សេតវិមាន​​រៀបរាប់​អំពី​វិបត្តិ​នៅ​ឯ​ព្រំដែន​ហើយ​ពិចារណា​អំពី​ការ​ប្រកាស​ភាព​មាន​អាសន្ន

លោក​ប្រធានាធបិតី ដូណាល់ ត្រាំ ថ្លែង​នៅ​សេតវិមាន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។

រដ្ឋបាល​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump កំពុង​ជំរុញ​ខ្លាំង​ក្នុង​ការ​បង្ហាញ​​ព្រំដែន​ខាងត្បូង​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ថា​ជា​ «វិបត្តិ​ខាង​មនុស្សធ៌ម​ និង​ខាង​សន្តិសុខជាតិ» មួយ​ដែល​នឹង​កើត​មាន​ឡើង។

រដ្ឋបាល​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump កំពុង​ជំរុញ​ខ្លាំង​ក្នុង​ការ​បង្ហាញព្រំដែន​ខាងត្បូង​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ថា​ជា​ «វិបត្តិ​ខាង​មនុស្សធ៌ម​ និង​ខាង​សន្តិសុខជាតិ» មួយ​ដែល​នឹង​កើត​មាន​ឡើង ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ដល់​ការ​ផ្តល់​ប្រាក់​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន​នៅ​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ពួក​សមាជិក​សភា​ដែល​បាន​នាំ​ប្រទេស​អាមេរិក​មាន​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ចំនួន​១៨ថ្ងៃ​មក​ហើយ។

លោក​ Trump នឹង​បង្ហាញ​ហេតុផល​របស់​លោក​ដល់​ប្រជាជាតិ​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​មុន​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

នៅ​មុន​មាន​ការ​ថ្លែង​សុន្ទរកថា​នេះ លោកអនុប្រធានាធិបតី​ Mike Pence បាន​និយាយ​ត្រួសៗ​ប្រាប់​ពួក​អ្នក​កាសែត​កាលពី​ថ្ងៃចន្ទ​ ដោយ​លោក​បាន​គូស​បញ្ជាក់​ថា​មាន «វិបត្តិ​មែនទែន» នៅ​ឯ​ព្រំដែន ហើយ​លោក​បាន​បន្ទោស​ពួក​ប្រជាធិបតេយ្យ​ថា​ «ប្រកែក​មិន​ព្រម​ធ្វើ​ការ​ចរចា» អំពី​ការ​បើក​រដ្ឋាភិបាល​ជា​ថ្មី។​

លោក Pence មាន​ការ​ចូលរួម​ពី​សំណាក់​លោកស្រី​ Kirstjen Nielsen រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ដែល​បាន​និយាយ​ថា ​ការ​ផ្តល់​ប្រាក់ និង​ច្បាប់​ដែល​មាន​នៅ​ពេល​ឥឡូវ​នេះ «មិន​អាច​ដោះស្រាយ​វិបត្តិ​ដែល​យើង​ឃើញ​នៅ​ឯ​ព្រំដែន​ទេ»។

ពួក​ប្រជាធិបតេយ្យ និង​ពួក​អ្នក​ការពារ​អន្តោប្រវេសន៍​មួយ​ចំនួន​និយាយ​ថា​ការ​បង្ហាញ​របស់​រដ្ឋបាល​ Trump អំពី​បញ្ហា​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​ពួក​គេ​បាន​ចោទ​ប្រកាន់​រដ្ឋបាល​នេះ​ថា​បាន​បង្កើត​វិបត្តិ​មួយ​សម្រាប់​គោល​បំណង​ខាង​នយោបាយ​ក្នុង​ការ​កសាង​ជញ្ជាំង​ព្រំដែនដែល​លោក Trump បាន​យក​មក​និយាយ​នៅ​ពេល​លោក​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ២០១៦៕