អ្នកនាំពាក្យសេតវិមានលោក Raj Shah ត្រូវបានចោទសួរសំណួរជាច្រើនពាក់ព័ន្ធនឹងអ្នកស្រី Stormy Daniels និងការចោទប្រកាន់ថាមានសាហាយស្មន់ជាមួយនឹងលោក ដូណាល់ ត្រាំ កាលពីជិត១២ឆ្នាំមុន។
លោក Raj Shah បានថ្លែងថា៖
«និយាយអំពីបទសម្ភាសន៍នោះ ខ្ញុំចង់និយាយថា លោកប្រធានាធិបតីបន្តបដិសេធយ៉ាងដាច់អហង្គការចំពោះការអះអាងទាំងនោះ ហើយអ្នកដែលនិយាយម្តងដូច្នេះម្តងដូច្នោះគឺអ្នកដែលបាននិយាយអះអាងនោះហើយ»។
នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី «60 Minutes» អ្នកស្រី Daniels បានថ្លែងយ៉ាងលម្អិតអំពីសាហាយស្មន់ជាមួយនឹងលោក ត្រាំ ដែលអ្នកស្រីបានថ្លែងថា បានចាប់ផ្តើមក្នុងឆ្នាំ២០០៦។
អ្នកស្រី Daniels ថ្លែងថា ជនប្លែកមុខម្នាក់បានមករកអ្នកស្រីក្នុងឆ្នាំ២០១១ ហើយបានគំរាមអ្នកស្រីកុំឲ្យនិយាយជាសាធារណៈពាក់ព័ន្ធនឹងអំពើសាហាយស្មន់របស់អ្នកស្រីជាមួយលោក ត្រាំ។
អ្នកស្រី Stormy Daniels បានថ្លែងថា៖
«ហើយបុរសម្នាក់បានដើរមករកខ្ញុំ ហើយបានប្រាប់ខ្ញុំ កុំឲ្យរញ៉េរញ៉ៃជាមួយលោក ត្រាំ។ បំភ្លេចរឿងនោះចោល។ ហើយបន្ទាប់មកបុរសម្នាក់នោះបានដើរក្រវែលជុំវិញ ហើយមើលមុខកូនស្រីរបស់ខ្ញុំ ហើយនិយាយថា ក្មេងស្រីស្អាត។ វាគឺជារឿងគួរឲ្យអាម៉ាសមួយ បើមានរឿងអ្វីកើតឡើងចំពោះម្តាយរបស់នាង។ ក្រោយមកបុរសនោះក៏ចេញទៅបាត់»។
មេធាវីរបស់អ្នកស្រី Daniels លោក Michael Avenatti បានប្រាប់ ទូរទស្សន៍ ABC ថា ព័ត៌មានច្រើនជាងនេះទៀតនឹងចេញផ្សាយជាបន្តបន្ទាប់។
លោកមេធាវី Michael Avenatti បានថ្លែងថា៖
«នឹងមានភស្តុតាងជាច្រើនដែលនឹងត្រូវបានគេដឹងឮនៅប៉ុន្មានសប្តាហ៍និងប៉ុន្មានខែខាងមុខ ហើយយើងជឿជាក់ថា នៅពេលដែលការពិតទាំងអស់នោះត្រូវបានលាតត្រដាងឲ្យពលរដ្ឋអាមេរិកាំងបានដឹង ពួកគេនឹងដឹងច្បាស់ពីអ្វីដែលបានកើតឡើង»។
នៅក្នុងសារ Twitter មួយកាលពីថ្ងៃចន្ទ លោកប្រធានាធិបតី ត្រាំ បាននិយាយយោងដោយប្រើប្រាស់ពាក្យថា «ព័ត៌មានក្លែងក្លាយ» ប៉ុន្តែលោកមិនបាននិយាយចំៗពាក់ព័ន្ធនឹងបទសម្ភាសន៍នោះទេ។
លោក Christopher Ruddy មិត្តភ័ក្ត្ររបស់លោក ត្រាំ បាននិយាយជាមួយនឹងលោកប្រធានាធិបតីកាលពីចុងសប្តាហ៍។
លោក Christopher Ruddy មកពីបណ្តាញព័ត៌មាន Newsmax បានថ្លែងថា៖
«ខ្ញុំគ្រាន់តែអាចប្រាប់អ្នកនូវអ្វីដែលលោកបានប្រាប់មកខ្ញុំ។ លោកបានថ្លែងថា លោកគិតថា អ្វីដែលអ្នកស្រី Stormy Daniels បាននិយាយ ភាគច្រើនគឺជាការកុហកបោកប្រាស់លក្ខណៈនយោបាយមួយ។ សូមនិយាយម្តងទៀត ទាំងនោះគឺជាពាក្យរបស់លោក»។
អ្នកជំនាញផ្នែកច្បាប់បានថ្លែងថា អ្នកស្រី Daniels ប្រហែលជារងការពិន័យយ៉ាងខ្លាំងក្នុងពេលឥឡូវនេះ ដែលអ្នកស្រីបានធ្វើខុសកិច្ចព្រមព្រៀងជាមួយនឹងលោក Michael Cohen មេធាវីរបស់លោក ត្រាំ ថា មិនលាតត្រដាងពីរឿងនេះ។
ប៉ុន្តែ ប្រាក់ ១៣ម៉ឺនដុល្លារដែលលោក Cohen បានបង់ឲ្យអ្នកស្រី Daniels អាចនឹងបង្ហាញឲ្យឃើញថាលោកអាចនឹងបំពានហិរញ្ញវត្ថុរបស់យុទ្ធនាការ។ នេះបើយោងតាមការថ្លែងរបស់លោក David Abraham អ្នកវិភាគផ្នែកច្បាប់។
លោក David Abraham មកពីសាកលវិទ្យាល័យ Miami បានថ្លែងថា៖
«លុយចំណាយបំបិទមាត់នេះ យ៉ាងហោចណាស់ ចេញពីគណកម្មការយុទ្ធនាការលោក ត្រាំ ហើយថវិកាទាំងនោះអាចជាថវិកាដែលគណកម្មការនោះមិនបានរាយការណ៍នៅក្នុងបញ្ជីហិរញ្ញវត្ថុដែលបានចំណាយ»។
ការផ្តោតលើបទសម្ភាសជាមួយនឹងអ្នកស្រី Daniels គឺជាការទាញចំណាប់អារម្មណ៍ចេញពីរឿងនយោបាយមួយសម្រាប់សេតវិមាន នៅចំពេលដែលការផ្លាស់ប្តូរតំណែងសន្តិសុខជាតិ។
លោក John Bolton កំពុងជំនួសលោក H.R McMaster ជាទីប្រឹក្សាសន្តិសុខជាតិហើយលោក Mike Pompeo នឹងត្រូវជំនួសលោក Rex Tillerson រដ្ឋមន្ត្រីការបរទេស ដែលត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ បណ្តេញចេញពីតំណែង៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា