ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជួបជាមួយរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រនិងការវិនិយោគប្រទេសឥណ្ឌូណេស៊ីលោក Luhut Binsar Pandjaitan កាលពីថ្ងៃអង្គារ ដែលជាជំនួបមួយដែលសេតវិមានមិនបានដាក់បញ្ចូលទៅក្នុងកាលវិភាគប្រជុំសាធារណៈរបស់លោកប្រធានាធិបតី Trump និងថែមទាំងមិនបានផ្តល់អត្ថាធិប្បាយចំពោះរឿងនេះផងដែរ។
អ្នកស្រី Ivanka Trump និងលោក Jared Kushner ដែលជាទីប្រឹក្សាសេតវិមាន រួមជាមួយលោក Adam Boehler ដែលជានាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) ក៏មានវត្តមាននៅក្នុងការប្រជុំនោះផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍និងរូបថតនៃជំនួបនេះ ដែលបានផ្តល់ឲ្យដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី។
លោក Pandjaitan ដែលជារឿយៗត្រូវបានគេចាត់ទុកថា ជា «រដ្ឋមន្ត្រីគ្រប់បែបយ៉ាង» នោះ បាននិយាយថា៖ «តាងនាមឲ្យលោកប្រធានាធិបតី Joko Widodo ខ្ញុំសូមសម្តែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump។ ទោះបីជាលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកទៅជាបែបណាក៏ដោយ ក៏មិត្តភាពត្រូវតែរក្សាដដែល។ យើងនឹងនៅតែជាមិត្តភក្ដិ។ ខ្ញុំសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះជាមួយសេតវិមាន ក៏អាចត្រូវបានជំរុញទៅមុខបន្ថែមទៀតនៅក្រោយខែមករា ឆ្នាំ ២០២១ ផងដែរ»។
លោក Pandjaitan បាននិយាយថា លោកនិងលោកប្រធានាធិបតី Trump បានពិភាក្សាអំពី «ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច» រវាងប្រទេសទាំង ២ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបន្តឋានៈអនុគ្រោះពន្ធ GSP ដល់ប្រទេសឥណ្ឌូនេស៊ីកាលពីដើមខែនេះមក។
កាលពីថ្ងៃពុធម្សិលមិញ ឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាដែលមានទឹកប្រាក់ចំនួន ៧៥០ លានដុល្លារជាមួយធនាគារអាហរ័ណនីហរ័ណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
នៅក្នុងជំនួបដាច់ដោយឡែកពីនេះ លោក Pandjaitan បានជួបជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ដែលបើយោងតាមរដ្ឋាភិបាលឥណ្ឌូនេស៊ី បានស្នើផ្តល់ «កិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងការផលិតវ៉ាក់សាំងរវាងក្រុមហ៊ុនអាមេរិកាំងនិងឥណ្ឌូនេស៊ី» និងបានជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Robert O' Brien អំពី «ភាពជាដៃគូយុទ្ធសាស្ត្រ» នៅក្នុងវិស័យការពារប្រទេស និងបច្ចេកវិទ្យា៕