សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមនៅក្នុងសវនាការរបស់គណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភានៅថ្ងៃពុធខាងមុខនេះ ទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែងនោះទេ។
ប្រធានគណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភាលោក Jerrold Nadler បានអញ្ជើញលោកប្រធានាធិបតី Trump និងមេធាវីរបស់លោកឲ្យចូលរួមនៅក្នុងសវនាការលើកដំបូងរបស់គណៈកម្មាធិការនេះ ស្របពេលដែលការស៊ើបអង្កេតនេះឈានចូលដល់ដំណាក់កាលបន្ទាប់។
ទោះបីជាគ្មាននរណារំពឹងថាលោក Trump នឹងចូលរួម ដោយសារតែលោកគ្រោងទៅចូលរួមនៅក្នុងកិច្ចប្រជុំរបស់អង្គការអូតង់នៅជិតទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសក្នុងសប្ដាហ៍នេះក៏ដោយ ក៏មេធាវីសេតវិមានលោក Pat Cipollone បានបដិសេធមិនចូលរួមផងដែរ។
លោក Cipollone បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោក Nadler កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញថា៖ «តាមយុត្តិធម៌ គេមិនអាចរំពឹងថាពួកយើងនឹងចូលរួមនៅក្នុងសវនាការនេះទេ នៅពេលដែលមិនទាន់មានការកំណត់ឈ្មោះសាក្សីណាម្នាក់នៅឡើយ និងនៅពេលដែលគេនៅមិនច្បាស់អំពីថាតើគណៈកម្មាធិការយុត្តិធម៌ [នៃរដ្ឋសភា] នឹងអាចផ្ដល់ឲ្យលោកប្រធានាធិបតីនូវនីតិវិធីត្រឹមត្រូវតាមរយៈសវនាការបន្ថែមទៀតឬក៏យ៉ាងណានោះ»។
លោក Cipollone បានបន្ថែមថា លោកនឹងឆ្លើយតបនៅត្រឹមចុងសប្ដាហ៍នេះអំពីថាតើសេតវិមាននឹងបង្ហាញខ្លួននៅក្នុងសវនាការលើកក្រោយៗទៀតឬក៏យ៉ាងណានោះ។
លោក Nadler បានធានាចំពោះលោក Trump និងមេធាវីរបស់លោក Trump នៅក្នុងលិខិតអញ្ជើញកាលពីសប្ដាហ៍មុនថា លោក «ប្ដេជ្ញាធានាឲ្យមាននូវដំណើរការមួយប្រកបដោយយុត្តិធម៌ និងមានការផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ»៕