តើ​ការ​ស៊ើប​អង្កេត​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក​ឈាន​ដល់​ណា​ហើយ?

រូបឯកសារ៖ លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller

ការ​ផ្ដន្ទាទោស​នេះ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​អតីត​សហការី​ជាន់​ខ្ពស់​បំផុត​របស់​លោក Trump មួយ​រូប ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។

លោក Michael Cohen អតីត​មេធាវី​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ត្រូវ​បាន​ផ្ដន្ទាទោស​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ សម្រាប់​បទ​ឧក្រិដ្ឋ​មួយ​ចំនួន។

ការ​ផ្ដន្ទាទោស​នេះ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​អតីត​សហការី​ជាន់​ខ្ពស់​បំផុត​របស់​លោក Trump មួយ​រូប ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។

ការ​កាត់​ទោស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក Cohen បាន​សារភាព​ថា លោក​បាន​កុហក​សភា និង​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ទាក់ទង​នឹង​ច្បាប់​ថវិកា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត នៅ​ពេល​ដែល​លោក​បង់​ប្រាក់​បំបិទ​មាត់​ស្ត្រី​ពីរ​នាក់​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ ២០១៦ របស់​លោក Trump ដោយសារ​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​បាន​និយាយ​ថា ពួកគេ​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​នឹង​លោក Trump។ លោក Trump បាន​ជម្នះ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ ហើយ​លោក​បាន​រិះគន់​លោក Cohen ថា​បាន​រំលោភ​ច្បាប់។

ប៉ុន្តែការ​លើក​ឡើង​របស់​លោក Cohen ទាំង​នេះ បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថ្មីៗ​អំពី​ថា​តើ​លោក Trump នឹង​ប្រឈម​បញ្ហា​ផ្នែក​ផ្លូវ​ច្បាប់​ប៉ុណ្ណា នៅ​ពេល​ដែល​ការ​ស៊ើប​អង្កេត​ជីក​ឫស​ជីក​គល់​ដល់​អតីតកាល​របស់​លោក។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ក្រឡេក​មើល​ទៅ​លើ​ការ​ប្រែប្រួល​ថ្មី​ចុង​ក្រោយ​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​របស់​លោក Mueller និង​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​បន្ទាប់។

តើ​លោក Trump នឹង​មាន​បញ្ហា​ផ្លូវ​ច្បាប់​ប៉ុណ្ណា?

លោក Trump ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន ដែល​ថា លោក​បាន​បញ្ជា​លោក Cohen ដែល ជា​អតីត​មេធាវី​របស់​លោក​ឲ្យ​រំលោភ​ច្បាប់​ថវិកា​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ឆ្នាំ ២០១៦។

ក្នុង​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ទទួល​ទោស​របស់​លោក​ជាមួយ​នឹង​រដ្ឋអាជ្ញា លោក Cohen បាន​ចោទ​ប្រកាន់​ថា លោក Trump បាន​បញ្ជា​លោក​ឲ្យ​បង់​ប្រាក់​សរុប​ចំនួន ២ សែន ៨ ម៉ឺន​ដុល្លារ ដល់​តារា​ភាពយន្ត​អាសអាភាស​នាង Stormy Daniels និង​អតីត​តារា​ម៉ូដែល​ទស្សនាវដ្ដី Payboy នាង Karen McDougal ដើម្បី​ឲ្យ​ពួកគេ​បញ្ឈប់​ការ​ចោទ​ប្រកាន់​លើ​លោក Trump ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក។

អ្នក​ជំនាញ​នានា​ថា ករណី​នេះ​ធ្វើ​ឲ្យ​លោក Trump ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​សហព័ន្ធ​យ៉ាង​ពិត​ប្រាកដ។

លោក Trump បាន​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​ទាំង​នេះ ដោយ​លោក​បាន​ប្រាប់​ទូរទស្សន៍ Fox News ថា លោក «មិន​ដែល​បញ្ជា​លោក Cohen ឲ្យ​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ» ហើយ​ការ​បង់​ប្រាក់​ឲ្យ​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​គឺ «មិន​មែន​ជា​ការ​រំលោភ​លើ​ច្បាប់​ថវិកា​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នោះ​ឡើយ»។

ប៉ុន្តែ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកាំង (American Media Inc.) ដែល​ជា​ក្រុមហ៊ុន​បោះពុម្ព​ផ្សាយ​កាសែត National Enquirer ដែល​បាន​ទិញ​រឿង​នាង Karen McDougal បាន​ប្រាប់​រដ្ឋអាជ្ញា​នៅ​ក្នុង​ទីក្រុង New York ថា ការ​បង់​ប្រាក់​នោះ​បាន​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump។

ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកាំង​នេះ ផ្ទុយ​ពី​ការ​អះអាង​របស់​លោក Trump ដែល​បាន​និយាយ​ថា «ខ្ញុំ​ធ្វើ​រឿង​នេះ​ដោយ​បរិសុទ្ធ ហើយ​ខ្ញុំ​មិន​ដឹង​ថា​វា​ជា​បញ្ហា​នោះ​ទេ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Bennett Gershman សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ Pace នៅ​ក្នុង​ទីក្រុង New York។

តើ​លោក Trump អាច​ត្រូវ​តុលាការ​ចោទ​ប្រកាន់​បាន​ទេ?

ទំនង​ជា​មាន​ការ​មូល​មតិ​គ្នា​ក្នុង​ចំណោម​បញ្ញវន្ត​ផ្នែក​ច្បាប់​នានា​ដែល​ថា ប្រធានាធិបតី​កំពុង​កាន់​អំណាច​មិន​អាច​ត្រូវ​តុលាការ​ចោទ​ប្រកាន់​បាន​នោះ​ទេ។

ការ​គិត​ដូច​នេះ មួយ​ផ្នែក​មាន​ប្រភព​ចេញ​មក​ពី​គំនិត​ផ្នែក​ច្បាប់​ដ៏​យូរ​មក​ហើយ​របស់​ក្រសួង​យុត្តិធម៌។ ប៉ុន្តែ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក គ្មាន​មាត្រា​ណា​មួយ​ចែង​ថា ប្រធានាធិបតី​មិន​អាច​ត្រូវ​បាន​គេ​កាត់​ទោស​នោះ​ទេ។

លោក David Super សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ Georgetown បាន​និយាយ​ថា៖ «ការ​យល់​ឃើញ​ដែល​ថា មេដឹកនាំ​កំពូល​មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ផ្លូវ​ច្បាប់​គឺ​ជា​ទិដ្ឋភាព​នៃ​របប​រាជាធិបតេយ្យ ដែល​សហរដ្ឋ​អាមេរិក​ជំទាស់​នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​បង្កើត​របប​សាធារណរដ្ឋ»។

លោក David Super បាន​បន្ថែម​ថា ទោះបីជា «លោក Trump នឹង​មិន​ត្រូវ​បាន ហើយ​និង​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់» សម្រាប់​បទ​ល្មើស​បច្ចេកទេស​តូចតាច​ក៏​ដោយ ក៏​រដ្ឋអាជ្ញា​ទំនង​ជា​នឹង​គិត​ឡើង​វិញ​អំពី​យុទ្ធសាស្ត្រ​របស់​ពួកគេ ប្រសិនបើ​លោក Trump ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត «បទល្មើស​ពិត​ប្រាកដ និង​ធ្ងន់ធ្ងរ​មែន»។

ចំណុច​ដែល​អាច​ទៅ​រួច​មួយ​ទៀត​គឺ​ថា រដ្ឋអាជ្ញា​អាច​ទុក​រឿង​នេះ​សិន និង​រង់ចាំ​មើល​ថា​តើ​លោក Trump នឹង​ចាញ់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០ ខាង​មុខ​ឬ​ក៏​អត់ ហើយ​ប្រសិនបើ​លោក Trump ចាញ់ នោះ​រដ្ឋអាជ្ញា​នឹង​ចោទ​ប្រកាន់​លោក បន្ទាប់ពី​លោក​ចាកចេញ​ពី​មុខ​តំណែង​ជា​ប្រធានាធិបតី។

តើ​លោក Trump អាច​ត្រូវ​សភា​ចោទ​ប្រកាន់​និង​កាត់​ទោស​ដក​ពី​តំណែង​ជា​ប្រធានាធិបតី​បាន​ទេ?

ក្ដី​រំពឹង​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​និង​កាត់​ទោស​លោក Trump តាម​ផ្លូវ​សភា​គឺ​មិន​ងាយ​ទេ។

ការ​អះអាង​ដែល​មិន​ឲ្យ​តុលាការ​ចោទ​ប្រកាន់​ប្រធានាធិបតី​កំពុង​កាន់​តំណែង​គឺ​ថា លោក Trump អាច​ត្រូវ​សភា​ចោទ​ប្រកាន់​និង​កាត់​ទោស​ជា​ផ្លូវការ និង​ដក​ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​បាន សម្រាប់​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ។

ប៉ុន្តែ ដំណើរការ​នៃ​ការ​ចោទ​ប្រកាន់​និង​កាត់ទោស​តាម​ផ្លូវ​សភា​នេះ គឺ​មាន​លក្ខណៈ​នយោបាយ​ជា​យូរ​មក​ហើយ ហើយ​នៅ​ទី​បំផុត​មិន​មាន​ការ​ដក​តំណែង​ប្រធានាធិបតី​ណា​ម្នាក់​ពី​មុខ​តំណែង​នោះ​ទេ ទោះបីជា​មាន​ការ​ប៉ុនប៉ង​ធ្វើ​ដូច្នេះ​លើ​អតីត​ប្រធានាធិបតី​ពីរ​រូប​រួច​មក​ហើយ​កាល​ពី​អតីតកាល​ក៏​ដោយ។

ចំណុច​នេះ​គឺ​ដោយសារតែ ដរាបណា​គណបក្ស​របស់​ប្រធានាធិបតី​នៅតែ​គាំទ្រ​លោក ការ​ប៉ុនប៉ង​ណា​មួយ​ដែល​ចង់​ឲ្យ​លោក​ចេញ​ពី​តំណែង​គឺ​ទំនងជា​ជាប់​គាំង​នៅ​ក្នុង​សភា។

ការ​ចោទ​ប្រកាន់​ផ្លូវការ​របស់​សភា​លើ​ប្រធានាធិបតី​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​ដោយ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា។ ប៉ុន្តែ ការ​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង តម្រូវ​ឲ្យ​មាន​ការ​គាំទ្រ​ក្នុង​សំឡេង​ពីរ​ភាគ​បី​នៅ​ក្នុង​ព្រឹទ្ធសភា បន្ទាប់ពី​ព្រឹទ្ធសភា​បើក​សវនាការ​កាត់ទោស​រួច។

ទោះបីជា​គណបក្ស​ប្រជាធិបតេយ្យ​នឹង​គ្រប់គ្រង​រដ្ឋសភា​ចាប់​ពី​ខែ​មករា​ឆ្នាំ​ក្រោយ​ក៏​ដោយ ក៏​លោក Jerrold Nadler សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​នឹង​ក្លាយទៅជា​ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​តុលាការ​របស់​រដ្ឋសភា បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ជំរុញ​រឿង​ចោទ​ប្រកាន់​តាម​ផ្លូវ​សភា ប្រសិនបើ​គ្មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ។

នៅ​ក្នុង​ព្រឹទ្ធសភា ដែល​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​សំឡេង​កាន់តែ​ច្រើន​ជាង​មុន​គឺ​កាន់កាប់​អាសនៈ​ចំនួន ៥៣ ទល់​នឹង​អាសនៈ​ចំនួន ៤៧ របស់​គណបក្ស​ប្រជាធិបតេយ្យ​នោះ គេ​ឃើញ​ថា​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់​នឹង​ពិចារណា​ម៉ឺងម៉ាត់​អំពី​ការ​បោះ​ឆ្នោត​ទម្លាក់​លោក Trump ចេញ​ពី​តំណែង​នៅ​ឡើយ​ទេ។

តើ​នរណា​ទៀត​ដែល​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់?

លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller បាន​សម្ភាសន៍​សាក្សី​រាប់​សិប​នាក់ និង​បុគ្គល​សង្ស័យ​ដទៃ​ទៀត ដែល​ពួកគេ​ភាគ​ច្រើន​ត្រូវ​បាន​សម្ភាសន៍​ជា​ច្រើន​ដង។

មនុស្ស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ក្រុម​របស់​លោក Trump ដូចជា​លោក Donald Trump Jr. ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក Trump លោក Jared Kushner ដែល​ជា​កូន​ប្រសា និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក Trump និង​លោក Roger Stone ដែល​ជា​សហការី​ជា​យូរ​មក​ហើយ​របស់​លោក Trump ក៏​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពិច័យ​របស់​លោក Mueller ផង​ដែរ។ ប៉ុន្តែ គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ពួកគេ​គឺ​ជា​មុខ​សញ្ញា​នៃ​ការ​ស៊ើប​អង្កេត​នេះ ឬ​ក៏​នឹង​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ណា​មួយ​នោះ។

តើ​ការ​ស៊ើប​អង្កេត​នេះ​នឹង​បន្ត​រហូត​ដល់​ពេល​ណា?

ទោះបីជា​លោក Mueller មិន​បាន​បង្ហើប​ថា ការ​ស៊ើប​អង្កេត​នេះ​ជិត​ឈាន​ដល់​ទី​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ក៏​ដោយ ក៏​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ភាគ​ច្រើន​រំពឹង​ថា ការ​ស៊ើប​អង្កេត​នេះ​នឹង​ថយ​ចុះ​នៅ​ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ​ក្រោយ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​លើ​បុគ្គល​បន្ថែម​ទៀត​នឹង​ធ្វើ​ឡើង៕

ប្រែ​សម្រួល​ដោយ ភី សុភាដា