ការសម្លាប់លោកបណ្ឌិត កែម ឡី ធ្វើឲ្យយុវជនជាច្រើនមានការរន្ធត់ និងរំជួលចិត្ត។ ពួកគេបានបញ្ចេញអារម្មណ៍របស់គេតាមប្រព័ន្ធបណ្ដាញសង្គម ចូលរួមការដង្ហែសពពីកន្លែងកើតហេតុទៅដល់ទីតម្កល់សព និងទៅគោរពវិញ្ញាណក្ខន្ធជាបន្តបន្ទាប់ដោយផ្ទាល់នៅវត្តពោធិយារាម ហៅវត្តចាស់ ផងដែរ។
ជុំវិញការស្លាប់របស់លោក កែម ឡី នេះ គឺធ្វើឲ្យមានការគិតពីរថា អ្នកដែលខ្លាចគឺកាន់តែខ្លាច ឯអ្នកដែលហ៊ាន គឺកាន់តែហ៊ាន។
លោក ហង្ស វុទ្ធិកា និស្សិតថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ University of Nottingham ប្រទេសអង់គ្លេសយល់ថា ការសម្លាប់អ្នកចេះដឹងក្នុងសង្គម និងដែលត្រូវបានគេស្គាល់ច្រើន ដូចលោកកែម ឡី នេះ ហាក់បីដូចជាកំពុងផ្ញើសារមួយទៅដល់មនុស្សទូទៅថា៖
«ការសិក្សា ដូចជាកាន់តែខ្ពស់ទៅ កាន់តែវាអត់តម្លៃ អីចឹងវាប៉ះពាល់ដល់សតិអារម្មណ៍ ដល់បញ្ញវន្តទាំងអស់»។
លោកក៏សម្ដែងការព្រួយបារម្ភផងដែរថា ការណ៍នេះអាចនឹងធ្វើឲ្យប្រជាពលរដ្ឋយល់ខុសពីតម្លៃបណ្ឌិតក្នុងប្រទេសកម្ពុជា ដែលអាចធ្វើឲ្យជំនឿលើការអប់រំមានការធ្លាក់ចុះ។
«មានអ្នកខ្លះមកប្រាប់ថា មិនទាំងហ៊ានទាំងចង់ទៅរៀនបណ្ឌិតផង ដូចជាយូរៗទៅ គ្រាន់តែពាក្យថាបណ្ឌិតវាទៅរឿងមិនល្អទៅវិញ ឲ្យតែបណ្ឌិតនិយាយអី គេថាមិនឆ្លាតសោះ និយាយរឿងអីវាប៉ះពាល់ដល់គេ នាំទុកដល់ខ្លួនឯង»។
កញ្ញា Catherine Harry វ័យ២១ឆ្នាំ ជានិសិ្សតថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបញ្ជាក់អារម្មណ៍ស្រដៀងគ្នានេះថា៖
«វាធ្វើឲ្យយើងមានគំនាប ដូចថាយើងរៀនដល់ជ្រៅជ្រះប៉ុណ្ណា ក៏យើងនៅតែមានគំនាបថា យើង កុំឲ្យធ្វើជាអ្នក មនុស្សឆ្លាតពេក»។
កញ្ញាបន្តថា គំនាបនេះក៏អាចជាកត្តាមួយដែលបណ្តាលឲ្យយុវជនជំនាន់ក្រោយដែលបានទៅសិក្សានៅក្រៅប្រទេសមិនចង់មកកម្ពុជាវិញ ដោយសារតែពួកគេចង់ធ្វើអ្វីក៏មិនបាន ហើយធ្វើឲ្យកម្ពុជាបាត់បង់ធនធានមនុស្ស។
ទោះជាយ៉ាងនេះក្តី មតិសុទិដ្ឋិនិយមក៏នៅតែមាន។
លោក ព្រំ សិលា ដែលបានរៀនបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ University of the Philippines ថ្លែងថា៖
«ពេលដែលឃើញមានការចូលរួមហែសព ចូលរួមសោកស្តាយពីមហាជនផ្សេងៗ ខ្ញុំគិតថា មហាជនលែងខ្លាចទាក់ទងនឹងរឿងគំរាមហ្នឹងហើយ»។
ឯកញ្ញា សន រ៉ាមណា វ័យ ២៨ឆ្នាំ សព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសិទ្ធិមនុស្សនៅសាកលវិទ្យាល័យ Kingston ប្រទេសអង់គ្លេស វិញយល់ថា ថ្វីត្បិតតែការសម្លាប់បញ្ញវន្តរូបនេះអាចធ្វើឲ្យមានការព្រួយបារម្ភជុំវិញសេរីភាពបញ្ចេញមតិក៏ពិតមែន តែកញ្ញានៅតែយល់ថា៖
«ផលមួយវិញទៀត គឺអាចធ្វើឲ្យអ្នកមួយចំនួនហ្នឹងខំតស៊ូ គាត់នឹងកាន់តែនិយាយឡើងបន្ថែមទៀត គាត់កាន់តែហ៊ានបញ្ចេញមតិផ្ទាល់ខ្លួនរបស់គាត់ ដោយសារគាត់ឃើញវីរភាពរបស់លោកបណ្ឌិត កែម ឡី ហើយពួកគាត់គិតថា ពួកគាត់ចង់បន្តការងាររបស់លោកបណ្ឌិត កែម ឡី ដើម្បីធ្វើឲ្យសង្គមកម្ពុជាហ្នឹង ក្លាយជាសង្គមមួយដែលគោរពនូវសិទ្ធិសេរីភាពបញ្ចេញមតិ ចា៎»។
កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ក្រុមបញ្ញវន្ត និងអ្នកស្រាវជ្រាវខ្មែរប្រមាណ ជិត១០០រូបក៏បានចេញលិខិតរួមគ្នាមួយ ដើម្បីថ្កោលទោសចំពោះឃាតកម្មទៅលើលោកបណ្ឌិត កែម ឡីផងដែរ។
លិខិតនេះបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងសេចក្តីដើមថា៖
«យើងខ្ញុំស្នើសុំដោយទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់, ឆាប់រហ័ស, គ្មានការរើសអើង, និងដោយស្មោះត្រង់ ដើម្បីវែកមុខអ្នកបញ្ជា ពីក្រោយនិងជនរួមគំនិតទាំងអស់នៅក្នុងឃាតកម្មនេះ មិនថាជននោះជាខ្មែរ ឬបរទេសឡើយ ហើយត្រូវផ្តន្ទាទោសជនទាំងនោះជាអតិបរមាតាមការកំណត់នៃច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីរកឱ្យឃើញនូវមូលហេតុពិតប្រាកដនៃអំពើឃាតកម្មដ៏ឃោរឃៅនេះ»។
កាលលោកនៅរស់ លោកបណ្ឌិត កែម ឡី គឺជាបញ្ញវន្តខ្មែរមួយរូបដែលធ្លាប់ឆ្លងកាត់ការតស៊ូជាច្រើនក្នុងឆាកជីវិតទម្រាំតែលោកបានក្លាយជាបណ្ឌិត។ លោកគឺជាបុគ្គលមួយរូបដែលទទួលបានការគោរព កោតសរសើរ និងស្រឡាញ់រាប់អានពីមនុស្សជាច្រើនគ្រប់ស្រទាប់វណ្ណៈ តាមរយៈការបញ្ចេញមតិរបស់លោក អំពីបញ្ហានានានៅក្នុងសង្គមខ្មែរ។
លោក ព្រំ សិលា បានបន្ថែមថា ការវិភាគរបស់លោក កែម ឡី មិនមែនត្រឹមតែតំណាងឲ្យមតិលោកតែម្នាក់ឯងនោះទេ តែមតិនេះជាសម្លេងតំណាងឲ្យមនុស្សច្រើនលាននាក់ផ្សេងទៀតដែលគាត់មិនអាចនិយាយបាន។
កញ្ញា Catherine បានប្រាប់ VOA ថា បើទោះបីជាកញ្ញាមិនសូវបានស្តាប់ការបញ្ចេញមតិរបស់លោកបណ្ឌិតកែម ឡីជាញឹកញាប់ក៏ពិតមែន តែកញ្ញានៅតែមានអារម្មណ៍ថា វាជារឿងមួយដែលនឹកស្មានមិនដល់។
«និយាយទៅពេលដែលដឹងពីព័ត៌មានហ្នឹងខ្ញុំរាងភ្ញាក់ផ្អើលដែរ ហើយខ្ញុំអត់សឹងតែមិនជឿ ព្រោះថាស្រុកខ្មែរយើង នៅឆ្នាំ២០១៦ហើយ នៅតែមានបញ្ហាអីចឹងទៀត អ្នកចេះដឹងម្នាក់ត្រូវបានគេសម្លាប់ដោយសារតែគាត់ហ៊ាននិយាយអ្វីដែលគាត់គិត»។
លោក នាន់ សិរីបុត្ត វ័យ២៦ឆ្នាំ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកសង្គមវិទ្យា យល់ថា ការសម្លាប់លោកបណ្ឌិតកែម ឡីគឺជាការបាត់បង់ដ៏ធំមួយរបស់ប្រទេសកម្ពុជា។
«វាជាការបាត់បង់មួយដ៏ធំរបស់ប្រទេស។ គាត់ជាបញ្ញវន្ត ហើយគាត់បានធ្វើការជាច្រើនដើម្បីប្រទេសជាតិ ហើយអ្វីដែលគាត់បានទទួលវិញគឺត្រូវបានឃាតករបាញ់សម្លាប់យ៉ាងអាណោចអាធម្មនៅកណ្ដាលទីក្រុងភ្នំពេញ»។
កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនេះ លោកបណ្ឌិតត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងកាហ្វេនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកណ្តាលទីក្រុងភ្នំពេញ តែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍មួយជាមួយ VOA ពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ Global Witness។ របាយការណ៍នោះនិយាយរៀបរាប់អំពីវិធីដែលគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដ៏មានអំណាចនៅប្រទេសកម្ពុជា ប្រើដើម្បីក្តោបក្តាប់សេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះ។
Your browser doesn’t support HTML5
ជារឿយៗ កម្ពុជាត្រូវបានគេមើលឃើញថា មានការប្រើវប្បធម៌ហិង្សាជាបន្តបន្ទាប់ទៅលើអ្នកដែលហ៊ានបញ្ចេញមតិរិះគន់ រួមមានការបាញ់សម្លាប់ប្រធានសហជីពកម្មករគឺ លោក ជា វិជ្ជា និងឃាតកម្មទៅលើលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ព្រមទាំងមានការប្រើអំពើហិង្សាទៅលើបាតុករថែមទៀតផង។ ក្រៅពីនេះ ក៏មានការចាប់ឃុំខ្លួនបុគ្គលិកអង្គការសិទ្ធិមនុស្ស និងអ្នកគាំទ្រគណបក្សប្រឆាំងជាដើមផងដែរ៕