មន្ត្រី​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នៅ​សេតវិមាន​នឹង​ចាប់ផ្ដើម​នៅ​ដាច់​ដោយ​ឡែក​ពី​គេ

លោក​វេជ្ជបណ្ឌិត Anthony Fauci​ ឈរ​នៅ​ពី​មុខ​ឃ្លា​មួយ​សរសេរ​ថា «បើក​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​សហរដ្ឋអាមេរិក​ម្ដង​ទៀត» នៅ​សេតវិមាន ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០។

មន្ត្រី​សេតវិមាន​មួយ​ចំនួននឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ពី​ផ្ទះ​និង​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ក្រោយ​ពី​បាន​ទាក់ទង​ជាមួយ​នឹង​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នៅ​សេតវិមាន។ ​

កាល​ពី​ថ្ងៃ​សៅរ៍ មាន​សេចក្ដីប្រកាស​ថា លោក Robert Redfield នាយក​មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ លោក Stephen Hahn ស្នងការ​នៃ​ទីភ្នាក់ងារ​រដ្ឋបាល​ម្ហូប​អាហារ​និង​ថ្នាំ​ពេទ្យ និង​លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​នៃ​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡែកហ្ស៊ី និង​ជំងឺ​ឆ្លង និង​សមាជិក​នៃ​ក្រុមការងារ​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ជំងឺ​កូវីដ១៩​នៅ​សេតវិមាន នឹង​ត្រូវ​អនុវត្ត​នូវ​វិធានការ​ចាំបាច់​នានា ក្រោយ​ពី​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ម្នាក់​នៅ​សេតវិមាន​ដែល​ឆ្លង​វីរុស​កូរ៉ូណា ដែល​នោះ​គឺ​អ្នកស្រី Katie Miller អ្នក​នាំពាក្យ​របស់​លោក​អនុប្រធានាធិបតី Mike Pence។

លោក Redfield នឹង​ត្រូវ​ធ្វើការ​ពី​ផ្ទះ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ខាង​មុខ។ នេះ​បើយោង​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន The Washington Post កាល​ពី​ថ្ងៃ​សៅរ៍។ លោក Hahn ដែល​កំពុង​នៅ​ដាច់ដោយ​ឡែក​ពី​គេ ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នកស្រី Katie Miller។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​មួយ​របស់​បណ្ដាញ​ព័ត៌មាន Politico។ ចំណែក​ឯ​លោក Fauci វិញ បាន​ថ្លែង​ប្រាប់​បណ្ដញ​ព័ត៌មានCNN កាលពី​ថ្ងៃ​សៅរ៍​ថា លោក​នឹង​ចាប់ផ្ដើម​នៅ​ដាច់​ដោយឡែក​ពី​គេ។

កាល​ពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ទទូច​ថា «ការ​ធ្វើ​តេស្ត​មិន​សំខាន់​នោះ​ទេ» ដែល​នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​និន្នាការ​របស់​លោក​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ការ​ច្រានចោល​យោបល់​របស់​អ្នក​ជំនាញ​ខាង​សុខភាព។

រដ្ឋបាល​របស់​លោក ត្រាំ បន្ដ​ការពារ​ការ​សម្រេច​របស់​ខ្លួន​នៅ​ក្នុង​ការ​មិន​បង្ហាញ​ផែនការ​លំអិត​អំពី​ការ​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្នុង​សហរដ្ឋអាមេរិក។

សេចក្ដី​ប្រកាស​មួយ​របស់​សេតវិមាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃសៅរ៍ និង​បាន​ស្រង់​សម្ដី​របស់​នាយក​មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ លោក Robert Redfield បាន​លើកឡើង​ថា គោលការណ៍​ណែនាំ​នោះ​នៅ​ជា «សេចក្ដីព្រាង» នៅ​ឡើយ ហើយ​ត្រូវ​បាន «ចែកចាយ​មុន​ការ​កំណត់»។ សេចក្ដី​ប្រកាស​នេះ​បាន​បន្ថែម​ថា ហេតុ​ដូច្នេះ​ហើយ លោក Redfield នៅ​មិន​ទាន់​អាច​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​លំអិត​បាន​ទេ៕