កូនប្រសារប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ គឺលោក Jared Kushner បានស្ថិតនៅក្នុងប្រទេសម៉ារ៉ុកកាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីប្រមូលការគាំទ្រសម្រាប់ផែនការនៅតំបន់មជ្ឈឹមបូព៌ា។
ក្រុមមន្រ្តីសេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា លោក Jared Kushner រួមជាមួយលោកស្រី Iran Brian Hookតំណាងសហរដ្ឋអាមេរិក លោកJason Greenblatt អ្នកចរចាអន្តរជាតិរបស់សហរដ្ឋអាមេរិកក៏នឹងបំពេញទស្សនកិច្ចប្រទេសហ្សកដានី និងអ៊ីស្រាអែលផងដែរ។
ដំណើរបំពេញទស្សនកិច្ចនេះកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកប្រុងប្រៀបបញ្ចេញផ្នែកមួយនៃផែនការសេដ្ឋកិច្ចនៅឯសន្និសីទក្នុងប្រទេសបារ៉ែននាចុងខែមិថុនា។
ប៉ាឡេស្ទីនបានច្រានចោលរួចហើយនូវផែនការសន្តិភាពនេះ ហើយបានអំពាវនាវដល់បណ្តាប្រទេសអារ៉ាប់ឲ្យធ្វើពហិការកុំចូលរួមសន្និសីទ ដោយលើកឡើងពីការទទួលស្គាល់កាលពីពេលមុនរបស់រដ្ឋបាលប្រធានាធិបតីត្រាំដល់អធិបតេយ្យភាពអ៊ីស្រា អែលលើទីក្រុងហ្ស៊េរុយសាឡិម។ ប្រទេសអារ៉ាប៊ី សាអូឌីត អារ៉ាប់រួម និងកាតា បានសន្យារួចហើយ ដើម្បីចូលរួមសន្និសីទនេះ។
នាយករដ្ឋមន្រ្តីដែនដីប៉ាឡេស្ទីនលោក Mohammad Shtayyeh បានបញ្ជាក់ប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅដើមខែនេះពីតម្រូវការសម្រាប់កិច្ចព្រមព្រៀងនយោបាយជាមួយអ៊ីស្រាអែល ដែលដោះស្រាយបញ្ហាយូរអង្វែងដូចជា ការត្រួតត្រានៅតំបន់ West Bank របស់អ៊ីស្រាអែល។ លោកបាននិយាយថា «ការតស៊ូរបស់យើង គឺអំពីដីធ្លី ដើម្បីបញ្ចប់ការត្រួតត្រាដើម្បីបង្កើតរដ្ឋយើងដោយមានហ្ស៊េរុយសាឡិមជារដ្ឋធានី និងការវិលត្រឡប់របស់ជនភៀសខ្លួន»៕