ទាំងសេតវិមាន និងសភាកាលពីថ្ងៃពុធបានបង្ហាញអំពីការឆ្ពោះទៅរកការព្រមព្រៀងគ្នាលើផែនការចំណាយបណ្តោះអាសន្នមួយដើម្បីបញ្ជៀសកុំឲ្យមានការបិទទ្វារផ្នែកខ្លះនៃរដ្ឋាភិបាលនៅត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រនេះ ក៏ប៉ុន្តែមិនបានបញ្ចូលសំណើថវិកាចំនួន៥ពាន់លានដុល្លារដែលលោកប្រធានាធិបតី Donald Trump សម្រាប់សង់ជញ្ជាំងព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិកនោះទេ។
មេដឹកនាំព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក Mitch McConnell បានថ្លែងថា ព្រឹទ្ធសភានឹងបោះឆ្នោតទៅលើការផ្តល់ថវិកាសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាលអាមេរិករយៈពេលបីខែគឺរហូតដល់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៩ ដែលពេលនោះលោក Trump និងសភាអាចប្រឈមនឹងលទ្ធភាពនៃការបិទទា្វររដ្ឋាភិបាលម្តងទៀត។
មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យលោក Charles Schumer បាននិយាយថា គណបក្សប្រជាធិបតេយ្យនឹងគាំទ្រលើផែនការចំណាយបណ្តោះអាសន្ននេះស្របពេលដែលផ្នែកខ្លះនៃរដ្ឋាភិបាលមានថវិកាសម្រាប់ចំណាយរហូតដល់ខែកញ្ញាឆ្នាំក្រោយរួចហើយ។
លោក Trump បានសន្យានៅអំឡុងពេលយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ២០១៦ថា នឹងសង់ជញ្ជាំងព្រំដែនដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់មកសហរដ្ឋអាមេរិក និងឲ្យប្រទេសម៉ីកស៊ីកជាអ្នកចំណាយលើការសាងសង់នេះ។ ទោះជាយ៉ាងណាក៏ដោយលោកប្រធានាធិបតីមិនទាន់អាចរកថវិកាដើម្បីសង់ជញ្ជាំងព្រំដែនបាននៅឡើយទេបើទោះបីជាគណបក្សសាធារណរដ្ឋរបស់លោកជាអ្នកគ្រប់គ្រងសភាទាំងពីរថ្នាក់ក៏ដោយ។ លោក Trump នឹងប្រឈមនឹងបញ្ហានយោបាយកាន់តែខ្លាំងនៅឆ្នាំក្រោយនេះ នៅពេលដែលគណបក្សប្រជាធិបតេយ្យដែលជាអ្នកប្រឆាំងនឹងការសង់ជញ្ជាំងនេះ ចូលកាន់កាប់សភានៅឆ្នាំក្រោយនេះ៕