លោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិស.រ.អា.នឹងត្រូវតុលាការកាត់ទោសនៅថ្ងៃអង្គារនេះដោយសារលោកបាននិយាយកុហកដល់ FBI អំពីការទាក់ទងរបស់លោកជាមួយពួកមន្ត្រីរុស្ស៊ី។
វាស្រេចតែលើលោក Emmet Sullivan ចៅក្រមតុលាការតំបន់ស.រ.អា.ដែលត្រូវសម្រេចថាតើលោក Flynn នឹងត្រូវជាប់ពន្ធនាគារឬបែបណា ក៏ប៉ុន្តែលោក Robert Mueller រដ្ឋអាជ្ញាពិសេសបាននិយាយថា ការកាត់ទោសលោក Flynn មិនគួរមានរួមបញ្ចូលការជាប់ពន្ធនាគារទេដោយផ្អែកលើកិច្ចសហប្រតិបត្តិការ «ច្រើនក្រាស់ក្រែល» របស់លោក Flynn ជាមួយពួករដ្ឋអាជ្ញា។
លោក Mueller កំពុងស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតស.រ.អា.កាលពីឆ្នាំ២០១៦ និងអំពីលទ្ធភាពនៃការឃុបឃិតគ្នារវាងរុស្ស៊ី និងពួកអ្នកឃោសនាបោះឆ្នោតឱ្យប្រធានាធិបតី Donald Trump។
លោក Flynn ដែលជាអតីតឧត្តមសេនីយនៃកងទ័ពជើងគោក និងជាអតីតប្រធាននៃទីភ្នាក់ងារស៊ើបការសម្ងាត់ខាងកិច្ចការពារប្រទេស បានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិទីមួយរបស់លោក Trump។ ក៏ប៉ុន្តែលោកបានលាលែងចេញពីតំណែងក្នុងពេលមួយខែបន្ទាប់មកនៅពេលមានដំណឹងលេចឮថាលោកបាននិយាយកុហកពួកមន្ត្រីរដ្ឋបាលអំពីការចរចារបស់លោកជាមួយលោក Sergey Kislyak ដែលជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំស.រ.អា.នៅក្នុងរយៈពេលអន្តរកាលនៅចន្លោះថ្ងៃបោះឆ្នោតនិងថ្ងៃសម្ពោធតំណែងប្រធានាធិបតីរបស់លោក Trump។
លោក Flynn បានធ្វើឱ្យមានការពិនិត្យពិច័យដោយពួកអ្នកស៊ើបអង្កេតនៅមុនពេលលោកមានរឿងជាមួយ FBI កាលពីខែមករាឆ្នាំ២០១៧។ នៅពេលលោកបម្រើការជាទីប្រឹក្សាម្នាក់ដល់ពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក Trump កាលពីឆ្នាំ២០១៦ លោកបានធ្វើការខាងបញ្ចុះបញ្ចូលជាផលប្រយោជន៍ឱ្យក្រុមហ៊ុន Hollande មួយដែលមានចំណងទាក់ទងជាមួយរដ្ឋាភិបាលតួកគីដោយមិនបានចុះឈ្មោះជាភ្នាក់ងារម្នាក់របស់បរទេស៕