លោក Robert O'Brien ទីប្រឹក្សាសន្តិសុខជាតិសេតវិមានប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកមិនចង់ធ្វើការស្មានៗមិនច្បាស់អំពីការគំរាមរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងការជូន «កាដូថ្ងៃ Christmas» ដល់សហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹង «ខកចិត្តយ៉ាងខ្លាំង» ប្រសិនបើរដ្ឋាភិបាលកូរ៉េខាងជើងធ្វើការសាកល្បងមីស៊ីលដែលហោះបានចម្ងាយឆ្ងាយ ឬក៏មីស៊ីលដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
នៅក្នុងកិច្ចសម្ភាសន៍មួយក្នុងកម្មវិធី «សប្ដាហ៍នេះ» របស់ទូរទស្សន៍ ABC លោក O'Brien បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងចាត់វិធានការសមរម្យក្នុងនាមជាប្រទេសមហាអំណាចយោធា និងសេដ្ឋកិច្ចនាំមុខគេ ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងមីស៊ីលទាំងនេះ។
លោក O'Brien បានបន្ថែមទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមាន «មធ្យោបាយជាច្រើន» នៅក្នុងការឆ្លើយតបចំពោះរឿងនេះ។
លោកលើកឡើងដូច្នេះថា៖ «យើងនឹងនៅរង់ចាំមើលស្ថានការណ៍សិន ប៉ុន្តែសហរដ្ឋអាមេរិកនឹងចាត់វិធានការ ដូចដែលធ្លាប់ធ្វើកន្លងមកនៅក្នុងស្ថានការណ៍បែបនេះ។ ប្រសិនបើមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ធ្វើការសាកល្បងមីស៊ីលទាំងនោះមែន សហរដ្ឋអាមេរិកនឹងខកចិត្តយ៉ាងខ្លាំង ហើយសហរដ្ឋអាមេរិកនឹងបង្ហាញឲ្យឃើញអំពីការខកចិត្តនេះ»។
កូរ៉េខាងជើងបានព្រមានផ្ញើ «កាដូថ្ងៃ Christmas» ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមបន្ធូរបន្ថយគោលជំហររបស់ខ្លួនសម្រាប់ការចរចានុយក្លេអ៊ែរនៅត្រឹមចុងឆ្នាំនេះ ដែលជាកាលបរិច្ឆេទផុតកំណត់ដែលកូរ៉េខាងជើងបានដាក់ឲ្យសហរដ្ឋអាមេរិក។
ការចរចានុយក្លេអ៊ែររវាងប្រទេសទាំងពីរបានជាប់គាំងតាំងពីកិច្ចប្រជុំរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោក Kim Jong Un ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈ បានបរាជ័យមក៕