អ្នក​នាំ​ពាក្យ​សេតវិមាន​ធ្វើ​តេស្ត​ឃើញ​មាន​ជំងឺ​កូវីដ១៩

រូបឯកសារ៖ អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Kayleigh McEnany និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅ​ខាងក្រៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Kayleigh McEnany និយាយ​ថា អ្នកស្រី ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​ជំងឺ​កូវីដ១៩។

អ្នកស្រី McEnany បាន​ប្រកាស​លើ​បណ្តាញ Twitter ថា៖ «បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន​ជាច្រើន​ដង​មក​ ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​មក ឥឡូវនេះ ខ្ញុំ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​គ្មាន​រោគសញ្ញា​អ្វី​នោះ​ទេ»។

អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​មិន​បាន​ដឹង​ថា អ្នកស្រី Hope Hicks បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩​ នោះ​ទេ មុន​ពេល​ដែល​អ្នកស្រី​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន។ អ្នកស្រី Hope Hicks គឺ​ជា​ទីប្រឹក្សា​ម្នាក់​របស់​លោក​ប្រធានាធិបតី Donald Trump ហើយ​លទ្ធផល​តេស្ត​កូវីដ១៩ របស់​អ្នកស្រី ​ត្រូវ​បាន​លាតត្រដាង​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

លោក​ប្រធានាធិបតី Trump បាន​ប្រកាស​ថា លោក​ និង​អ្នកស្រី Melania Trump ដែល​ជា​ភរិយា បាន​ធ្វើ​តេស្ដ​ឃើញ​វិជ្ជមាន​កូវីដ១៩ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។ ឥឡូវ​នេះ​លោក Trump កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​យោធា Walter Reed។ ចំណែកឯ​អ្នកស្រី Melania Trump វិញ​ មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះទេ គឺ​គ្រាន់​តែ​នៅ​ដាច់​ដោយ​ឡែក​ពីគេ នៅ​សេតវិមាន​តែ​ប៉ុណ្ណោះ។

អ្នកស្រី McEnany ថ្លែង​ថា៖ អ្នកស្រី «នឹង​ចាប់​ផ្ដើម​នៅ​ដាច់​ដោយ​ឡែក​ពីគេ» និង​បន្ដ​ធ្វើការងារ​ពី​ផ្ទះ៕