លោក Obama និង​ភរិយា​ចូលរួម​ក្នុង​ពិធី​ដាក់​បង្ហាញ​រូបថត​ផ្លូវការ​របស់​លោក​ទាំង​ពីរ​នៅ​សេតវិមាន

​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama និង​លោកស្រី Michelle Obama ដែល​ជា​ភរិយា ​បង្ហាញ​នូវ​រូបថត​ផ្លូវការ​របស់​លោក​ទាំង​ពីរ ​នៅ​ឯ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ថ្ងៃ​ពុធ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោកស្រី Jill Biden ដែល​ជា​ភរិយា​បាន​ស្វាគមន៍​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama និង​លោកស្រី Michelle Obama ដែល​ជា​ភរិយា​នៅ​ឯ​សេតវិមាន​កាលពី​ថ្ងៃ​ពុធ សម្រាប់​ការ​ដាក់​បង្ហាញ​នូវ​រូបថត​ផ្លូវការ​របស់​លោក​ទាំង​ពីរ​ដែល​គូរ​ដោយ​សិល្បករ​ពីរ​រូប​គឺ​លោក Robert McCurdy និង​អ្នកស្រី Sharon Sprung។

នៅ​ក្នុង​ពិធី​ដាក់​បង្ហាញ​រូបថត​នេះ លោក Biden បាន​ថ្លែង​អំពី​ទំនាក់ទំនង​ជិតស្និទ្ធ​ដែល​លោក​មាន​ជាមួយ​នឹង​លោក Obama។

លោក Biden បាន​និយាយ​ដូច្នេះ​ថា៖ «សម្រាប់​រយៈពេល ៨ ឆ្នាំ យើង​បាន​ក្លាយ​ជា​គ្រួសារ​មួយ​ដោយ​ឆ្លងកាត់​ទាំង​ពេល​រីករាយ​និង​ពេល​លំបាក។ គ្រួសារ​ដែល​មាន​ប្រវត្តិ​ផ្សេង​គ្នា​បាន​មក​ជួប​គ្នា​ដោយសារ​គុណ​តម្លៃ​រួម​និង​រឿង​រ៉ាវ​ផ្សេង​ទៀត​ដែល​គ្រួសារ​ទាំង​ពីរ​បាន​ធ្វើ​រួម​គ្នា។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​ទំនាក់ទំនង​ផ្សេង​ទៀត​ដូច​នេះ​រវាង​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​គិត​ឃើញ​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ»។


លោក Biden បាន​និយាយ​ទៅ​កាន់​លោក Obama ថា៖ «លោក​ប្រធានាធិបតី! នេះ​ជា​មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​ជ្រើសរើស​លោក​ឱ្យ​ធ្វើ​ជា​ប្រធានាធិបតី​ពីរ​ដង។ នេះ​ជា​មូលហេតុ​ដែល​លោក​នឹង​ត្រូវ​បាន​គេ​ចាត់ទុក​ថា ​ជា​ប្រធានាធិបតី​មួយ​រូប​ក្នុង​ចំណោម​ប្រធានាធិបតី​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក រួម​ជាមួយ​នឹង [ភរិយា​របស់​លោក] ដែល​នឹង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ភរិយា​ប្រធានាធិបតី​ដ៏​សំខាន់​បំផុត​មួយ​រូប​ផង​ដែរ»។

លោក Obama បាន​ឆ្លើយតប​ទៅ​នឹង​លោក Biden វិញ​ថា៖ «ដោយសារតែ​ភាព​គួរសម​របស់​លោក ដោយសារតែ​ភាព​ម៉ឺងម៉ាត់​របស់​លោក និង​ជាពិសេស​ដោយសារតែ​ភក្ដីភាព​របស់​លោក​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​និង​ពលរដ្ឋ​អាមេរិកាំង សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរ​ជាង​មុន​នៅ​ពេល​ដែល​លោក​បាន​ចូល​កាន់​តំណែង [ជា​ប្រធានាធិបតី]»។

លោក Obama បាន​បន្ថែម​ថា៖ «លោក Biden! ឥឡូវ​នេះ​វា​គឺ​ជា​វាសនា​ល្អ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​លោក​ជា​ប្រធានាធិបតី»។

ទស្សនកិច្ច​នៅ​សេតវិមាន​លើក​នេះ​របស់​លោក Obama គឺ​ជា​ទស្សនកិច្ច​លើក​ទី ២ តាំង​ពី​ពេល​ដែល​លោក​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​មក។ ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​គឺ​បាន​ធ្វើ​ឡើង​កាលពី​ខែ​មេសា​ដើម្បី​ប្រារព្ធ​ខួប​ទី ១២ នៃ​ការ​អនុម័ត​ច្បាប់​ធានា​រ៉ាប់រង​សុខភាព Affordable Care Act ដែល​គេ​ស្គាល់​ថា​ច្បាប់ Obamacare ដែល​លោក​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ ២០១០៕