អ្វី​ដែល​គូ​ប្រជែង​យក​ដែន​សមុទ្រ​ពី​​ចិន​នៅ​អាស៊ី​រំពឹង​ពី​សហរដ្ឋអាមេរិក

  • Ralph Jennings

រូបឯកសារ៖ នាវា USS Ronald Reagan កំពុងធ្វើនាវាចរណ៍នៅ​តំបន់សមុទ្រចិនភាគខាងត្បូង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

​បណ្តា​ប្រទេស​នៅអាស៊ី​ ដែល​រង​ការ​គំរាមកំហែង​ពី​ប្រទេស​ចិនជុំវិញ​ការ​ទាមទារ​ដែន​សមុទ្រ ​រំពឹង​ថា សហរដ្ឋអាមេរិក​នឹង​ពង្រឹង​ការ​គាំទ្រ​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ថ្លែង​ពី​ការ​គាំទ្រ​នេះ​ជា​សាធារណៈ​កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា ប៉ុន្តែការ​គាំទ្រ​នេះ​គឺ​មាននៅ​ក្នុង​តែ​ករណី​ធ្ងន់ធ្ងរ​ ហើយ​មិនប្រថុយប្រថាន​បង្ក​ឲ្យ​មាន​ជម្លោះ​ប៉ុណ្ណោះ។ នេះ​បើ​យោង​ទៅ​តាម​ក្រុម​អ្នក​វិភាគ​នៅ​ក្នុង​តំបន់។

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចុះ​កាលពី​ថ្ងៃ​ទី១៣ ខែ​កក្កដា លោក​ Pompeo សន្យា​ថា នឹង​ការពារ​សិទ្ធិ​ដែន​ទឹក​នៃ​បណ្តា​ប្រទេស​តូច​ៗ​នៅ​អាស៊ី​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ។ ចិន​កំពុង​តែ​ធ្វើការ​ទាមទារ​ដែន​ទឹក​ប្រជែង​នឹង​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម ដែល​ប្រទេស​ទាំង​នេះមាន​យោធា​ខ្សោយជាងចិន។ គោលដៅ​នៃ​ការ​ទាមទារ​នេះ​គឺ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទំហំ ៣,៥ លាន​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ពោរពេញ​ទៅ​ដោយ​ត្រី និង​ធនធាន​ថាមពល។

ក្រុម​អ្នក​វិភាគ​និយាយ​ថា បណ្តា​ប្រទេស ​ដែល​ធ្វើ​ការ​ទាមទារ ​ស្វាគមន៍​ការ​សន្យា​គាំទ្រ​ពី​សំណាក់​លោក Pompeo ប៉ុន្តែ​ពួកគេ​ចង់​ដឹង​ឲ្យ​ប្រាកដប្រជា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹងមាន​វិធានការ​អ្វី​ឲ្យបាន​ជាក់លាក់ មុននឹងពួកគេអាចមាន​ទំនុកចិត្ត​ជាង​នេះ។​

លោក Collin Koh អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​ទឹក​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang នៅ​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នឹង​ក្រឡេក​មើល និង​កត់ចំណាំ​ ប្រសិន​បើ​មាន​វិធានការជាក់លាក់​ណា​មួយ ដែល​នឹង​កើត​មាន​ភ្លាមៗ ក្រោយ​ពី​សេចក្តីថ្លែងការណ៍​របស់​លោក Pompeo ពីព្រោះ​ថា បើ​មិន​អញ្ចឹង​ទេ វា​គ្រាន់​តែ​នៅ​ជា​សេចក្តីថ្លែងការណ៍​មួយ​ប៉ុណ្ណោះ ហើយ​មនុស្ស​រាល់គ្នា​នឹង​នៅ​តែ​បន្ត​ទស្សន៍ទាយ​ថានឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​មាន​សេចក្តីថ្លែងការណ៍​ដូចនេះ»។​

លោក​រដ្ឋមន្ត្រីការបរទេស​ Pompeo បាន​ប្រាប់​ទៅ​ក្រុម​អ្នកសារព័ត៌មាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោននៅ២​ថ្ងៃ​បន្ទាប់ថា លោក​នឹង​ពិចារណា​ការពារ​ប្រទេស​ទី​បី​ប្រឆាំង​នឹង​ចិន​តាមរយៈ​មធ្យោបាយ​ផ្លូវ​ច្បាប់ និង​ដៃ​គូ​ពហុភាគី​ផ្សេងៗ​ រួម​មានសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន។ ហើយ​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន​ស្ថិត​ក្នុង​ចំណោមសមាជិក​នៃ​សមាគម​នេះ។

លោក Olli Pekka Suorsa អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ S. Rajaratnam នៅ​ប្រទេស​សិង្ហបុរី បានសរសេរនៅ​ក្នុង​អ៊ីម៉ែល​មួយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ថា៖«ឧបការីរដ្ឋមន្ត្រី​ការបរទេស​លោក David Stilwell បាន​បង្ហើប​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា​ថា មាន លំហ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីចិន និង​សហជីព​រដ្ឋ​ផ្សេងៗ​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់»។

លោក​រដ្ឋមន្ត្រីការបរទេស Pompeo បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ជា​គូ​ប្រជែង​មហាអំណាច​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ មិនមាន​សិទ្ធិ​នៅ​ក្នុង​ការ​ទាមទារ​ចំនួន​ ៩០​ភាគរយ​នៃ​តំបន់ផ្លូវ​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ទី​ដែល​ចិន​បាន​បង្ក​ការ​ខឹង​សម្បារ​ដល់បណ្តា​ប្រទេស​ជិតខាងអស់​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​ តាមរយៈ​ការ​ចាក់ដី​បំពេញ​កោះតូចៗ​សម្រាប់​ការ​ប្រើប្រាស់​ផ្នែក​យោធា សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ។

លោក Stephen Ngay សាស្ត្រាចារ្យ​ជាន់​ខ្ពស់​ផ្នែក​នយោបាយនិង​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ International Christian ក្នុងទី​ក្រុង​តូក្យូ បាន​និយាយ​ថា មន្ត្រីអាមេរិកាំងប្រហែល​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​ប៉ះទង្គិច​សំខាន់ៗ​ ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន ប៉ុន្តែដោយ​មិន​បង្ក​ឲ្យ​មាន​ជា​ជម្លោះ​នោះ​ទេ។

លោក​បាន​បន្ត​ថា រដ្ឋាភិបាល​អាមេរិក​នឹង​មិន​សូវ​ខ្វាយខ្វល់​ពី​បញ្ហា​ជម្លោះ​នេសាទ​ និង​ជម្លោះជុំវិញ​ការ​ដាក់​រោងចក្រ​បូមប្រេង​នោះទេ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​អាមេរិកាំង​ប្រហែល​ពិចារណា​លើ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់ទី​របស់​នាវា​ចិន​នៅ​តំបន់​ដែន​សមុទ្រ​ ដែល​ទាមទារ​ដោយ​បណ្តា​ប្រទេស​ដទៃទៀត។ នៅ​ឆ្នាំ​នេះ នាវា​ស្រាវជ្រាវចិន​បាន​ធ្វើ​ដំណើរនៅ​ក្នុងតំបន់​ដែន​ទឹក​ទាមទារ​ដោយ​ម៉ាឡេស៊ី និង​វៀតណាម។​

លោក Nagy បាន​មាន​ប្រសាសន៍​ថា៖ «វា​ជា​ការលំបាក​មួយ​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន ដោយគ្មាន​ជម្លោះ»។

ចិន​បាន​លើកឡើង​ពី​កំណត់ត្រា​ប្រវត្តិសាស្ត្រដើម្បី​បកស្រាយ​លើ​ការ​ទាមទារ​តំបន់​ដែនទឹក​របស់​ខ្លួន។ កាល​ពី​ថ្ងៃ​ទី១៦ ខែ​កក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ការពារ​នូវ​ការ​គោរពទៅ​តាម​ច្បាប់​អន្តរជាតិ​របស់​ចិន និង​បាន​ចោទសួរ​ថា​ តើ​សហរដ្ឋអាមេរិក​បាន​គោរព​តាម​ច្បាប់​នេះ​ដែរ​ឬ​ទេ។

គេ​រំពឹង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ដាក់​បញ្ចូល​បណ្តា​ប្រទេស​មាន​អំណាច​ដទៃ​ទៀត​ប្រឆាំង​នឹង​ចិន​ជា​តំណាង​ឲ្យ​ប្រទេស​ទីបី។ សេចក្តីថ្លែងការណ៍​រវាង​ជប៉ុន អូស្ត្រាលីនិង​សហរដ្ឋអាមេរិក​ចុះ​កាល​ពី​ថ្ងៃ​ទី៧ ខែ​កក្កដា បាន​ថ្កោលទោស​លើ​ទង្វើ​របស់​ប្រទេស​ចិន​នៅ​អាស៊ី​ បន្ទាប់​ពី​អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា​បាន​ធ្វើ​ការ​លើកឡើង​ស្រដៀង​គ្នា​នេះ។ ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយ​កាល​ពី​ពាក់កណ្តាលខែកក្កដាថា តំបន់​សមុទ្រ​នោះ​គួរ​តែ​ត្រូវ​រក្សា​ឲ្យ​នៅ​បើក​ចំហ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាមផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ជា​អន្តរជាតិ។

​លោក Nagy បាន​និយាយ​ថា៖ «ខ្ញុំ​ឃើញ​ថា មាន​ការ​ពង្រឹង​កម្លាំង​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន ហើយ​នេះ​រួមមាន​ការ​រុញច្រានទៅ​វិញ​ជា​លក្ខណៈ​ពហុភាគី​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ចិន»។

មន្ត្រីពី​បណ្តា​ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ បន្ទាប់​ពី​ការ​លើកឡើង​របស់​លោក Pompeo។

លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សជាតិ ​នៅ​ក្រុង​ហូជីមិញ​បាន​និយាយ​ថា វៀតណាម​ ដែល​ជា​ប្រទេស​ទាមទារ​មួយខ្លាំងក្លាជាង​គេ ប្រហែល​នឹង​ស្វាគមន៍​ផែនការ​របស់​លោក Pompeo។ វៀតណាម​ត្រូវការ​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ ហើយ​ប្រទេស​កុម្មុយនីស្ត​ដែល​ជា​ប្រទេស​ជិត​ខាង​នឹង​គ្នាទាំង​ពីរ​ នឹង​ព្យាយាមត្រូវរ៉ូវគ្នា​ ទោះបី​ជា​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង​រាប់​ទសវត្សរ៍​ក៏ដោយ។

លោក Nguyen បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ពួកគេ​សង្ឃឹម​ថា សហរដ្ឋអាមេរិក​នឹង​អាច​ប្រឈម​នឹង​ចិន​ដោយ​ឯកត្តោភាគី ឬ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​មួយ​ចំនួន​ទៀត​។ វៀតណាម​មិន​គួរ​ប្រឡូក​ខ្លាំង​នៅ​ក្នុង​ផែនការ​ណា​មួយ​នោះ​ទេ៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា