ក្រោយ​ការ​ស្លាប់ តើ​របាយការណ៍​ស៊ើបអង្កេត​លើ​ករណី​របស់​លោក​វេជ្ជបណ្ឌិត​ដែល​បង្ហើប​ពី​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​ស្ថិត​នៅ​ឯណា?

នេះ​ជា​រូបថត​ខ្លួន​ឯង​របស់​លោក​វេជ្ជបណ្ឌិត Li Wenliang។

បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក​វេជ្ជបណ្ឌិត Li Wenliang ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​តស៊ូ​សិទ្ធិ​មនុស្ស​កំពុង​ទាមទារ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​របស់​លោក ប៉ុន្តែ​មនុស្ស​និយាយ​ថា ពួកគេ​មិន​មាន​សង្ឃឹម​លើ​របាយការណ៍​នេះ​ទេ។

បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក​វេជ្ជបណ្ឌិត Li Wenliang ដែល​ជា​អ្នក​បង្ហើប​ប្រាប់​ពី​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន ក្រុម​សង្គម​ស៊ីវិល​និង​អ្នក​តស៊ូ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​ក្រៅ​ប្រទេស​កំពុង​ទាមទារ​ឱ្យ​មាន​ការ​បកស្រាយ​ពី​ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​គាប​សង្កត់​សេរីភាព​បញ្ចេញ​មតិ​ទៅលើ​រូប​លោក។

ទោះ​ជា​យ៉ាង​នេះ​ក្តី មនុស្ស​ជាច្រើន​និយាយ​ដោយ​សុទិដ្ឋិនិយម​ថា ពួកគេ​មិន​មាន​ក្តី​សង្ឃឹម​នោះ​ទេ ដោយសារ​តែ​ពួកគេ​សង្ស័យ​ថា​ចិន​ទំនង​នឹង​ចំណាយ​ប្រាក់​ចេញ​របាយការណ៍​ដែល​គ្មាន​សំអាង។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ អង្គការ​ Citizen Power Initiative for China ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ និង​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ចិន​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ឆាប់។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​នេះ​មិន​គួរ​ចំណាយ​ពេល​លើស​ពី​មួយ​ខែ​នោះ​ទេ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​សរសេរ​ថា៖ «ឈ្មោះ​របស់​លោក​វេជ្ជបណ្ឌិត Li ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​បំប៉ោង​ពាក្យ​ចចាមអារ៉ាម​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដក​ចេញ​ទាំង​ស្រុង​នៅ​ឡើយ​ទេ បើ​ទោះ​ជា​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​ទើប​តែ​កោត​សរសើរ​ដល់​លោក​ និង​បុគ្គលិក​វេជ្ជសាស្ត្រ​៣៣​នាក់​ផ្សេង​ទៀត ដែល​បាន​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ថ្មី​ ចំពោះ​ការ​បំពេញ​ការងារ​ដ៏​ល្អ​ និង​ការ​លះបង់​របស់​ពួកគេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណានេះ»។

សំណួរ​ដែល​ត្រូវ​ការ​ចម្លើយ

អង្គការ​ខាង​លើ​និយាយ​ថា ខ្លួន​រំពឹង​ថា រដ្ឋាភិបាល​ចិន​នឹង​ឆ្លើយ​សំណួរ​សំខាន់ៗ​ទាំង​៥របស់​ពួកគេ​នៅ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ដែល​នឹង​ចេញ​ផ្សាយ​នោះ។

សំណួរ​ទាំង​នោះ​រួម​មាន៖ តើ​លោក​វេជ្ជបណ្ឌិត Li បាន​ប្រាប់​ការ​ពិត​អំពី​វីរុស​នេះ​ដែរ​ឬ​ទេ? ប្រសិន​បើ​មែន តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​វេជ្ជបណ្ឌិត Li និង​សហការី​របស់​លោក? តើ​ប៉ូលិស​ទទួល​បាន​សារ​ឯកជន​ក្នុង​បណ្តាញ WeChat របស់​លោក​វេជ្ជបណ្ឌិត Li យ៉ាង​ដូចម្តេច? នៅ​ពេល​នោះ តើ​រដ្ឋាភិបាល​ថ្នាក់​កណ្តាល​បាន​ដឹង​ពី​ការ​ផ្ទុះ​ឡើង​នៃកូរ៉ូណា​វីរុស​នៅ​ក្នុង​ក្រុង​អ៊ូហាន​ដែរ​ឬ​ទេ? តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដែល​មាន​ឈ្មោះ​ថា CCTV ដែល​បាន​ហៅ​លោក​វេជ្ជបណ្ឌិត Li និង​សហការី​របស់​លោក​ថា​ជា​អ្នក​បំប៉ោង​ពាក្យ​ចចាមអារ៉ាម?

អ៊ីមែល​របស់​ VOA ដែល​ផ្ញើ​ទៅ​គណៈកម្មការ​គ្រប់គ្រង​ថ្នាក់​ជាតិ​របស់​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត​ជំនាញ​ចក្ខុសាស្ត្រ​ដែល​មាន​វ័យ​៣៤ឆ្នាំ​មក​ពី​ក្រុង​អ៊ូហាន ដែល​ជា​កន្លែង​នៃ​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ​១៩​នេះ​ ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​៨​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បន្ទោស​ចំពោះ​ការ​ព្យាយាម​បង្ហើប​ពី​វីរុស​ដ៏​កាចសាហាវ​នេះ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។

សាធារណជន​ខឹង​សម្បារ

ការ​ស្លាប់​របស់​លោក Li ​កាល​ពី​ថ្ងៃទី៧ ខែ​កុម្ភៈ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹងសម្បា​ពី​សាធារណជន​យ៉ាង​ខ្លាំង និង​ការ​សោកស្តាយ​នៅ​ក្នុង​ប្រទេស​ ព្រម​ទាំង​ការ​ខឹងសម្បា​ទៅ​លើ​មន្ត្រី​ចិន​ផង​ដែរ។

មនុស្សម្នា​ដាក់​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​វេជ្ជបណ្ឌិត Li Wenliang នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

នៅ​ថ្ងៃ​ជាមួយ​គ្នា​ដែរ ប្រទេស​ចិន​បាន​ប្រញាប់​ប្រកាស​ថា ក្រុម​នៃ​អ្នក​ស៊ើបអង្កេត​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុង​អ៊ូហាន​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ Li ខុស​ឬ​យ៉ាង​ណា។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បន្ធូរបន្ថយ​ការ​ខឹងសម្បា​របស់​សាធារណជន។

ចាប់​តាំង​ពី​ពេល​នោះ​មក លោក​វេជ្ជបណ្ឌិត​បាន​ក្លាយ​ជា​បុគ្គល​សំខាន់នៃ​ការ​ពិភាក្សា​លើ​ការ​គាបសង្កត់​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​ចិន​ ចំ​ពេល​មាន​ការ​ទាមទារ​ឱ្យ​មាន​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស។

លោក Patrick Poon អ្នក​ស្រាវជ្រាវ​ពី​ប្រទេស​ចិន​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស ​Amnesty International ​និយាយ​ថា ប្រទេស​ចិន​បន្ត​បង្ក្រាប​លើ​មនុស្ស​ដូច​លោក​វេជ្ជបណ្ឌិត Li ដូចជា​អ្នក​កាសែត​ពលរដ្ឋ​ឈ្មោះ Chen Qiushi និង Fang Bin ដែល​បាន​ព្យាយាម​បង្ហាញ​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន និង​ការ​រិះគន់​ចំណាត់ការ​របស់​ប្រទេស​ចិន​ចំពោះ​ជំងឺ​កូវីដ​១៩​នេះ។

ការ​និយាយ​ដោយ​គ្មាន​សំអាង

លោក Patrick Poon បាន​និយាយ​ថា នៅ​ក្នុង​ស្ថានភាព​នេះ គ្រប់​គ្នា​មិន​គួរ​មាន​ការ​រំពឹង​ទុក​ច្រើន​ពី​របាយការណ៍​ស៊ើបអង្កេត​នោះ​ទេ។

លោក Poon បាន​និយាយ​ថា ចិន​គ្រាន់​តែ​ប្រើប្រាស់ «ការ​និយាយ​ដោយ​គ្មាន​សំអាង» នៅ​ក្នុង​ការ​ស៊ើបអង្កេត​ដើម្បី​បំពេញ​បំណង​មួយ​ចំនួន​ ជាជាង​ធ្វើ​ឱ្យ​សាធារណជន​បាត់​ការ​ខឹងសម្បា​ចំពោះ​មរណភាព​របស់​លោក​វេជ្ជបណ្ឌិត Li។

លោក Poon បាន​និយាយ​ថា៖ «វា​ពិត​ជា​រឿង​អកុសល​ខ្លាំង​ណាស់។ ប៉ុន្តែ​ច្បាស់​ណាស់​ វា​ជា​អ្វី​ដែល​រដ្ឋាភិបាល​ចិន​ព្យាយាម​ធ្វើ​ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​សាធារណជន​ទៅ​លើ​ករណី​នេះ [មរណភាព​របស់​លោក​វេជ្ជបណ្ឌិត Li] និង​ព្យាយាម​បន្ធូរបន្ថយ​ការ​ខឹងសម្បា​របស់​សាធារណជន​ចំពោះ​ការ​ដោះស្រាយ​មិន​បាន​ល្អ​របស់​រដ្ឋាភិបាល​ទៅលើ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​នេះ»។

សកម្មជន​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​អំពាវនាវ​ចិន​អនុញ្ញាត​ឱ្យ​អ្នក​ស៊ើបអង្កេត​ឯករាជ្យ​ចូលរួម ប្រសិន​បើ​ចិន​ពិតជា​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​តម្លាភាព​ប្រាកដ​មែន។

លោក Chen Bingzhong ដែល​ជា​អតីត​មន្ត្រី​សុខាភិបាល​ម្នាក់ ក៏​បាន​និយាយ​ដែរ​ថា លោក​មិន​មាន​សង្ឃឹម​ចំពោះ​របាយការណ៍​ស៊ើបអង្កេត​នោះ​ទេ ដោយសារ​តែ​មិន​មាន​សមាជិក​ណា​មួយ​ក្នុង​គណៈកម្មការ​គ្រប់គ្រង​ហ៊ាន​និយាយ​ការ​ពិត​នោះ​ទេ។

កុហក​ម្ដង​ហើយ​ម្ដង​ទៀត

លោក Chen បាន​និយាយ​ថា ប្រសិន​បើ​អ្នក​ស៊ើបអង្កេត​បង្ហាញ​ការ​ពិត​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ការ​គាបសង្កត់​លើ​ការ​បញ្ចេញ​មតិ​របស់​លោក​វេជ្ជបណ្ឌិត Li មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​កុម្មុយនីស្ត​ត្រូវ​ទទួល​ខុស​ត្រូវ​ ដោយសារ​តែ​ប៉ូលិស​ក្នុង​មូលដ្ឋាន​ទទួល​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​ក្នុង​ការ​ចាប់​ខ្លួន​លោក​វេជ្ជបណ្ឌិត ដែល​បាន​លាតត្រដាង​ការ​បិទបាំង​អំពី​វីរុស​នេះ​ពី​ដំបូង​របស់​រដ្ឋាភិបាល​ចិន។

លោក Chen បាន​និយាយ​ថា ប្រទេស​ចិន​ឥឡូវ​នេះ​កំពុង​ជាប់​នៅ​ក្នុង​ស្ថានភាព​ពិបាក​សម្រេច​ចិត្ត​មួយ ឬ​សោកស្តាយ​ដែល​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ករណី​របស់​លោក​វេជ្ជបណ្ឌិត Li។

អ្នក​ជំនាញ​ផ្នែក​សុខភាព​រូប​នេះ​បាន​ជំរុញ​ប្រទេស​ចិន​កុំ​ឱ្យ​ចេញ​របាយការណ៍​ដែល​ជា​ការ​បិទបាំង ដែល​លោក​និយាយ​ថា វា​នឹង​ក្លាយ​ជា​ «ការ​កុហក​ម្តង​ហើយ​ម្តង​ទៀត» ហើយ​វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ខឹងសម្បា​ពី​សាធារណជន​ម្តង​ទៀត។

លោក​ក៏​បាន​អំពាវនាវ​ឱ្យ​សាធារណជន​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដើម្បី​ទទួល​បាន​ចម្លើយ​ផង​ដែរ។

លោក​បាន​និយាយ​ថា៖ «សាធារណជន​គួរ​បន្ត​ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​នោះ​ ដែល​បាន​សម្រេច​ [ចាប់​ខ្លួន​លោក​វេជ្ជបណ្ឌិត] ទទួល​ខុស​ត្រូវ។ ថ្នាក់​ដឹកនាំ​ទាំង​នោះ​គួរ​តែ​ផ្តល់​ចម្លើយ។ ប្រសិន​បើ​ការ​ពិត​មិន​ត្រូវ​បាន​បង្ហាញ [ការ​ស៊ើបអង្កេត] ​នេះ​គ្រាន់​តែ​ជា​ការ​កុហក​មួយ​ទៀត ពី​លើ​ការ​កុហក​ជាច្រើន​ផ្សេង​ទៀត​ប៉ុណ្ណោះ»។

នៅ​តែ​រង់ចាំ

ដំណឹង​អំពី​សំណើ​សុំ​ឱ្យបញ្ចេញ​របាយការណ៍​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​តាម​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ចិន។

នៅ​លើ​បណ្តាញ​សង្គម Weibo ដ៏​ធំ​ក្នុង​ប្រទេស​ចិន អ្នក​ប្រើប្រាស់​មួយ​ចំនួន​សរសេរ​ថា៖ «យើង​នៅ​តែ​រង់ចាំ​ចម្លើយ»។

ក្នុង​ការ​ឆ្លើយតប​នឹង​សំណើ​នេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Weibo​ ម្នាក់​បាន​សរសេរ​ថា៖ «[អាជ្ញាធរ] គិត​ថា យើង​បាន​ភ្លេច​បាត់​ហើយ» ហើយ​អ្នក​ប្រើប្រាស់​ម្នាក់​បាន​ឌឺដង​ថា «[នេះ] នឹង​នៅ​តែ​ជា​អាថ៌កំបាំង​ដដែល»។

មេធាវី​សិទ្ធិ​មនុស្ស​ម្នាក់ ដែល​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា លោក​រំពឹង​ថា គណៈកម្មការ​នេះ​នឹង​បន្ត​ពន្យារពេល​ចេញ​របាយការណ៍​ ដោយសារ​តែ​ខ្លួន​មិន​មាន​បំណង​ដោះស្រាយ​ករណី​របស់​លោក​វេជ្ជបណ្ឌិត Li នោះ​ទេ។

លោក​បាន​និយាយ​ថា ទោះ​បី​ជា​របាយការណ៍​នេះ​ត្រូវ​បាន​រៀបចំសម្រាប់​ផ្ទៃ​ក្នុង​រួច​ហើយ​ក៏​ដោយ ក៏​គណៈកម្មការ​គ្រប់គ្រង​នឹង​បង្ហាញ​ដល់​សាធារណជន​តែ​របាយការណ៍​ដែល​មិន​សូវ​ប៉ះពាល់​ដល់​អាជ្ញាធរ​ដែល​មាន​អំណាច​ប៉ុណ្ណោះ»៕