នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោកប្រធានាធិបតី Donald Trumpស្តីពីយុទ្ធសាស្រ្តដែលគេទន្ទឹងរង់ចាំជាយូរចំពោះប្រទេសអាហ្វហ្គានីស្ថាន កាលពីពាក់កណ្តាលខែសីហាកន្លងទៅ លោកបានកំណត់ឲ្យបន្តវត្តមានកងកម្លាំងអាមេរិក និងមិនបណ្តោយឲ្យប្រទេសមួយនេះក្លាយជាទីជ្រកកោនសម្រាប់ក្រុមភេរវជនដែលអាចនឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិស.រ.អា.។
លោកប្រធានាធិបតីសន្យាបញ្ចប់ការកសាងប្រទេសមួយនេះឡើងវិញ និងបង្វែរមកផ្តោតតែលើផលប្រយោជន៍សន្តិសុខជាតិស.រ.អា.វិញ ដោយនិយាយថា៖«ខ្ញុំយល់ពីអារម្មណ៍របស់ពលរដ្ឋអាមេរិកាំងដែលរកាំចិត្ត។ ខ្ញុំក៏មានអារម្មណ៍រកាំចិត្តដូចពួកគេ ទាក់ទងនឹងគោលនយោបាយការបរទេសដែលយើងបានចំណាយពេលវេលា ថាមពល ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ហើយជាពិសេសបំផុតនោះគឺជីវិតមនុស្សដែលត្រូវបានលះបង់ក្នុងការកសាងប្រទេសនានាដូចអ្វីដែលយើងចង់បាន»។
លោក Trump ព្រមានប្រឆាំងនឹងការដកកងកម្លាំងប្រញាប់ប្រញាល់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈពេលដែលមានការកើនឡើងនៃការបះបោររបស់ក្រុម Taliban និងការគំរាមកំហែងពីរដ្ឋឥស្លាម។
លោកបានថ្លែងថា ស.រ.អា.នឹងបន្តមានវត្តមាននៅប្រទេសអាហ្វហ្គានីស្ថានទាល់តែឈ្នះសង្គ្រាមនៅក្នុងប្រទេសនេះ។
លោក Trump បានថ្លែងថា ការប្តេជ្ញាចិត្តរបស់ស.រ.អា.ចំពោះប្រទេសអាហ្វហ្គានីស្ថានមិនមែន «មិនមានដែលកំណត់» និងការគាំទ្រក៏មិនមែន"ចេះតែមាន"នោះដែរទេ ផ្ទុយទៅវិញស.រ.អា.ជំរុញឲ្យមានកំណែទម្រង់ចាំបាច់ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងប្រទេសនេះ។
ប្រតិកម្មក្នុងតំបន់
ប្រតិកម្មលើយុទ្ធសាស្ត្រអាស៊ីខាងត្បូងថ្មីរបស់លោក Trump មានលក្ខណៈចម្រុះ។
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានស្វាគមន៍ចំពោះយុទ្ធសាស្ត្រថ្មីនេះ ហើយប្តេជ្ញាថា រដ្ឋាភិបាលរបស់លោកនឹងធ្វើជាដៃគូជឿទុកចិត្តបាន។
លោក Ghaniបាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះថា៖«ខ្ញុំសូមថ្លែងនូវការដឹងគុណចំពោះលោកប្រធានាធិបតី Trump និងប្រពលរដ្ឋអាមេរិកាំងចំពោះការអះអាងគាំទ្រកិច្ចប្រឹងប្រែងរបស់យើងខ្ញុំក្នុងការសម្រេចបានការពឹងផ្អែកលើខ្លួនឯងដោយមិនចំណុះគេនិងតស៊ូរួមគ្នារំដោះតំបន់នេះចេញពីការគំរាមកំហែងពីភេរវកម្ម»។
លោក Ahsan Iqbal រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសប៉ាគីស្ថាន បានច្រានចោលលើការចោទប្រកាន់ដែលថាប្រទេសលោកបានផ្តល់ជម្រកដល់ក្រុមភេរវជន។
លោក Iqbal បានថ្លែងប្រាប់វីអូអេថា៖«គ្មានការអត់ឱនឬការផ្តល់ជម្រកសុវត្ថិភាពណាមួយដល់ភេរវជនក្នុងប្រទេសប៉ាគីស្ថាននោះទេ។ ប្រទេសប៉ាគីស្ថានបានចំណាយថវិកាយ៉ាងច្រើនលើសលុបបំផុតក្នុងការ[ប្រយុទ្ធប្រឆាំង]នឹងអំពើភេរវកម្ម។ ដូច្នេះ យើងកំពុងតែប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម មិនមែនត្រឹមតែក្នុងផលប្រយោជន៍ជាតិប៉ណ្ណោះទេ គឺថែមទាំងសម្រាប់អនាគតយើងនិងដើម្បីផលប្រយោជន៍ប្រទេសយើងផងដែរ»។
ប្រទេសឥណ្ឌា ដែលជាគូប្រជែងប្រទេសប៉ាគីស្ថាន ក៏បានស្វាគមន៍ចំពោះយុទ្ធសាស្រ្តថ្មីនេះផងដែរ។
ក្រសួងការបរទេសរបស់ឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ថា៖«ប្រទេសឥណ្ឌាសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់លោក Trump ក្នុងការបង្កើនការខិតខំប្រឹងប្រែងជំនះបញ្ហាប្រឈមនានាដែលប្រទេសអាហ្វហ្គានីស្ថានជួបប្រទះហើយនិងការប្តេជ្ញាក្នុងការប្រឈមនឹងបញ្ហាពាក់ព័ន្ធនឹងការផ្តល់ទីជម្រកសុវត្ថិភាពនិងរាល់ទម្រង់នៃការគាំទ្រឆ្លងព្រំដែនដល់ក្រុមភេរវជន»។
ប្រទេសចិនបានលើកសរសើរការខិតខំប្រឹងប្រែងរបស់ប្រទេសប៉ាគីស្ថានក្នុងប្រតិបត្តិការសង្គ្រាមកំពុងតែបន្តលើភេរវកម្មក្នុងតំបន់។
ក្នុងសន្និសីទសារព័ត៌មាន លោក Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា៖«យើងជឿជាក់ថា សហគមន៍អន្តរជាតិគួរទទួលស្គាល់ទាំងស្រុងលើកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្មរបស់ប្រទេសប៉ាគីស្ថាន”។
បញ្ហាប្រឈមនៃយុទ្ធសាស្រ្តថ្មី
លោក Zalmay Khalilzad អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានថ្លែងថា លោកគិតថា ការដាក់សម្ពាធលើប្រទេសប៉ាគីស្ថានគឺជាដំណោះស្រាយដ៏ត្រឹមត្រូវ។
លោក Zalmay Khalilzad បានថ្លែងថា៖«ត្រូវប្រឈមនឹងបញ្ហាដែលបង្កឡើងដោយរដ្ឋាភិបាលប៉ាគីស្ថានផ្ទាល់។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់បំផុត។ រដ្ឋាភិបាលប្រទេសប៉ាគីស្ថានបាននិងកំពុងជួយដោយផ្ទាល់ដល់បណ្តាញក្រុម Taliban និង Haqqani ដើម្បីបង្កឲ្យមានការរំខាននៅស.រ.អា.និងធ្វើឲ្យស.រ.អា.បោះបង់ចោលប្រទេសអាហ្វហ្គានីស្ថាននិងនាំប្រទេសអាហ្វហ្គានីស្ថានវិលត្រឡប់ទៅរកស្ថានភាពមុនថ្ងៃទី១១ខែកញ្ញា»។
លោកស្រី Rebecca Zimmerman អ្នកវិភាគគោលនយោបាយនៃស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ RAND Corporation បានប្រាប់វីអូអេថា៖«ថ្លែងដោយការគោរពចំពោះប្រទេសឥណ្ឌា លោកប្រធានាធិបតីបានរួមបញ្ចូលបញ្ហានេះទៅក្នុងគោលដៅយុទ្ធសាស្រ្តដ៏ធំមួយនៃការបញ្ចុះបញ្ចូលរដ្ឋាភិបាលប៉ាគីស្ថានឲ្យបោះបង់ចោលការគាំទ្ររបស់ខ្លួនលើក្រុមភេរវជន»។
លោកស្រីបានព្រមានថា៖«ការតស៊ូមតិឲ្យមានទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធបន្ថែមរវាងប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថាន ទំនងនឹងធ្វើប្រទេសប៉ាគីស្ថានកាន់តែគាំទ្រក្រុមភេរវករទាំងអស់នោះ ខណៈពេលដែលប្រទេសនេះគិតថាខ្លួនកាន់តែឯកោនិងរងការគំរាមកំហែងកាន់តែខ្លាំងបន្ថែមទៀត»។
លោកស្រី Zimmerman បានបន្ថែមថា ការស្តារទំនាក់ទំនងរវាងស.រ.អា. និងឥណ្ឌា ហើយនិងទំនាក់ទំនងរវាង ឥណ្ឌា-អាហ្វហ្គានីស្ថានឡើងវិញ ជាហេតុនាំឲ្យចំណងទំនាក់ទំនងរវាងប្រទេសចិន និងប៉ាគីស្ថានមានការកើនឡើង ហើយគួរតែជៀសវៀងធ្វើឲ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធគ្នា។
លោក Hasan Askari Rizvi អ្នកវិភាគសន្តិសុខក្នុងប្រទេសប៉ាគីស្ថាន ជឿជាក់ថា ស.រ.អា. មិនអាចទុកប្រទេសប៉ាគីស្ថានចោលកណ្តាលផ្លូវនោះទេ។
លោក Rizvi បាននិយាយថា៖«សហរដ្ឋអាមេរិក និងប៉ាគីស្ថាន មិនអាចបោះបង់គ្នាចោលនោះទេ។ រឿងនេះមិនអាចកើតឡើងចំពោះប្រទេសទាំងពីរឡើយ។ បើទោះជាប្រទេសទាំងពីរមានគំនុំជាមួយនឹងគ្នាក៏ដោយ។ រដ្ឋាភិបាលអាមេរិក ចោទប្រកាន់រដ្ឋាភិបាលប៉ាគីស្ថានពីបទផ្តល់ទីជ្រកកោនដល់ក្រុមភេរវជន ហើយរដ្ឋាភិបាលប៉ាគីស្ថានចោទប្រកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថានលើការអនុញ្ញាតឲ្យក្រុមភេរវជនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រព្រឹត្តសកម្មភាពភេរវកម្មក្នុងប្រទេសប៉ាគីស្ថាន និងបានរិះគន់ស.រ.អា.ដែលមិនអើពើ ឬមិនចាត់វិធានការអ្វីដើម្បីដោះស្រាយបញ្ហានេះ។
យុទ្ធសាស្រ្តថា្នក់តំបន់មិនទាន់គ្រប់ជ្រុងជ្រោយ
អ្នកជំនាញការមួយចំនួននិយាយថា យុទ្ធសាស្រ្តថ្មីនេះមើលរំលងប្រទេសដែលជាតួអង្គសំខាន់ៗ តួយ៉ាងប្រទេសអ៊ឺរ៉ង់ រុស្ស៊ី និងចិន។ ប្រទេសអ៊ឺរ៉ង់ និង រុស្ស៊ី គឺមានទំនាក់ទំនងយ៉ាងសកម្មក្នុងការគាំទ្រក្រុម Taliban ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Thomas Johnson ដែលជាអ្នកជំនាញសន្តិសុខជាតិ និងប្រទេសអាហ្វហ្គានីស្ថាន នៃសាលាក្រោយឧត្តមសិក្សា Naval Postgraduate School បានប្រាប់វីអូអេថា៖«សេចក្តីថ្លែងការណ៍នេះ ក៏ខកខានមិនបានបង្ហាញរាល់ភាគីពាក់ព័ន្ធដែលលូកដៃចូលកាន់តែគឃ្លើនឡើងៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដូចជាប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់»។
លោក Johnson បានបន្ថែមថា៖«ប្រទេសអាហ្វហ្គានីស្ថានអាចនឹងក្លាយជាទីតាំងសម្រាប់ប្រទេសនានាធ្វើសង្គ្រាមជាមួយនឹងគ្នា ប្រសិនបើមិនមានការគ្រប់គ្រងបានត្រឹមត្រូវនោះទេ»។
លោក James Dobbins អតីតអ្នកតំណាងពិសេសរបស់ស.រ.អា.ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ដែលបានបម្រើការក្នុងអាណត្តិលោកអតីតប្រធានាធិបតី Barack Obama និងលោកប្រធានាធិបតី George W. Bush ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានគាំទ្រលោកប្រធានាធិបតី Trump លើការបង្កើតបរិយាកាស «សមហេតុសមផល» សម្រាប់កិច្ចចចារសន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោកបានប្រាប់ វីអូអេថា៖«លោកប្រធានាធិបតី Trump បានបញ្ជាក់ថា នៅពេលខ្លះ កិច្ចចចារសន្តិភាពអាចនឹងក្លាយជាជម្រើសដ៏សមហេតុសមផល ហើយលោកមិនជំទាស់នឹងករណីនេះ។ ប៉ុន្តែបើតាមខ្ញុំគិត លោកប្រធានាធិបតី ក៏ទទួលស្គាល់ដែរថាក្រុមTaliban នឹងមិនបង្កើតឲ្យមានសន្តិភាពនោះទេ ដរាបណាពួកគេនៅតែគិតចង់ឈ្នះ»។
លោក Waheed Muzhda អ្នកជំនាញក្រុម Taliban ក្នុងទីក្រុង Kabul ជឿជាក់ថា យុទ្ធសាស្រ្តថ្មីនេះនឹងបង្កឲ្យមានការកើនឡើងការប្រយុទ្ធគ្នា និងការបែកបាក់ក្រុម Taliban ជនជាតិអាហ្វហ្គានីស្ថាននៅពេលដែលមានការជជែករកសន្តិភាពកើតមានឡើង។
លោក Muzhda បាននិយាយថា៖«យុទ្ធសាស្រ្តថ្មីនេះ នឹងពង្រឹងជំហរបស់សមាជិកក្រុម Taliban ដែលជំទាស់នឹងដំណោះស្រាយនយោបាយ ចំណែកឯអ្នកគាំទ្រលើដំណោះស្រាយនយោបាយនឹងកាន់តែខ្សោយទៅៗវិញ”។
ប្តូរពីដំណោះស្រាយតាមពេលវេលាទៅជាផ្អែកលើស្ថានការណ៍
លោកឯកអគ្គរដ្ឋទូត Khalilzad បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតីក្នុងការប្តូរពីដំណោះស្រាយផ្អែកលើពេលវេលាកំណត់ ទៅជាដំណោះស្រាយផ្អែកលើស្ថានការណ៍វិញ។
លោក បាននិយាយថា៖«ការផ្អែកលើពេលវេលាក្នុងពេលកន្លងមក បានត្រឹមតែធ្វើឲ្យក្រុមភេរវជន និងក្រុមជ្រុលនិយម ហើយរដ្ឋាភិបាលប៉ាគីស្ថានរង់ចាំឲ្យយើងទៅផុតតែប៉ុណ្ណោះ»។
ចំពោះរឿងស្ថានការណ៍វិញ លោក Dobbins ជឿជាក់ថា ពេលនេះត្រូវរង់ចាំមើលថាតើលោកប្រធានាធិបតី Trump នឹងប្រកាន់យកតាមអ្វីដែលគាត់បាននិយាយដែរឬទេ៕
ប្រែសម្រួលដោយ កោះ សុគន្ធី