លោក កែម ឡី សកម្មជនហើយជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញម្នាក់របស់កម្ពុជា បានត្រូវគេបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសខណៈដែលកំពុងអង្គុយនៅក្នុងហាងកាហ្វេនៅឯស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ។
ឥស្សរៈជនសាធារណដ៏ល្បីល្បាញរូបនេះ ក៏ជាអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ហើយក៏ជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ការសម្លាប់លោក បានធ្វើឲ្យមានការខឹងសម្បារដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីហ៊ុន សែនកាន់តែខ្លាំងឡើងដោយហ្វូងបាតុករយ៉ាងធំមួយនៅឯកន្លែងកើតហេតុ ជឿថា នេះជាសកម្មភាពថ្មីៗបំផុត បន្ទាប់ពីការបំភិតបំភ័យរបស់រដ្ឋាភិបាលដល់ពួកអ្នកនយោបាយគណបក្សប្រឆាំងហើយនឹងអង្គការសង្គមស៊ីវិលមុនពេលការបោះឆ្នោតនៅឆ្នាំក្រោយ។
អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកម្នាក់ដែលបានស្នើសុំអ្នកយកព័ត៌មានមិនឲ្យបញ្ចេញអត្តសញ្ញាណរបស់អ្នកស្រី បាននិយាយថា បុរស២នាក់ បានដើរចូលក្នុងហាងដែលនៅទីនោះលោក កែម ឡី កំពុងពិសាកាហ្វេ ហើយបានបាញ់លោកមួយគ្រាប់ហើយមួយគ្រាប់ទៀតដោយកៀកបំផុត។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យប៉ូលិសជាតិ បាននិយាយថា ជនសង្ស័យនោះ បានត្រូវចាប់ខ្លួនហើយបានប្រាប់ប៉ូលិសថា ខ្លួន បានបាញ់លោក កែម ឡី ដោយសាររឿងបំណុល។
អ្នកនាំពាក្យប៉ូលិសដដែល មិនបានផ្ដល់ឈ្មោះរបស់ជនសង្ស័យទេនៅពេលនោះ។
អ្នកនាំពាក្យប៉ូលិសរូបនោះ បាននិយាយថា «លោក កែម ឡី បានត្រូវគេបាញ់ប្រហែលម៉ោង៩ព្រឹក។យើង បានចាប់ខ្លួនជនសង្ស័យម្នាក់នៅម៉ោង១០ព្រឹក ។ យើង បានរកឃើញកាំភ្លើងនៅជាប់ជាមួយជននោះ»។
អ្នកនាំពាក្យប៉ូលិស និយាយបន្តទៀតថា «បន្ទាប់ពីសួរចម្លើយជនដៃដល់នោះ ជននោះ និយាយថា ខ្លួនបានបាត់បង់ដីរបស់ខ្លួនខ្លះពីព្រោះតែលោក កែម ឡី មិនបានសងប្រាក់ជំពាក់ទៅឲ្យខ្លួនវិញ។ ប្រាក់បំណុលនោះចំនួន៣ពាន់ដុល្លារ។ ក៏ប៉ុន្តែ យើង មិនជឿជននោះនៅឡើយទេ រឿងនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត»។
សពរបស់លោក ឡី ស្ថិតនៅក្នុងថ្លុកឈាមនៅឯហាងកាហ្វេកាល់តិចអស់រយៈពេលជាច្រើនម៉ោងនៅពេលដែលពួកបាតុករ បានបដិសេធមិនឲ្យប៉ូលិសយកសពនោះចេញ។
ប៉ូលិសនៅឯកន្លែងកើតហេតុ បានរារាំងមិនឲ្យម្ដាយមីងដែលជាសាច់ញាតិម្នាក់របស់លោកឃើញសពនោះនៅពេលដែលកំហឹងបានផ្ទុះឡើង។
ទីបញ្ចប់ ប៉ូលិស បានបន្ទន់ចិត្ត ហើយមនុស្សរាប់រយនាក់ ប្រហែលរាប់ពាន់នាក់ ផង បានដើរតាមផ្លូវដោយមានសពរបស់លោកស្ថិតនៅក្នុងរថយន្តដែលរុំព័ទ្ធទៅដោយក្រុមគ្រួសារ បានធ្វើដំណើរឆ្ពោះទៅកាន់វត្តក្តីចាស់ដើម្បីចាប់ផ្ដើមពិធីសពរបស់លោក។
ព្រះតេជគុណ លួត សុវ៉ាត សកម្មជនសិទ្ធិមនុស្សដ៏ល្បីល្បាញមួយអង្គដែលខ្លួនព្រះអង្គបានក្លាយជាទិសដៅនៃការបំភិតបំភ័យរបស់រដ្ឋាភិបាល បានមានសង្ឃដីកាថា លោក កែម ឡី បាននិយាយយ៉ាងវែងកាលពីមួយថ្ងៃមុនអំពីរបាយការណ៍ដ៏រសើបបំផុតមួយរបស់អង្គការ Global Witness ដែលបានបញ្ចេញទ្រព្យសម្បត្តិនិងអាណាចក្រពាណិជ្ជកម្មមហាសាលរបស់ក្រុមគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រះតេជគុណ បានមានសង្ឃដីកានៅខាងក្រៅហាងកាហ្វេនោះថា៖
«លោក កែម ឡី ក៏វិភាគរឿងនេះដែរ។គាត់ យករឿងនេះមកវិភាគ ហើយការវិភាគរបស់គាត់គឺ កំពុងតែក្ដៅ រឿងកំពុងតែក្ដៅកើតឡើង ហើយគាត់យករឿង ក្ដៅមកវិភាគនៅពេលនេះទៀត ដូច្នេះក្ដៅបូកនិងក្ដៅបញ្ហានេះគឺធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតដូចអ្វីដែលគាត់និយាយថា គាត់និយាយមួយម៉ាត់ស្មើនឹងជីវិតគាត់ត្រូវស្លាប់»។
ព្រះតេជគុណ លួត សុវ៉ាត មានសង្ឃដីកាបន្ថែមទៀតថា៖
«រឿងនេះ បង្ហាញពីការគំរាមកំហែងខាងផ្នែកនយោបាយគឺសម្លាប់មួយដើម្បីគំរាម១៥លាននាក់ សម្លាប់មួយគឺដើម្បីបន្លាចអ្នកប្រាជ្ញ បណ្ឌិតនិងអ្នកវិភាគផ្សេងៗទៀតកុំឲ្យវិភាគព័ត៌មានពិត»។
លោកស្រី ទេព វន្នី សកម្មជនដ៏ល្បីល្បាញម្នាក់ទៀត បាននិយាយថា ការបរាជ័យរបស់តុលាការ ដែលពុំបានស្វែងរកយុត្តិធម៌ជូនលោក ជា វិជ្ជា មេដឹកនាំសហជីពម្នាក់ដែលត្រូវបានគេធ្វើឃាតនៅឆ្នាំ២០០៤ ហើយលោក ឈុត វុទ្ធី ជាអ្នកបរិស្ថានដែលត្រូវបានគេបាញ់សម្លាប់នៅឆ្នាំ២០១២ បានធ្វើឲ្យលោកស្រីមានជំនឿតិចតួចបំផុតថា ឃាតកម្មលើលោក កែម ឡី នឹងត្រូវបានដោះស្រាយខុសពីគេនោះ។
«នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ មិនដឹងថា ត្រូវឬមិនត្រូវទេ។ ខ្ញុំគិតថា កន្លងមកបាញ់សម្លាប់ដូចជាលោក ជា វិជ្ជានិងលោក ឈុត វុទ្ធី និងអ្នកស្នេហាជាតិផ្សេងទៀតមួយចំនួន បាញ់ហើយមិនដែលចាប់ឃាតកបាន។ គាត់ចាប់ម៉េចបាន ព្រោះវាមានពាក់ព័ន្ធ»។
ស្ថានទូតសហរដ្ឋអាមេរិក បានផ្ញើសារតាមទ្វីតទ័រ (Twitter) ថា ខ្លួន មានការរន្ធត់ហើយនឹងសោកសង្រែកពីឃាតកម្មលើលោក កែម ឡី ហើយបានសំដែងនូវការចូលរួមរំលែកទុកដល់ក្រុមគ្រួសាររបស់លោក។
លោក កែម ឡី ជាមនុស្សមានទឹកចិត្តស្មោះស្ម័គ្រនិងជាឥស្សរជននយោបាយដ៏មានប្រជាប្រិយភាពខ្លាំងបំផុតដែលជារឿយៗ បានរិះគន់ទាំងរដ្ឋាភិបាលនិងគណបក្សប្រឆាំងចំពោះការបរាជ័យមិនបានអនុវត្តតាមរចនាសម្ព័ន្ធតាមបែបលទ្ធិប្រជាធិបតេយ្យនៅក្នុងគណបក្សរបស់ខ្លួន។
លោក បានស្វះស្វែងធ្វើឲ្យមានការចូលរួមរបស់សាធារណជនកាន់តែខ្លាំងឡើងនៅក្នុងកិច្ចការនយោបាយ ក៏ប៉ុន្តែ នៅតែនិយាយថា លោក មិនបានស្វះស្វែងរកមហិច្ឆតាខាងនយោបាយសម្រាប់ខ្លួនរបស់លោកទេ។
លោក កែម ឡី មានប្រជាប្រិយភាពតាមរលកធាតុអាកាសវិទ្យុ ដែលជាមធ្យោបាយដ៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាពីព្រោះតែវិទ្យុនេះ ផ្សាយទៅដល់តំបន់ដាច់ស្រយាល។
ប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាល បានចាប់ខ្លួនជាបន្តបន្ទាប់ពួកសមាជិកគណបក្សប្រឆាំងនិងពួកសមាជិកដែលនិយាយរិះគន់ឥតសំចៃមាត់របស់ក្រុមអង្គការសង្គមស៊ីវិល ដោយបានគំរាមកំហែងម្ដងហើយម្ដងទៀតដល់បណ្ដាញព័ត៌មានហើយបានចាប់ផ្ដើមវាយប្រហារជាប្រចាំដល់លោក កឹម សុខា អនុប្រធានរបស់គណបក្សប្រឆាំង។
អនុប្រធានគណបក្សសង្គ្រោះជាតិ នៅតែលាក់ខ្លួននៅក្នុងទីស្នាក់ការធំរបស់គណបក្សសង្គ្រោះជាតិដើម្បីព្យាយាមបញ្ចៀសការការចាប់ខ្លួនទាក់ទិននឹងការចោទប្រកាន់ថា លោក បានពាក់ព័ន្ធនឹងអំពើពេស្យាកម្មនិងអំពើពុករលួយដោយការមានស្នេហាលួចលាក់នៅខាងក្រៅចំណងអាពាហ៍ពិពាហ៍។
ប្រជាពលរដ្ឋកម្ពុជា មានគម្រោងធ្វើការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំក្រោយហើយនឹងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំបន្ទាប់ ដោយបានធ្វើឲ្យគណបក្សកាន់អំណាចស្ទើរតែចាញ់នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣នៅក្នុងការកាន់អំណាចរបស់ខ្លួនជាង៣ទសវត្សរ៍៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន