សេតវិមាន​និង​គណបក្ស​ប្រជាធិបតេយ្យ​មាន​គោលបំណង​ឲ្យមាន​កិច្ចព្រមព្រៀង​ជំនួយ​គ្រា​មាន​មេរោគកូរ៉ូណា​នៅចុងសប្តាហ៍នេះ

រូបឯកសារ៖ លោក Steve Mnuchin រដ្ឋមន្ត្រី​ក្រសួង​រតនាគារអាមេរិកថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

​មន្ត្រី​សេតវិមាន​និង​ពួកគណបក្ស​ប្រជាធិបតេយ្យ​កំពូលៗ​មាន​គម្រោង​ជួបគ្នា​ម្តងទៀត​នៅថ្ងៃ​ពុធ​នេះដើម្បី​ព្យាយាម​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​គ្នា​ស្តីពី​កញ្ចប់​ជំនួយ​ថ្មី​ក្នុងគ្រា​មេរោគ​កូរ៉ូណា​នៅ​ចុង​សប្តាហ៍​នេះ។

លោក Steve Mnuchin រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ បាន​និយាយ​បន្ទាប់ពី​ការចរចា​អស់រយៈពេល៩០​នាទីកាលពី​ថ្ងៃ​អង្គារ​ថា គោលបំណង​គឺ​បញ្ចប់​សំណើ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ដើម្បី​អនុញ្ញាតឲ្យ​បោះឆ្នោត​នៅ​ក្នុង​សភា​នៅ​សប្តាហ៍​ក្រោយ។

នៅ​ថ្ងៃ​ពុធ​នេះ គឺ​ជា​ថ្ងៃ​ទី​៣នៃ​ការពិភាក្សា​ជាប់​ៗគ្នារវាង​លោក Mnuchin លោក Mark Meadows នាយក​ខុទ្ទកាល័យ​របស់​សេតវិមាន​ លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រ និង​លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ព្រឹទ្ធសភា។

លោក Schumer បាន​និយាយ​បន្ទាប់ពី​ជំនួប​កាលពី​ថ្ងៃ​អង្គារ​ថា «យើងប្រាកដបាន​ពិភាក្សា​បញ្ហា​ម្តង​មួយ​ៗ​ ដោយមានការជឿនលឿន​ទៅមុខ។ ពួកគេ​បាន​ធ្វើ​សម្បទាន​ខ្លះ​ដែលយើង​អបអរ។ យើង​បានធ្វើ​សម្បទាន​ខ្លះដែរ​ដែលពួកគេ​បាន​អបអរ​។ យើងនៅ​មិនទាន់​យល់ស្រប​គ្នា​លើបញ្ហា​សំខាន់ៗជាច្រើន​ ក៏ប៉ុន្តែយើងនឹង​បន្តឲ្យ​ទៅដល់​គោលដៅ​នោះ»។

លោក Meadows នាយក​ខុទ្ទកាល័យ​សេតវិមាន​បានហៅជំនួប​កាលពី​ថ្ងៃ​អង្គារ​ថា «ប្រហែល​ជាជំនួប​ប្រកប​ដោយ​ផ្លែផ្កា​បំផុត​ដែលយើង​មាន​»។

ភាគី​ទាំង២ បានខ្វែង​គំនិត​គ្នាអំពី​ទំហំ​នៃ​កញ្ចប់​សំណើ​ជំនួយ​។ ​គណបក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​មាន​ការចំណាយ​ចំនួន​៣,៤លាន​លាន​ដុល្លារ​ ហើយ​ពួក​គណបក្ស​សាធារណរដ្ឋចង់​កម្រិត​ការចំណាយ​ត្រឹម​១លានលាន​ដុល្លារ។

បញ្ហា​ដែល​ត្រូវ​ពិភាក្សា​គឺ​ការជួយ​ពួក​អ្នក​ជួលផ្ទះ​បញ្ចៀស​ការដេញ​ចេញ​ពីផ្ទះ ជំនួយ​ដល់​ប៉ុស្តិ៍ប្រៃសណីយ៍​និង​ដោះស្រាយ​ការផ្តល់ប្រាក់ជូន​អ្នកគ្មាន​ការងារ​ធ្វើចំនួន​៦រយ​ដុល្លារ​ដែល​បាន​ផុត​កំណត់​កាលពី​សប្តាហ៍​មុន៕