូវធ្វើដើម្បីបញ្ចៀសការប៉ះទង្គិចខាងផលប្រយោជន៍នោះទេ៕