សេតវិមាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​បណ្ឌិត្យ​សភា​យោធា​តែងតាំង​ដោយ​លោក Trump លាលែង​ពី​តំណែង

  • Reuters

រូបឯកសារ៖ អតីត​ទីប្រឹក្សា​សេតវិមាន​អ្នកស្រី Kellyanne Conway ថ្លែង​ទៅ​កាន់​អ្នកាសែត​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​ស្នើសុំ​ឱ្យ​អ្នក​ដែល​ទទួល​បាន​ការ​តែងតាំង​ក្នុង​រដ្ឋបាល​លោក​ Donald Trump ​ចំនួន​១៨​នាក់​លាលែង​ពី​តំណែង​ក្រុម​ប្រឹក្សាភិបាល​បណ្ឌិត្យ​សភា​យោធា​ ដោយ​និយាយ​ថា​ លោក​ប្រធានាធិបតី​ Joe Biden​ ​តម្រូវ​ឱ្យ​មន្រ្តី​ក្នុង​តួនាទី​នេះ​«ស្របតាម​គុណ​តម្លៃ​នៃ​រដ្ឋបាល​របស់លោក»។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

សេតវិមាន​បាន​និយាយ​ថាមន្ត្រី​១៨​នាក់​ដែល​ក្នុង​នោះ​៦​នាក់​មាន​តួនាទី​ជា​ក្រុម​ប្រឹក្សា​ភិបាល​បណ្ឌិត្យ​សភា​កងទ័ព​អាកាស​៦​នាក់​នៅ​បណ្ឌិត្យ​សភា​យោធា​និង​៦​នាក់​នៅ​បណ្ឌិត្យ​សភា​កងទ័ព​ជើងទឹក។​

អ្នក​ដែល​ត្រូវ​ស្នើ​ឱ្យ​ចុះចេញ​ពី​តំណែង​រួមមាន​លោកស្រី​ Kellyanne Conway​ ទីប្រឹក្សា​សេតវិមាន​និង​លោក ​Sean Spicer ​អ្នក​នាំពាក្យ​សេតវិមាន​របស់​លោក​Donald Trump។​

អ្នក​នាំពាក្យ​សេតវិមាន​លោកស្រី​ Jen Psaki ​បាន​ឆ្លើយ​សំណួរ​មួយ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ថា​« ខ្ញុំ​នឹង​ឱ្យ​អ្នក​ដទៃ​វាយ​តម្លៃ​ថា​ តើ​ពួកគេ​គិត​ថាលោកស្រី​ Kellyanne Conway​ និង​លោក ​Sean Spicer ​និង​អ្នក​ផ្សេង​ទៀត​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បម្រើការ​នៅ​ក្រុម​ប្រឹក្សាភិបាល​ទាំង​នេះ​ដែរ​ឬ​ទេ។​ តម្រូវការ​របស់​លោក​ប្រធានាធិបតី​អំពី​លក្ខណៈ​សម្បត្តិ​មិន​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​របស់​គណបក្ស​របស់​អ្នក​ទេ។​ សំខាន់​គឺថា​ តើ​ អ្នកមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​បម្រើ​ការងារ​និង​ថា​ តើអ្នក​ស្រប​នឹង​គុណតម្លៃ​នៃ​រដ្ឋបាល​នេះ​ឬ​ទេ»។​

លោកស្រី​ Conway ​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​មួយ​ផ្ញើ​ទៅ​លោក ​Joe Biden ​និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ​Twitter ​ថា​«ខ្ញុំមិន​លាលែង​ពី​តំណែង​ទេ ​ប៉ុន្តែ​អ្នក​ទេ​ដែល​គួរតែ​លាលែង​ពី​តំណែង​នោះ»។​

លោក​ Spicer ​ដែល​បម្រើការ​នៅ​ក្រុម​ប្រឹក្សា​ភិបាល​បណ្ឌិត្យ​សភា​កងទ័ព​ជើងទឹក​ស.រ.អា.​បាន​និយាយ​នៅក្នុង​កម្មវិធី​ Newsmax ​របស់​លោក​កាលពី​ថ្ងៃពុធ​ថា​ លោក​នឹង​មិន​ចុះចេញ​ពី​តំណែង​ទេ។​ លោក​បាន​និយាយ​ថា​« ខ្ញុំ​នឹង​មិន​ដាក់​លិខិត​លាលែង​ពី​តំណែង​របស់​ខ្ញុំ​ទេ​ ហើយ​ខ្ញុំ​នឹង​ចូលរួម​ធ្វើ​បណ្តឹង​ប្រឆាំង​នឹង​រឿង​នេះ»។​

លោក ​Russ Vought ​អតីត​ប្រធាន​ផ្នែក​ថវិកា​របស់​លោក ​Trump ​បាន​និយាយ​ផង​ដែរ​ថា​ លោក​នឹង​មិន​លាលែង​ឡើយ។ ​លោក​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ Twitter​ ថា​«ទេ​តំណែង​នេះ​មាន​អាណត្តិ​៣​ឆ្នាំ»។​

ក្រុម​ប្រឹក្សា​នេះ​ផ្តល់​យោបល់​និង​អនុសាសន៍​ដល់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លើ​បញ្ហា​នានា​រួមទាំង​បញ្ហា​ទាក់ទង​នឹង​សីលធម៌​វិន័យ​កម្មវិធី​សិក្សា​ សេចក្តី​ណែនាំ​នានា​ ឧបករណ៍​ហាត់ប្រាណ​កិច្ចការ​សារ​ពើពន្ធ​ និង​វិធីសាស្រ្ត​សិក្សា​របស់​បណ្តិត្យ​សភា។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​ឆ្នាំ​២០២០​នៅ​ក្នុង​បញ្ជី​សហព័ន្ធ៕