តើ​លោក Trump នឹង​ប្រកាន់​យក​របៀប​ដឹកនាំ​បែប​ណា​ប្រសិន​បើ​លោក​ត្រូវ​គេ​ជ្រើស​ជា​ប្រធានាធិបតី​អាមេរិក?

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ។

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក អ្នក​គាំទ្រ​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ មាន​មូលហេតុ​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ពន្យល់​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​ជ្រើសរើស​លោក Trump ធ្វើ​ជា​ប្រធានាធិបតី។

អ្នក​ខ្លះ​ថា លោក Trump និយាយ​ត្រង់ៗ។ អ្នក​ខ្លះ​ទៀត​ថា លោក Trump ដឹង​ពី​របៀប​ធ្វើ​ជំនួញ។ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា លោក Trump ចង់​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចំណុច​ដែល​បាន​លើក​ឡើង​ដោយ​អ្នក​គាំទ្រ​លោក Trump មួយ​ចំនួន​នេះ អាច​គ្រាន់​តែ​ជា​ពាក្យស្លោក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​គាំទ្រ​លោក Trump មិន​បាន​និយាយ​អំពី​ថា​តើ​លោក Trump នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត​តាម​របៀប​ណា​នោះ​ទេ ឬ​ក៏​ថា​តើ​បទពិសោធន៍​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​អចលនទ្រព្យ​អាច​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​លោក​ក្នុង​ការ​យក​មក​ប្រើប្រាស់​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតី​នោះ។

លោក Edward Mermelstein មេធាវី​ផ្នែក​អចលនទ្រព្យ​មក​ពី​ទីក្រុង New York ដែល​ធ្លាប់​ធ្វើ​ជំនួញ​ជាមួយ​លោក Trump នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយ​នេះ គិត​ថា លោក Trump ដឹង​ពី​វិធី​ដឹកនាំ​ប្រទេស។ មេធាវី​រូប​នេះ​បាន​ទទួល​ស្គាល់​ថា លោក Trump ថា​ជា​មនុស្ស «ឆេវឆាវ‍»។ ក្នុង​ពេល​ធ្វើ​បទ​សម្ភាសន៍​ជាមួយ VOA មេធាវី​រូប​នេះ បាន​ហៅ​លោក Trump ដែល​ជា​ជម្រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​លោក ថា​ជា​មនុស្ស​ឆេវឆាវ​រហូត​ទៅ​ដល់ ៦ លើក។

លោក​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «លោក Trump ចូលចិត្ត​ធ្វើ​ការ​នៅ​ក្នុង​បរិយាកាស​តឹងតែង។ លោក​មាន​វិធីសាស្ត្រ​ថ្មី​ដែល​មិន​ចាស់​គំរិល​ក្នុង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នយោបាយ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​មាន​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ និង​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​នៅ​ក្នុង​ផ្នែក​នយោបាយ​នេះ‍»៕