ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីនៅតែមានប្រសិទ្ធភាពដដែលរហូតទាល់តែ «រុស្ស៊ីដកការត្រួតត្រារបស់ខ្លួនចេញពីតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន»។ នេះបើតាមការបញ្ជាក់របស់លោក Sean Spicer ប្រធានផ្នែកព័ត៌មាននៃសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញ ពេលដែលលោកប្រធានាធិបតីអ៊ុយក្រែនធ្វើទស្សនកិច្ចនៅសេតវិមាន។
លោក Spicer បានបញ្ជាក់ថា៖ «យើងនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ហើយយើងជឿថា តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺជាផ្នែកមួយនៃប្រទេសអ៊ុយក្រែន ដូច្នេះ ទណ្ឌកម្មទាំងនេះនឹងនៅតែមានប្រសិទ្ធភាពដដែល»។
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានប្រកាសខ្លួនលោកថា លោកពេញចិត្តនឹងលទ្ធផលនៃកិច្ចពិភាក្សានៅឯសេតវិមានកាលពីថ្ងៃអង្គារម្សិលមិញ ដោយលោកបានចាត់ទុកសហរដ្ឋអាមេរិកថាជា «ដៃគូយុទ្ធសាស្ត្រ ដែលគាំទ្រ និងគួរឲ្យជឿទុកចិត្តជាទីបំផុត» សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន។
លោក Poroshenko បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសម្របសម្រួលដ៏មានប្រសិទ្ធភាពរបស់យើងអាចនាំមកនូវសន្តិភាពជូនប្រទេស និងទឹកដីអ៊ុយក្រែន ក៏ដូចជាអាចគាំទ្របូរណភាព និងអធិបតេយ្យភាពរបស់យើងបាន»។
លោក Trump បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន សម្រេចបានលទ្ធផលជាច្រើន ហើយប្រទេសអ៊ុយក្រែនគឺជាទីតាំងមួយ ដែលសហរដ្ឋអាមេរិកមានការពាក់ព័ន្ធយ៉ាងខ្លាំង។
សេចក្ដីប្រកាសរបស់រដ្ឋបាលលោក Trump បានបង្ហាញថា កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃអង្គារម្សិលមិញនៅឯសេតវិមាន ផ្ដោតលើការពិភាក្សាអំពីការគាំទ្រឲ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងគោលនយោបាយកំណែទម្រង់ ក៏ដូចជាកិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើពុករលួយរបស់លោកប្រធានាធិបតី Poroshenko៕