សេតវិមានបានប្រកាសជាផ្លូវការថាការកម្រិតចំនួនជនភៀសខ្លួនច្រើនបំផុតប្រចាំឆ្នាំមកកាន់ស.រ.អា.ក្នុងឆ្នាំសារពើពន្ធ២០១៨នឹងមាន៤ម៉ឺន៥ពាន់នាក់។ដោយហៅកម្មវិធីនេះថា «America First Refugee Program» សេចក្តីប្រកាសនេះកាលពីយប់ថ្ងៃសុក្រនិយាយថាវាជា «កម្រិតមួយដែលយោលទៅតាមសុវត្ថិភាពរបស់ប្រជារាស្ត្រអាមេរិកាំង»។
ការកម្រិតថ្មីនេះដែលបានត្រូវស្នើជូនសភាកាលពីពេលមុននេះក្នុងសប្តាហ៍នេះបានធ្វើឱ្យស.រ.អា.ទទួលយកជនភៀសខ្លួនក្នុងឆ្នាំសារពើពន្ធ២០១៨តិចជាងកាលពី៣៧ឆ្នាំមុនដែលនៅពេលនោះមានកម្មវិធីជនភៀសខ្លួនបច្ចុប្បន្នដែលគេស្គាល់ថាជាកម្មវិធីយកក្រុមជនភៀសខ្លួនចូលមកក្នុងស.រ.អ.ហៅកាត់ថា USRAP។
សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថាសេចក្តីសម្រេចនេះបានត្រូវធ្វើឡើងក្រោយពីបានពិគ្រោះយោបល់ជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ., លោករដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិនិងក្រុមសន្តិសុខជាតិរបស់ប្រធានាធិបតី។
សេតវិមានបានថ្លែងថាការកម្រិតថ្មីនេះនៃចំនួនជនភៀសខ្លួនច្រើនបំផុត «បានត្រូវរចនាឡើងដើម្បីសម្របសម្រួលតាមទម្រង់ការពិនិត្យពិច័យបន្ថែមដើម្បីពិនិត្យមើលសំណុំបែបបទរបស់ពួកអ្នកដាក់ពាក្យសុំមករស់នៅក្នុងប្រទេសអាមេរិកឱ្យបានល្អិតល្អន់និងប្រកបដោយសុវត្ថិភាពក្រែងអាចមានការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនិងសន្តិសុខជាតិ»៕